ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានពិនិត្យមើលការចុះផ្សាយ របស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដោយលើកឡើងពីខ្លឹមសារ មួយចំនួន ទាក់ទងសមត្ថកិច្ច គ.ជ.ប ក្នុងបំណងបំភាន់ទស្សនៈមហាជន និងបម្រើផលប្រយោជន៍ របស់បក្ខពួកខ្លួន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់ គ.ជ.ប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីបំភ្លឺ បានបន្តថា ក្នុងន័យចៀសវាងការភាន់ច្រឡំ និងបាត់ទំនុកចិត្តមកលើការបោះ ឆ្នោត គ.ជ.ប មានកាតព្វកិច្ចបំភ្លឺ ជូនដូចខាងក្រោម៖
១. រាល់សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចរបស់សមាសភាព គ.ជ.ប ទាំងមូល ហើយប្រធាន គ.ជ.ប គ្រាន់តែជាអ្នកដឹកនាំរាល់ការប្រជុំ តាមបទបញ្ជាផ្ទៃក្នុង របស់ គ.ជ.ប។
២. ការអត្ថាធិប្បាយថា “ក្រុមអ្នកសង្កេតការណ៍ឯករាជ្យទាំងជាតិ និងអន្តរជាតិវាយតម្លៃថា ការបោះឆ្នោត នេះ(ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២) មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ” ។ តាមការពិត ក្រោយការបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេត ការណ៍បោះឆ្នោតជាតិភាគច្រើន បានចេញសេចក្តីថ្លែងការណ៍កោតសរសើរ និងគាំទ្រ ការបោះឆ្នោត។ បន្ថែមលើនេះ អង្គការសង្កេតការណ៍អន្តរជាតិ ភាគច្រើន ក៏បានចេញ សេចក្តីថ្លែងការណ៍ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការ នៃការរៀបចំការបោះឆ្នោត និងពិសេសបរិយាកាសល្អប្រសើរ នៃការបោះឆ្នោត ដោយលើកឡើងជាអាទិ៍ថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅកម្ពុជា ប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ដោយស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដារអន្តរជាតិ ” និង “ ការបោះឆ្នោត នៅកម្ពុជា បានដំណើរការតាមគន្លងលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ប្រកបដោយជោគជ័យគួរឱ្យកត់សម្គាល់”។
៣. ការលើកឡើងថា ”ថ្នាក់ដឹកនាំ គ.ជ.ប ៧រូប ចេញមកពីគណបក្សប្រជាជនកម្ពុជា ” គឺមិនត្រឹមត្រូវទេ។ សមាសភាព គ.ជ.ប ទាំង៩រូប បច្ចុប្បន្ន គឺឆ្លើយតបទាំងស្រុងទៅនឹង មាត្រា ១៥១ថ្មី(ពីរ)នៃរដ្ឋធម្មនុញ្ញ និងតាមជំពូកទី២ ផ្នែកទី១ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ។
៤. ករណី គ.ជ.ប ដាក់ពាក្យបណ្តឹងប្រឆាំងនឹងលោក សុន ឆ័យ។ ការផ្តល់បទសម្ភាសន៍ របស់លោក សុន ឆ័យ ជាមួយលោក តាំង សារ៉ាដា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ គឺជាអំពើបរិហារកេរ្តិ៍ជាសាធារណៈ ស្របតាមមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះទង្វើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសស្ថាប័ន គ.ជ.ប ដែលត្រូវបំពេញភារកិច្ច ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោល ការណ៍នៃ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អនុលោមតាមមាត្រា ១៥០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ មាត្រា ៣ នៃច្បាប់ស្តីពីការៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។ ការសម្រេចនាពេលកន្លងមក របស់តុលាការទាំង ៣ថ្នាក់ ពិតជាបានផ្តល់នូវភាពស្អាតស្អំ កិត្តិយស និងសេចក្តីថ្លៃថ្នូរ មក គ.ជ.ប ដែលជាស្ថាប័ន កំពូល ចែងក្នុងរដ្ឋធម្មនុញ្ញ។
៥. ការផ្ញើលិខិតមួយច្បាប់របស់លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ទៅកាន់នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មិនមានអ្វីពាក់ព័ន្ធនឹងឯករាជ្យភាពរបស់ គ.ជ.ប ទេ ប៉ុន្តែជា ការចូលរួមរបស់លោក ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានស្នាដៃ និងកិត្តិយស យ៉ាងធំធេងទទួលបានពានរង្វាន់ “សមិទ្ធផលពេញ មួយជីវិត របស់ថ្នាក់ដឹកនាំឆ្នើមពិភពលោក” ប្រគល់ដោយវិទ្យាស្ថានយុទ្ធសាស្រ្ត សម្រាប់ អាស៊ីប៉ាស៊ីហ្វិក (KSI) ដែលជាសច្ចភាពប្រវត្តិសាស្រ្ត និងដែលគ្មាននរណា អាចប្រកែកបាន។ ម្យ៉ាងទៀត មិនមានច្បាប់ណា បិទសិទ្ធិស្ថាប័ន ឯករាជ្យ មិនឱ្យចូលរួម អបអរសាទរ និងជូនពរដល់ឥស្សរជនខ្មែរនោះទេ។
គ.ជ.ប បានបញ្ជាក់ថាៈ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ គ.ជ.ប ត្រូវអនុវត្ត សមត្ថកិច្ចរបស់ខ្លួន ដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ត ទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ នៃលទិ្ធប្រជាធិបតេយ្យ សេរីពហុបក្ស។ ជាការពិត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅបាន គ.ជ.ប មិនអាចធ្វើ កិច្ចការងារនេះ តែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួម ពីបណ្តាភាគីពាក់ព័ន្ធ គណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត សមាគម និង អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ប្រទេសផ្តល់ជំនួយ អ្នកត្រួតពិនិត្យ ការបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងមន្ត្រី បុគ្គលិកបោះឆ្នោត គ្រប់លំដាប់ថ្នាក់ និងជាពិសេសម្ចាស់ឆ្នោត។
ជាមួយគ្នានេះ គ.ជ.ប បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមគោរព និងអនុវត្ត ឱ្យបានត្រឹមត្រូវ តាមច្បាប់បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត និងគោរពតាមរាល់ ឯកសារគតិយុត្តជាធរមាន ដើម្បីឱ្យការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាស ស្ងប់ស្ងាត់ ប្រកបដោយសន្តិភាព សុវត្ថិភាព របៀបរៀបរយ និងគ្មានអំពើហិង្សា៕ V / N