ដោយៈ សុផល / ​ភ្នំពេញ​៖ រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជា​ថវិកា ចំនួន​៨៤៣.៩៤៦ ​ដុល្លារអាមេរិក ដល់អង្គភាពទទួលជំនួយចំនួន ៣ ក្រោមគ្រោងការណ៍ ជំនួយឥតសំណង​សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន សម្រាប់ការលើកកម្ពស់​ការយល់ដឹង​អំពីបញ្ហា​បរិស្ថាន ការលើកកម្ពស់ការសិក្សា​អប់រំ។

កិច្ចសន្យា​ផ្តល់ជំនួយនេះ ត្រូវបានចុះហត្ថលេខា ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ​នេះ ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយ​ទាំង​ ៣​។​

ថវិកា​ជំនួយ ១១០.០៣៥ ​ដុល្លារអាមេរិក​ផ្តល់ជូនអង្គការមិនរកប្រាក់ចំណេញ Nature Center Risen សម្រាប់គម្រោងការសម្រេចឱ្យបាន​នូវបរិស្ថាន​រស់នៅ​ប្រកបដោយចីរភាពរបស់ប្រជាពលរដ្ឋកម្ពុជា ​តាមរយៈ​ការលើកកម្ពស់ និងអប់រំ​ការយល់ដឹង​អំពីបញ្ហា​បរិស្ថាន (​ឆ្នាំទី​៣)​។ តាមរយៈ​គម្រោងនេះ ប្រជាពលរដ្ឋ​ប្រមាណ ៣២០​ នាក់ នឹងអាចដើរតួនាទីស្នូល​ក្នុងការលើកកម្ពស់ និងអប់រំការយល់ដឹង​របស់ប្រជាពលរដ្ឋ​ទៅលើ​បញ្ហា​បរិស្ថាន​។​

ចំណែកថវិកា​ចំនួន ២៦៣.៦៥៦ ដុល្លារអាមេរិក ផ្តល់ជូនអង្គការសន្ដិស្ម័គ្រចិត្ត (SVA)​ សម្រាប់គម្រោងលើកកម្ពស់​ការសិក្សា​បំប៉នបន្ថែម​សម្រាប់សាលាបឋមសិក្សា​ នៅ តំបន់ដាច់ស្រយាល​ក្នុងប្រទេសកម្ពុជា ។ ​ក្នុងគម្រោងនេះ អង្គការសន្តិស្ម័គ្រចិត្ត មាន​គោលបំណងបង្កើតបរិក្ខារសិក្សា ដែលអាចប្រើប្រាស់​សម្រាប់ការសិក្សា​បំប៉នបន្ថែម​និងស្វ័យសិក្សា នៅ​សាលាបឋមសិក្សា​ចំនួន​ពីរ ក្នុងខេត្តពោធិ៍សាត់​។ បរិក្ខារអប់រំនេះ រួមមាន​បន្ទប់ស្វ័យសិក្សា និងបណ្ណាល័យ ហើយសម្ភារៈ​សិក្សា​បែប​ឌីជីថល ក៏នឹង​ត្រូវបានបំពាក់​ផងដែរ​។ ជាមួយគ្នានេះ អង្គការ​នឹងអនុវត្តសកម្មភាពបណ្ដុះបណ្ដាល​ផ្សេងៗ​សម្រាប់គ្រូបង្រៀន គណៈកម្មការគ្រប់គ្រងសាលា និងមាតាបិតា ដើម្បីគាំទ្រ និង​លើកកម្ពស់ការសិក្សា​បំប៉នបន្ថែម​។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតា សរុបចំនួន ​៦៧៣ ​នាក់ នៅតាមតំបន់គោលដៅ ​នឹងទទួលបានអត្ថប្រយោជន៍​តាមរយៈ​គម្រោ​ងនេះ ​។​

រីឯថវិកា​ចំនួន ៤៧០.២៥៥ ដុល្លារអាមេរិក​ផ្តល់ជូនអង្គការក្រៅរដ្ឋាភិបាល បេះដូងមាស​សម្រាប់គម្រោងអភិវឌ្ឍគ្រឹះស្ថានឧត្តមសិក្សាអប់រំ​គ្រូបង្រៀន​អប់រំកាយ​ដែលមាន​គុណភាព​រយៈពេល​បួនឆ្នាំ​តាមរយៈ​ការប្រើប្រាស់បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ (​ឆ្នាំទី​១)​។ ​​នៅក្នុងគម្រោងនេះ អង្គការបេះដូងមាស នឹងសហការ​ជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (NIPES) ​ដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង​សំខាន់ៗ​ចំនួន​ ៧ គឺប្រតិបត្តិការបណ្ណាល័យ ការបង្កើតមជ្ឈមណ្ឌលអន្តរជាតិ ការធានា​គុណភាពផ្ទៃក្នុង ការអភិវឌ្ឍគ្រូបង្រៀន ការគ្រប់គ្រងសិស្ស ការគាំទ្រដល់អតីត​សិស្ស និងការគ្រប់គ្រងសន្តិសុខ ដោយប្រើប្រាស់បរិក្ខារ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​។​

តាមរយៈ​គម្រោងនេះ បុគ្គលិកប្រមាណ ៧០​នាក់ និងសិក្ខាកាម​គ្រូបង្រៀន​ចំនួន ១៨០ ​នាក់ នៅក្នុងវិទ្យាស្ថាន នឹងអាចទទួលបានបរិស្ថានសិក្សា ​ដែលប្រសើរជាងមុន​សម្រាប់​ការអប់រំកាយ​។ មិនតែប៉ុណ្ណោះ យើង​រំពឹងថា ​សិស្សានុសិស្ស​ជាង ​១.០០០.០០០នាក់ នៅក្នុងប្រទេសកម្ពុជា នឹងទទួលបានការអប់រំកាយ​ដែលមានប្រសិទ្ធភាព​ជាងមុន ។​

ជំនួយឥតសំណង​សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើម​នៅ​ប្រទេសកម្ពុជា ​តាំងពីឆ្នាំ​២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់​អង្គការក្រៅ រដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ​និងស្ថាបនា​ប្រទេស​កម្ពុជា​ឡើងវិញ​នៅតាមកម្រិតមូលដ្ឋាន​។​

ចាប់តាំងពីឆ្នាំ​២០០២​មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកា​ជាង ​៥០ ​លានដុល្លារអាមេរិក ដល់គម្រោង​ចំនួន ​១៤៩ ដែលផ្ដោតសំខាន់ទៅលើ​វិស័យអប់រំ​នៅ​កម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីន​នៅក្នុងប្រទេស​កម្ពុជា​ ៕ V / N