ដោយៈ បាយ័ន / សៀមរាបៈ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅស្នាក់ការអាជ្ញាធរ ជាតិអប្សរា លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ឆ្វេ អឹងឆន អគ្គនាយក នៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ នៃសាធារណរដ្ឋកូរ៉េ (CHA) បានចុះកិច្ច ព្រមព្រៀង លើការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ រវាង ប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់ ដោយអាជ្ញាធរជាតិអប្សរា ។

លោក ឆ្វេ អឹងឆន (Choi Eung-chon) បានរំលឹកពីការចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នបេតិកភណ្ឌវប្បធម៌ កូរ៉េ ដែលចាប់ផ្តើមពីឆ្នាំ២០១០។

កិច្ចសហប្រតិបត្តិការដំបូង ភាគីកូរ៉េ បានជួយផ្នែកសម្ភារបរិក្ខារ លើការជួសជុល និងអភិរក្សប្រាសាទ។ ក្រោយមក នៅឆ្នាំ២០១៥ បានជួយលើគម្រោងសហប្រតិបត្តិការ​ជួសជុល ក្រុមប្រាសាទព្រះពិធូរ ដោយបញ្ចប់នៅឆ្នាំ២០១៨។ នៅឆ្នាំ២០១៩ គម្រោងកិច្ចសហប្រតិបត្តិការ ជួសជុលព្រះលានជល់ដំរី ដែលបន្តរហូតដល់បច្ចុប្បន្ន។

លោក ឆ្វេ អឹងឆន ស្ថាប័នកូរ៉េ ក៏បានព្រមព្រៀងបន្តជួយអភិរក្ស និងជួសជុលរួតបាកាណ ប្រាសាទអង្គរវត្ត ផងដែរ។ អគ្គនាយកនៃបេតិកភណ្ឌវប្បធម៌កូរ៉េ បានហៅកិច្ចសហប្រតិ បត្តិការ ទាំងនេះថា ជាផ្នែកមួយ បង្កើនភាពជិតស្និទ្ធ នៃទំនាក់ទំនង រវាងប្រទេសកម្ពុជា និងកូរ៉េ ហើយរំពឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តមានភាពខ្លាំងក្លា ជាដរាបទៀត។

លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានមតិស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់ ប្រតិភូ នៃស្ថាប័នបេតិកភណ្ឌវប្បធម៌កូរ៉េ ដែលដឹកនាំដោយលោក ឆ្វេ អឹងឆន ។ លោក បានរំលឹកពីគម្រោងនានា ដែលស្ថាប័នកូរ៉េ បាននិងកំពុងជួយលើកិច្ចការអភិរក្ស ក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះ ​លោកអគ្គនាយក ក៏បានអរគុណ ដល់ភាគីកូរ៉េ ដែលបានជួយបណ្ដុះបណ្ដាលមន្រ្តី​អាជ្ញាធរជាតិអប្សរា ក្នុងការពង្រឹងសមត្ថភាព សម្រាប់ការជួសជុល និងអភិរក្សប្រាសាទបុរាណ ។

លោក ហង់ ពៅ ក៏បានស្នើទៅភាគីកូរ៉េ ពិចារណាជួយលើការអភិរក្សផ្នែកសារមន្ទីរ ផងដែរ។ កូរ៉េមានជំនាញការពារ និងគ្រប់គ្រងសារមន្ទីរ ដែលលោក ហង់ ពៅ យល់ថា គួរត្រូវបានចែករំលែកជំនាញនេះ ដល់មន្រ្តីផ្នែកសារមន្ទីរ នៃអាជ្ញាធរជាតិអប្សរា លើការគ្រប់គ្រង និងថែរក្សា សមុច្ច័យនានា ក្នុងសារមន្ទីរឱ្យបានគង់វង្ស និងស្ថិតស្ថេរ ផងដែរ៕/V/R