ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា៖ «ដើម្បីរក្សាបាននូវសុវត្ថិភាព ទិន្នន័យរបស់ក្រសួងស្ថាប័ន ចាំបាច់ត្រូវមានមជ្ឈមណ្ឌល ទិន្នន័យជាតិរួមមួយ ដើម្បីរក្សាទុកទិន្នន័យ របស់ក្រសួងស្ថាប័ន និងសម្រាប់មន្ត្រីម្នាក់ៗ ក៏ត្រូវសិក្សារៀនសូត្រ ពីការប្រើប្រាស់ប្រព័ន្ធឌីជីថល ការការពារសុវត្ថិភាព ទប់ស្កាត់ ការលួចទិន្នន័យផ្សេង ពីគណនីរបស់មន្ត្រីម្នាក់ៗ ឬរបស់ស្ថាប័ន។ ការការពារបាននូវ សុវត្ថិភាពទិន្នន័យ គឺចូលរួមការពារសន្តិសុខអុិនធឺណិត និងសន្តិសុខព័ត៌មាន ដែលមានសារៈសំខាន់ ចំពោះសន្តិសុខជាតិ»។
ការថ្លែងបញ្ជាក់ពីសំណាក់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថានបែបនេះ ធ្វើឡើង ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «ការការពារ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត Cyber Security» លើកទី៣ ជូនដល់មន្ត្រីរាជការក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ២៥ រាជធានី-ខេត្ត នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។
លោក រដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ថាៈ ក្នុងរយៈពេលប្រមាណ ៣០ ឆ្នាំចុងក្រោយ នេះ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ដែលសំដៅដល់បណ្ដាញទំនាក់ទំនងសង្គម មានដូចជា Facebook, TikTok, Twitter, Instagram, និងTelegram ជាដើម បានចូលមកជំនួសតួនាទីប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ ដែលមានដូចជា វិទ្យុ ទូរទស្សន៍ និងកាសែត ជាដើម ដែលធ្លាប់ដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវព័ត៌មាន និងការកំសាន្ត ដល់ប្រជាពលរដ្ឋ ទូទាំងពិភពលោក។ ប្រព័ន្ធផ្សព្វផ្សាយបែបទំនើប មានភាពឆាប់រហ័ស និងពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់ តែទន្ទឹមនេះ វាក៏មានហានីភ័យខ្ពស់ ចំពោះសន្តិសុខសុវត្ថិភាពព័ត៌មានផងដែរ ដែលទាមទានូវ ការស្វែងយល់ ពីវិធីនៃការប្រើប្រាស់ និងការការពារប្រព័ន្ធសុវត្ថិភាព។
លោក រដ្ឋលេខាធិការ បានលើកឡើងថាៈ និន្នាកានៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ គឺ ខ្លី ខ្លឹម និងលឿន។ ហេតុនេះហើយ ទើបបណ្ដាញផ្សព្វផ្សាយ សង្គម បែបទំនើប ដែលអាចផ្តល់ព័ត៌មានបានលឿន បានចូលខ្លួន យ៉ាងឆាប់រហ័ស មកជំនួសប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ។ យ៉ាងណាក្ដី នៅលើបណ្ដាញសង្គមបែបទំនើប ទាំងអស់នោះ ក៏បានផ្តល់នូវព័ត៌មាន មិនពិតជាច្រើនផងដែរ ដែលទាមទាឲ្យអ្នកប្រើប្រាស់ ត្រូវចេះថ្លឹងថ្លែង និងស្វែងយល់ ថាតើព័ត៌មានណាមួយពិត ឬមិនពិត ក្នុងនោះយើងត្រូវ គិតទៅលើ ២ ចំណុច ទី១គឺ ប្រភពព័ត៌មាន និងទី២ គឺ ភាពត្រឹមត្រូវសមហេតុផល ការពិតនៃព័ត៌មាននោះ។
ជាមួយគ្នានេះ លោកបានលើកឡើង ដោយបញ្ជាក់បន្ថែមថាៈ នៅក្នុងដំណើរនៃកាអនុវត្ត គោលនយោបាយរដ្ឋាភិបាល ឌីជីថល និងគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រជាពលរដ្ឋចាំបាច់ ត្រូវធ្វើអក្ខរកម្មឌីជីថល ការអភិវឌ្ឍខ្លួន ការសិក្សាស្វែងយល់ ដើម្បីប្រែក្លាយខ្លួន ឲ្យដើរទាន់សភាពការណ៍ នៃសង្គមឌីជីថលនេះ។
ទាក់ទិនក្នុងរឿងនេះ លោក រដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមទាំងអស់ ត្រូវស្វែងយល់ពីបច្ចុប្បន្នភាព ដំណើរឌីជីថលរបស់កម្ពុជាថា តើយើងស្ថិតនៅចំណុចណា បង្កើនការផលិត និងផ្សព្វផ្សាយព័ត៌មាន ឲ្យបានទូលំទូលាយ និងពង្រឹងសន្ដិសុខសុវត្ថិភាព បណ្ដាញសង្គម ប្រព័ន្ធ Internet និងការគ្រប់គ្រង ទិន្នន័យ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានវាគ្មិន ២ រូប អញ្ជើញមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមធ្វើបទបង្ហាញ ដែលវាគ្មិនទី១គឺ លោក ម៉ុក ខេមរ៉ា ប្រធាននាយដ្ឋានរដ្ឋាភិបាលអេឡិចត្រូនិក ធ្វើបទបង្ហាញលើប្រធានបទ ស្ដីពី «ដំណើរកម្ពុជា ទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថល» និងវាគ្មិនទី២គឺ លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចកវិទ្យាគមនាគមន៍ និងព័ត៌មាន ធ្វើបទបង្ហាញស្តីពី «សន្តិសុខការប្រើប្រាស់បណ្តាញសង្គម»៕/V/R