ដោយ: សុខុម / ស្ទឹងត្រែង: នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ កងកម្លាំងសមត្ថកិច្ច អាជ្ញាធរ បានចុះ​អនុវត្តសាលដីកា​រដ្ឋប្បវេណីស្ថាពរ​របស់តុលាការកំពូល​ដឹកនាំដោយ លោក​ជា សុភ័ក្រ ព្រះរាជអាជ្ញា​រង នៃអយ្យការអមសាលាដំបូង​ខេត្តស្ទឹងត្រែង នៅភូមិរាជានុកូល សង្កាត់​-ក្រុង​-ខេត្តស្ទឹងត្រែង លើអាគារមួយកន្លែង ជាអតីតហាង “កូលាបស្ទឹងត្រែង” ដើម្បីប្រគល់ជូនយោភូមិភាគទី១។

យោងតាមលិខិតអយ្យការ អមសាលាដំបូង ខេត្តស្ទឹងត្រែង បានជូនដំណឹងស្ដីពីការអនុវត្ត ដោយបង្ខំ របស់សាលក្រមស្ថាពរ នៃតុលាការកំពូល បានសម្រេចអនុវត្តប្រគល់ដី និងអគារ (អតីតអគារវប្បធម៌ ហៅ កូឡាបស្ទឹងត្រែង ឱ្យទៅម្ចាស់បំណុល នៃការអនុវត្ត ឈ្មោះ លី សុរ៉ារិទ្ធ (តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក យោធភូមិភាគទី១) ដែលកន្លងមក អគារខាងលើនេះ គ្រប់គ្រងដោយលោក ចេង ស្រ៊ាង ម្ចាស់អតីតភោជនីយ ដ្ឋាន កុលាបស្ទឹងត្រែង។

លោក ចេង ស្រ៊ាង ធ្លាប់បានលើកឡើងថា ការអនុវត្តរបស់តុលាការ មិនអាចទទួល យកបានទេ ពីព្រោះការដឹកនាំរបស់អ្នកជំនាន់មុន បានជំពាក់បំណុល ជាមួយលោក យ៉ាងច្រើន ពុំមានដំណោះស្រាយ។ សាលដីកាស្ថាពរ ដោយបង្ខំបែបនេះ ធ្វើឲ្យលោក មិនអាចតតាំងរឿងក្តីបានទេ៕ V / N