ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សភាជាន់ទាបជប៉ុននៅថ្ងៃអង្គារនេះបានអនុម័តថវិកាសំរាប់ឆ្នាំសារពើពន្ធខាងមុខដែលរួមមានទឹកប្រាក់ដល់ទៅ៦,៨ទ្រីលានយេន(៥០ពាន់លានដុល្លារ)សំរាប់ចំណាយយោធា ដែលជាផ្នែកនៃកិច្ចខិតខំរបស់រដ្ឋាភិបាលទីក្រុងតូក្យូដើម្បីពង្រឹងកម្លាំងយោធារបស់ខ្លួន ចំពេលចិនកាន់តែកើនឥទ្ធិពលនៅក្នុងតំបន់ទាំងសេដ្ឋកិច្ចនិងយោធា។
ថវិកាយោធាឆ្នាំ២០២៣កើនលើសឆ្នាំមុនដល់ទៅ២០ភាគរយ។វារួមមានប្រាក់២១១,៣ពាន់លានយេន(១,៥៥ពាន់លានដុល្លារ)សំរាប់ការទិញកាំជ្រួចបណ្តែតចម្ងាយឆ្ងាយថរម៉ាហក(Tomahawk)ផលិតនៅអាម៉េរិកដែលអាចបាញ់ចេញពីនាវាចម្បាំងនិងអាចវាយប្រហារគោលដៅនៅចម្ងាយ១.៦០០គីឡូម៉ែត្រ។
ផែនការទិញកាំជ្រួចTomahawksបានបង្កការរិះគន់អំពីតំលៃដ៏ខ្ពស់របស់វា ដោយពួកសមាជិកសភាប្រឆាំងបានវាយប្រហាររិះគន់លោកនាយករដ្ឋមន្ត្រី ហ្វ៊ុយមីអុ គីស៊ីដា ចំពោះការអោយអាទិភាពលើការចំណាយសព្វាវុធ ជាជាងចំណាយលើបញ្ហាផ្សេងៗដូចជាការថយចុះចំនួនប្រជាពលរដ្ឋជប៉ុនជាដើម។
ជប៉ុនត្រូវចំណាយអោយអាម៉េរិក១១០ពាន់លានយេនទៀត(៨៣០លានដុល្លារ)នៅឆ្នាំសារពើពន្ធខាងមុខ សំរាប់គ្រឿងបរិក្ខារនិងសូហ្វវ៉ែរ ដែលត្រូវការសំរាប់បាញ់កាំជ្រួចTomahawks រួមទាំងថ្លៃផ្ទេរបច្ចេកវិទ្យានិងការហ្វឹកហាត់។
រូបឯកសារបង្ហាញនាវាពិឃាតអាម៉េរិកបាញ់កាំជ្រួចTomahawkនៅសមុទ្រម៉េឌីទែរ៉ាណេកាលពីឆ្នាំ២០១៧
គីស៊ីដា បានប្រាប់សភាកាលពីថ្ងៃចន្ទថា ជប៉ុននឹងទិញកាំជ្រួចTomahawkចំនួន៤០០ដើម។
យុទ្ធសាស្ត្រការពារជាតិថ្មីរបស់ជប៉ុនរួមមានការដាក់ពង្រាយ«សមត្ថភាពវាយបក»ចំពោះការវាយប្រហារបង្ការទុកជាមុនរបស់សត្រូវ ដែលជាការផ្លាស់ប្តូរដ៏ប្រទាំងប្រទើសមួយចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុនថានៅតែរក្សាសមត្ថភាពការពារខ្លួនបន្ទាប់ពីជប៉ុនចាញ់សង្គ្រាមលោកលើកទីពីរ។ចំណាយយោធាត្រូវកើនជិតពីរដងនៅប្រាំឆ្នាំទៅមុខ នៅពេលជប៉ុនស្ថាបនាយោធារបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការគំរាមដែលអាចកើតមានពីចិន កូរ៉េខាងជើងនិងរុស្ស៊ី។
គោលដៅចំណាយថ្មីនេះស្របតាមស្តង់ដាណាតូ ហើយនៅទីបំផុតវានឹងរុញថវិកាយោធាប្រចាំឆ្នាំរបស់ជប៉ុនអោយឡើងដល់១០ទ្រីលានយេន(៧៣ពាន់លានដុល្លារ) ដែលជាចំណាយយោធាខ្ពស់បំផុតទីបីក្នុងលោកបន្ទាប់ពីអាម៉េរិកនិងចិន៕
នាយករដ្ឋមន្ត្រីជប៉ុនលោកគីស៊ីដា និយាយទៅកាន់គណៈកម្មាធិការថវិកាសភានៅក្រុងតូក្យូកាលពីថ្ងៃអង្គារ។ក្រោយសភាអនុម័តថវិកាឆ្នាំសារពើពន្ធ២០២៣ លោកនាយករដ្ឋមន្ត្រីនិងសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកបានឳនគោរពជាការអរគុណ