ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន់​ថូ​នី ប្លីង​កិន កាលពី​ថ្ងៃ​អង្គារ​បាន​ប្តេជ្ញា​ផ្តល់​ការគាំទ្រ​របស់​អាម៉េរិក​ចំពោះ​ឯករាជ្យភាព​របស់​កា​ហ្សាក់​ស្ថាន ចំ​ពេល​លោក​កំពុង​ធ្វើ​ទស្សនកិច្ច​ប្រទេស​នេះ​ដើម្បី​បង្កើន​ឥទ្ធិពល​អាម៉េរិក​នៅ​អាស៊ី​កណ្តាល ដែល​កំពុង​បារម្ភ​អំពី​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​នៅពេល​ជួប​សម​ភាគី​កា​ហ្សាក់​ស្ថាន លោក​ប្លីង​កិន បាន​និយាយថា​« ដូច​អ្នក​បាន​ដឹង​ហើយ អាម៉េរិក​គាំទ្រ​អធិបតេយ្យភាព បូរណភាព​ទឹកដី​និង​ឯករាជ្យភាព​របស់​កា​ហ្សាក់​ស្ថាន​យ៉ាងរឹងមាំ​…​។​អាម៉េរិក​ប្តេជ្ញាចិត្ត​ពង្រឹង​ទំនាក់ទំនង​អោយ​កាន់តែ​រឹងមាំ​ខ្លាំង​ឡើង​ជាមួយ​កា​ហ្សាក់​ស្ថានដែល​បានបង្កើត​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចាប់តាំងពី​ការដួលរលំ​សហភាពសូវៀត ទោះ​ជា​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​មាន​ឥទ្ធិពល​លើក្តី​»​។​

​ប្រមុខ​ការទូត​អាម៉េរិក​ក្រោយមក​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី កាស​ស៊ីម​-​ចូ​ម៉ាត តូ​កាយេ​វ​( Kassym-Jomart Tokayev)នៅទីក្រុងអាស្តាណា​(Astana)ហើយ​នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ក្បែរ​ខាងអ៊ុយ​បេគី​ស្ថាន​។​

​នៅ​ទីក្រុង អា​ស្តា​ណា​ លោក​ប្លីង​កិនក៏​នឹង​ជួប​រដ្ឋមន្ត្រីការបរទេ​សមក​ពី​អតីត​សាធារណរដ្ឋ​សូ​វៀត​ប្រាំ​ប្រទេស​នៅ​អាស៊ី​កណ្តាល ដែល​ក៏​រួមមាន គៀ​ហ្គី​ស្ថាន ,​តាជី​គី​ស្ថាន​និង​ទឺ​ក​មេននី​ស្ថាន​។​

​វា​ជា​ដំណើរទស្សនកិច្ច​របស់​មន្ត្រីជាន់ខ្ពស់​បំផុត​ក្នុង​រដ្ឋការ​លោកចូ បៃ​ដិន ​​នៅ​អាស៊ី​កណ្តាល​។​

​បណ្តា​ប្រទេស​នៅ​អាស៊ី​កណ្តាល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​សន្តិសុខ​ជាមួយ​រុស្ស៊ី​ជា​យូរ​មក​ហើយ តែ​មិន​ដូច​អតីត​សាធារណរដ្ឋ​សូ​វៀតបេឡា​រូស​ទេ ។​ពួកគេ​មិន​គាំទ្រ​សង្គ្រាម​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែនទេ​។​ពួកគេ​ខ្លះ​បាន​បោះ​អនុប្បវាទ​និង​ខ្លះ​មិន​បោះឆ្នោត​កាលពី​សប្តាហ៍​មុន​លើ​សេចក្តីសំរេចចិត្ត​មួយ​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ដែល​ទាមទារ​អោយ​រុស្ស៊ី​ដកចេញពី​អ៊ុ​យក្រែន​។​

​បន្ទាប់​ពី​ជំនួប​នៅ​អាស៊ី​កណ្តាល លោក​ប្លីង​កិន​នឹង​បន្តដំណើរ​ទៅ​ឥណ្ឌា​ដើម្បី​ចូលរួម​ជំនួប​រដ្ឋមន្ត្រីការបរទេស​របស់​ក្រុម​ប្រទេស​G20៕

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក ប្លីង​កិន ជួប​ប្រធានាធិបតី​កា​ហ្សាក់​ស្ថាន​នៅក្រុង​អាស្តា​ណា​