ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានជំរុញឱ្យមានការចូលរួម ថែរក្សាបរិស្ថាន និងអនាម័យពីគ្រប់ មជ្ឈដ្ឋាន ដើម្បីឈានទៅដណ្តើម ផ្ការំដួលបីទង ។ លោកថ្លែងបែបនេះ ក្នុងទិវាជាតិ ទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ ” ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អ ម្ចាស់ផ្ទះកម្ពុជា ផ្តល់ភាពកក់ក្តៅ ” ដែលរៀបចំឡើង នៅសួនច្បារ សម្តេចព្រះសង្ឃរាជ ជួន ណាត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក អភិបាលខេត្ត បានបញ្ជាក់យ៉ាងដូច្នេះថាៈ «បរិស្ថានជាបញ្ហារួមរបស់យើង ទាំងអស់គ្នា ដែលទាមទារយ៉ាងចាំបាច់បំផុត នូវការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងភាគី ពាក់ព័ន្ធ ក្នុងការថែរក្សាអនាម័យ បរិស្ថានជុំវិញខ្លួនយើង ឱ្យបានល្អស្អាត បង្កើតបរិយា កាសល្អ និងមានផាសុកភាព សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយខេត្តមានបរិស្ថានស្អាត និងមានភាពបៃតង គឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋ និងយុវជនម្នាក់ៗ ក្នុងការចូលរួម ប្រកបដោយការទទួលខុសត្រូវ ដោយស្មារតីស្រឡាញ់បរិស្ថាន ដែលធ្វើឱ្យខេត្តកំពង់ស្ពឺ អាចរក្សាតំណែងរំដួលពីរទង»។

លោក វ៉ី សំណាង បានថ្លែងបន្តទៀតថាៈ សម្រាប់ឆ្នាំនេះ ក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ បានទទួលផ្ការំដួលពីរទង ដែលវាយតំលៃដោយគណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាត ក្រសួងទេសចរណ៍ ដែលការទទួលនេះ គឺជាការរក្សាខ្សែក្រវាត់នៃឆ្នាំ កន្លងមក។

លោកអភិបានខេត្ត បានអះអាងទៀតថាៈ ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹង ភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែង របស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជា ពង្រឹងគុណភាពផលិតភាព និងសេវាកម្មទេសចរណ៍ នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រ ទេសចរណ៍អាស៊ាន ឆ្នាំ២០១៦ ២០២៥ សំដៅធ្វើឱ្យ អាស៊ានក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញ ផ្តល់ភាពកក់ក្តៅ ដល់ភ្ញៀវទេសចរ។

ការប្រកួតប្រជែងនេះដែរ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋាន រស់នៅរបស់ប្រជាពលរដ្ឋ តាមបណ្តាទីក្រុង នៅក្នុងតំបន់អាស៊ាន ឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាង មានប្រសិទ្ធភាព ដល់ការអភិវឌ្ឍទីក្រុង ប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។ ទីក្រុងស្អាត មានអនាម័យល្អ មិនត្រឹមតែធ្វើឱ្យបរិស្ថាន រស់នៅរបស់យើងគ្រប់គ្នា មានផាសុកភាព ប៉ុណ្ណោះទេ វាថែមទាំងលើកស្ទួយកិត្តិយសប្រទេសជាតិ និងជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើន តាមរយៈកំណើនភ្ញៀវទេសចរផងដែរ ហើយ ដើម្បីទទួលបានជោគជ័យ ក្នុងវិស័សទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីយើង ទាំងអស់គ្នា ក្នុងការធ្វើឱ្យទីក្រុងស្អាត សេវាមានគុណភាពល្អ និងសុវត្ថិភាព៕ V / N