ដោយៈតារារិទ្ធ/ភ្នំពេញៈនៅល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងជំនួបជាមួយ ប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានបានប្រាប់គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ថាទំនាក់ទំនងកម្ពុជាអាមេរិកគ្មានពេលណា ដែលទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ ។
សម្តេចតេជោតេជោ ហ៊ុន សែន បានថ្លែងថា៖«គ្មានពេលណាដែលទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះគឺទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើន,ប្រជាជននៅសហរដ្ឋអាមេរិកប្រើប្រាស់សម្ភារៈដែលផលិតនៅកម្ពុជាហើយប្រជាជនកម្ពុជាមានការ ងារធ្វើ ហើយនេះគឺជាអ្វីដែលយើងត្រូវជំរុញបន្ថែមទៀត ។»
លោក អ៊ាង សុផល្លែតជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែនបន្ទាប់ពីជំនួបរវាងសម្តេចតេជោជាមួយគណៈប្រតិភូនៃក្រុម ប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ានដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់ (Amb. Michael Michalak)អនុប្រធានជាន់ខ្ពស់និងជានាយកគ្រប់គ្រងប្រចាំតំបន់ និងសមាជិកដែលរួមមានក្រុមហ៊ុន Conoco Phillips,ក្រុមហ៊ុន Ford,ក្រុមហ៊ុន RMA Group ,ក្រុម ហ៊ុនPfizer,ក្រុមហ៊ុន Visa និងក្រុមហ៊ុន Vriens & Partnersដែលត្រូវបានអនុញ្ញាតិឲ្យចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនាល្ងាចថ្ងៃទី ២៨ ខែកុម្ភៈ ២០២៣នៅវិមានសន្តិភាពរាជធានីភ្នំពេញ ។
លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ឲ្យដឹងថា លោក ម៉ៃឃើល មីឆាឡាក់ បានជំរាបជូនសម្ដេចតេជោអំពីគោលបំណងរបស់គណៈប្រតិភូមកកាន់តែ រាជាណាចក្រកម្ពុជានៅពេលនេះគឺដើម្បីសម្ដែងនូវការគាំទ្រចំពោះការស្ដារផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ ដោយស្វែង រកមធ្យោបាយកែលំអលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុកនិងវិស័យឧស្សាហកម្មដែលរងគ្រោះ ,លើកកម្ពស់វិស័យឯកជនសហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការ យល់ដឹងដែលអនុវត្តល្អបំផុតនិងបច្ចេកវិទ្យាដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការរៀបចំនិងអនុវត្តន៍កំណែទម្រង់សេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ហើយបណ្ដុះបណ្ដាលតម្លៃបន្ថែមរបស់សេវាកម្មនិងឧស្សាហកម្មកាន់តែខ្ពស់និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្សនិងការបណ្តុះបណ្តាលសហគ្រាសធុនតូចនិងមធ្យមនិងកម្មវិធីភាពជាដឹកអ្នកដឹកនាំយុវជន ។
ជាការឆ្លើយតបសម្ដេចតេជោបានស្វាគមន៍និងថ្លែងអំណរគុណជូនដល់ធុរកិច្ចសហរដ្ឋអាមេរិកទាំងអស់រួមទាំងក្រុមហ៊ុនទាំង៦ដែលសុទ្ធសឹងតែជាក្រុមហ៊ុនតំណាងឲ្យគុណ ភាព ។ សម្ដេចតេជោបានជម្រាបជូនប្រតិភូទាំងនមូលថាគ្មានពេលណាទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិកល្អជាងពេលនេះទេ ។ អ្វីដែលជាសក្ខីភាពនោះគឺទំហំពាណិជ្ជ កម្មរវាងប្រទេសទាំងពីរមានការរីកចម្រើន,ប្រជាជននៅសហរដ្ឋអាមេរិកប្រើប្រាស់សម្ភារៈដែលផលិតនៅកម្ពុជាហើយប្រជាជនកម្ពុជាមានការងារធ្វើ ហើយនេះគឺជាអ្វីដែល យើងត្រូវជំរុញបន្ថែមទៀត ៕