ដោយៈ ប.ខុន / ភ្នំពេញៈ គម្រោងអាទិភាពចំនួន ៤៣ ដែលកំពុងអនុវត្ត ដោយក្រសួងធន ធានទឹក និងឧតុនិយម មានចំនួន ២១ ជាគម្រោងស្តារឡើងវិញ និងពង្រីកប្រព័ន្ធធារា សាស្ត្រ នៅក្នុងខេត្តគោលដៅ ចំនួន១៤ និង ២២ គម្រោងទៀត ជាគម្រោងជួសជុល ប្រព័ន្ធធារាសាស្ត្រ ដែលរងការខូចខាត ដោយសារទឹកជំនន់ នៅក្នុងរដូវវស្សា ឆ្នាំ២០២២ កន្លងទៅ ដែលត្រូវធ្វើនៅក្នុងខេត្តគោលដៅ ចំនួន៩ ។ គម្រោងអាទិភាពទាំង ៤៣ នេះ ចំណាយដោយកញ្ចប់ថវិកាជាតិ។

លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីត្រឡប់មកពីពិនិត្យ ការងារជីកប្រឡាយរង ចុងសួង និងសាងសង់សំណង់សិល្បការ នៅឃុំភ្នំប្រាសាទ ឃុំបឹងសាលាខាងជើង និងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពតថាៈ ការងារដែលត្រូវ ធ្វើ នៅការដ្ឋាននេះរួមមានជីកប្រឡាយមួយខ្សែប្រវែង៦.៥០០ម៉ែត្រ សាងសង់សំណង់ សរុប ២២ កន្លែង។

ប្រធាននាយកដ្ឋានខាងលើ បាននិយាយឱ្យដឹងទៀតថាៈ សំណង់ទាំង ២២ កន្លែង រួមមាន សំណង់ទ្វារទឹក ១កន្លែង សំណង់ស្ទាក់ទឹក ៣ កន្លែង សំណង់លូចម្លង ២ កន្លែង សំណង់លូយកទឹក ២ កន្លែង សំណង់លូដោះទឹក ១៤ កន្លែង។ ប្រឡាយខាងលើនេះ មានប្រភពទឹកពីព្រែកស្ពានធំ និងទំនប់បឹងលំពូ។ ក្រោយពីជីក និងសាងសង់រួច ប្រឡាយនេះ អាចនាំទឹកមកស្រោចស្រព លើផ្ទៃដីរដូវវស្សា ចំនួន ៧៩៥ ហិកតា នៅរដូវប្រាំង ចំនួន ៣២០ ហិកតា និងដំណាំរួមផ្សំ ចំនួន ៦០ ហិកតា។

លោក ហៀង ម៉េង បាននិយាយឱ្យដឹងទៀតថាៈ ប្រឡាយខាងលើនេះ ស្ថិតនៅក្នុង គម្រោងអាទិភាព ចំនួន ២១ ដែលត្រូវធ្វើការស្តារ និងពង្រីកប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្ត គោលដៅចំនួន ១៤ នៅក្នុងឆ្នាំ២០២៣ ដោយក្រសួងធនធានទឹក និងឧតុនិយម ដែលពេលនេះ គ្រប់ការដ្ឋាន បាននិងកំពុងដំណើរការ ដោយគ្រោងធ្វើឱ្យបានរួចរាល់ នៅមុនពេលរដូវភ្លៀងធ្លាក់ ជោកជាំ មកដល់។

លោក ជា សុខនី នាយករងខុទ្ទកាល័យ របស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង កាលពីពេលថ្មីៗ កន្លងទៅនេះថាៈ ប្រព័ន្ធធារាសាស្ត្រ ស្ថិតក្នុងគម្រោងអាទិភាពធ្វើការជួសជុល ស្តារឡើងវិញ និងពង្រីកសក្តានុពលទឹក ដែលត្រូវអនុវត្ត នៅក្នុងឆ្នាំ២០២៣ នេះ មានចំនួន ៤៣ គម្រោង ដោយពេលនេះ គម្រោងទាំងនោះ បាននឹងកំពុង ចាប់ផ្តើមធ្វើ នៅតាមខេត្តគោលដៅ ដោយធ្វើយ៉ាងណា ឱ្យបានហើយរួចរាល់ មុនរដូវភ្លៀងធ្លាក់ជោកជាំមកដល់។

នាយករងខុទ្ទកាល័យក្រសួងខាងលើ បាននិយាយឱ្យដឹងទៀតថាៈ គម្រោងទាំង ៤៣ ដែលកំពុងអនុវត្តនេះ មានចំនួន ២១ ជាគម្រោងស្តារឡើងវិញ និងពង្រីកប្រព័ន្ធធារា សាស្ត្រ នៅក្នុងខេត្តគោលដៅ ចំនួន១៤។ ចំណែក ២២ គម្រោងទៀត ជាគម្រោងជួស ជុលប្រព័ន្ធធារាសាស្ត្រ ដែលរងការខូចខាត ដោយសារទឹកជំនន់ នៅក្នុងរដូវវស្សា ឆ្នាំ២០២២ កន្លងទៅ ដែលត្រូវធ្វើនៅក្នុងខេត្តចំនួន ៩ ។ គម្រោងអាទិភាពទាំង ៤៣ គម្រោង ដែលក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងអនុវត្តនេះ ចំណាយដោយ កញ្ចប់ថវិកាជាតិ៕/V/R