ដោយៈ វ៉ៃកូ / ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជា អធិបតី នៅក្នុងពិធីបើកវគ្គផ្សព្វផ្សាយស្ដីពី ការងារគ្រប់គ្រង ហត្ថពលកម្មបរទេស ការអនុវត្តច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីអន្តោ ប្រវេសន៍ ជូនសហគ្រាស គ្រឹះស្ថាននានា ក្នុងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៣ នេះ នៅតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសត ស្ថិតក្នុងស្រុកស្វាយទាប ។

លោក អ៊ូ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្ត បានមាន ប្រសាសន៍ឲ្យដឹងថា: ការបើកវគ្គផ្សព្វផ្សាយ នាពេលនេះ គឺមានគោលបំណង ដើម្បីពង្រឹង ការគ្រប់គ្រងជនបរទេស ដែលមកប្រកបរបរ និងបំរើការងារ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ពិសេសនៅខេត្តស្វាយរៀង ឲ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិត បទដ្ឋានគតិយុត្តិជាធរមាន សំដៅកាត់បន្ថយជាអតិមរិមា និងឈានទៅរកការលុបបំបាត់ នូវការប្រើប្រាស់ហត្ថពលកម្មបរទេស មិនស្របច្បាប់ នៅតាមគោលដៅ ឬទីតាំងអាជីវកម្ម នានា និងដើម្បីរួមចំណែកក្នុងការគាំទ្រដល់ផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំង គ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរកំលាំងពលកម្ម និងអាជិវកម្មផ្លូវភេទ បទល្មើស ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ការឆបោកតាមប្រពន្ធ័អនឡាញ បទល្មើសគ្រឿងញៀន បទល្មើសសំអាតប្រាក់ ឫបទល្មើសផ្សងៗទៀត សំដៅចូលរួមចំណែកថែរក្សា សន្តិសុខ សណ្តាប់សង្គម។

លោកបានបន្តទៀតថា: ចំពោះលទ្ធផលការងារ ដែលមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តស្វាយរៀង ធ្វើសកម្មភាពពាក់ព័ន្ធការងារជនបរទេស នាពេលកន្លងមក ដោយអនុវត្តតាមច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីគារងារ មន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានសហការជាមួយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងស្នងការដ្ឋាន នគរបាលខេត្ត ចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ជារៀងរាល់ឆ្នាំ។

តាមរយៈនៃការចុះធ្វើអធិការកិច្ចនេះ និយោជក ឬនាយករោងចក្រ សហគ្រាស គ្រឹះស្ថាន ភាគច្រើន បានយល់ដឹង និងចូលរួមអនុវត្តច្បាប់ បានល្អប្រសើរ។

នៅក្នុងឱកាសនោះ លោក ម៉ែន អេង បានមានប្រសាសន៍ថា: ក្នុងនាមរដ្ឋបាលខេត្ត លោកសូមគាំទ្រដល់ផែនការសកម្មភាព ក្នុងការចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស ដែលរៀបចំដោយគណៈកម្មការអន្តរក្រសួង និងសូមជំរុញលើកទឹកចិត្ត ដល់ក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សហការរួមគ្នាអនុវត្តផែនការសកម្មភាពនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសូមអំពាវនាវដល់ កម្មករ និយោជិតបរទេស និយោជក នៃរោងចក្រសហគ្រាស មូលដ្ឋានអាជីវកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់ការគាំទ្រ និងចូលរួមអនុវត្តឲ្យបាន ត្រឹមត្រូវ។

ជាមួយគ្នានេះ ក្នុងការចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស មន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្ត ត្រូវតាមដានដំណើរឲ្យ បានត្រឹមត្រូវ តាមប្រព័ន្ធគោលការណ៍ និងនីតិវិធីកំណត់ ប្រកបដោយតម្លាភាព គណនេយ្យភាព និងត្រូវធានារក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ និងមិនត្រូវធ្វើឲ្យប៉ះពាល់ ឬរំខានដល់ដំណើរការផលិតកម្ម អាជីវកម្ម ស្របច្បាប់របស់រោងចក្រ សហគ្រាស និងមូលដ្ឋានអាជីវកម្មនានានោះឡើយ។

សូមបញ្ជាក់ថា: ក្នុងឆ្នាំ២០២២ កន្លងទៅនេះ មន្ទីរបានសហការជាមួយ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍, ស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើអធិការកិច្ច ហត្ថពលកម្មបរទេស តាមបណ្តាសហគ្រាស គ្រឹះស្ថាននានា ក្នុងខេត្ត សម្រេចបានលទ្ធផល បានចុះធ្វើអធិការ កិច្ច តាមសហគ្រាសនានា ក្នុងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ លើសហគ្រាស/គ្រឹះស្ថាន សរុប ១៩២ កន្លែង ដែលមានកម្មករ និយោជិតខ្មែរ សរុប ៨៨.៩៦៧ នាក់ ស្រី ៥៣.៩៩៥ នាក់ និងមានជន បរទេស សរុប ចំនួន ២.៦៧០ នាក់ ស្រី ៦៤២ នាក់ មាន ១៧ សញ្ជាតិ មានដូចជា វៀតណាម ចិន កូរ៉េខាងត្បូង តៃវ៉ាន់ ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី សាំងហ្គាពួរ បង់ក្លាដេស ឥណ្ឌូណេស៊ី នេប៉ាល់ មីយ៉ាន់ម៉ា អាហ្វ្រិកខាងត្បូង អាល្លឺម៉ង់ ប៉ាគីស្ថាន រុស្សី ឡាវ ។

ក្នុងការចុះធ្វើអធិការកិច្ច មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង បាន សម្រេចផាកពិន័យ ចំពោះសហគ្រាស ដែលមិនព្រមអនុវត្តតាមច្បាប់ ស្តីពីការងារចំនួន ៣ សហគ្រាស ដោយប្រមូលបានថវិកាសរុបចំនួន ៣២.៧៦០.០០០ រៀល ។ ថវិកានេះ បានបង់ចូលជាថវិការដ្ឋ តាមនីតិវិធីរួចរាល់ហើយ។ មន្ទីរបានចូលរួមសហការជាមួយ ក្រុមចម្រុះចល័ត អធិការកិច្ចថ្នាក់ជាតិ បានចុះត្រួតពិនិត្យជនបរទេស ១លើក បាន ១ សហគ្រាស គ្រឹះស្ថាន ពិនិត្យឃើញមានប្រើប្រាស់ជនបរទេស ចំនួន ៣.៤១៥ នាក់ ដែលគ្មានសៀវភៅ និងបណ្ណ័ការងារ។ ជនបរទេសទាំងនេះ បានរងទទួលការផាកពិន័យ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងអ្នកគ្រប់គ្រង បានទទួលរងការផាកពិន័យ ពីច្បាប់ស្តីពី ការងារផងដែរ។

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង មានក្រុមអធិការកិច្ចការងារ ១ ក្រុមទៀត សម្រាប់ចុះធ្វើះអិការកិច្ចការងារ សំដៅពិនិត្យមើលការអនុវត្តលក្ខខណ្ឌការងារ ទូទៅ ដូចជាការធ្វើអធិការកិច្ចសាមញ្ញ អធិការកិច្ចតាមដានការដាក់កំហិត និងអធិការកិច្ច ពិសេស និងតែងតែជំរុញ ណែនាំ ដល់ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ឲ្យយកចិត្ត ទុកដាក់ ក្នុងការអនុវត្តច្បាប់ស្តីពីការងារ និងបទបញ្ញត្តិផ្សេងៗ ឲ្យបានត្រឹមត្រូវ ៕/V/R