ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បាននាំយកនូវសៀវភៅ សរុបចំនួន ៩០០ ច្បាប់ ប្រគល់ជូនលេខាធិការដ្ឋាន យុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល។

ក្នុងចំណោម សៀវភៅ សរុបចំនួន ៩០០ ច្បាប់នោះ មានសៀវភៅ៖ -កូនប្រុសច្បងដ៏ មានឥទ្ធិពល ចំនួន ៣០០ -អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនូន ១៥០ -ទឹកចិត្តអ្នក ជួយសង្គ្រោះ ចំនូន ១៥០ -សម្តេច ហ៊ុន សែន ៣យន្តការឈ្នះកូវីដ-១៩ ចំនួន ១៥០
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ១៥០ ។

ក្នុងឱកាសនោះ លោក ហួត ហាក់ ប្រធានលេខាធិការដ្ឋានយុវជនគណបក្សប្រជាជន កម្ពុជាថ្នាក់កណ្តាល បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបាន ផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

លោកបានបន្តថាៈ ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ហើយយើងខ្ញុំនឹងនាំយកសៀវភៅ ប្រកបដោយគុណតម្លៃនេះ ទៅចែកជូនដល់ក្រុមការងារជំនួយការ នៃលេខាធិការដ្ឋាន យុវជនគណបក្ស ដើម្បីជាមូលដ្ឋានឱ្យពួកគាត់ឈ្វេងយល់ ឲ្យកាន់តែច្បាស់ អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់ អំពីតួអង្គជា បេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេន នាពេលអនាគត ផងដែរ។

លោក ហួត ហាក់ ក៏បានយកឱកាសនោះ គោរពថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាល ជ្រៅជាទីបំផុតចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានផ្ដល់ឯកសារ និងបទសម្ភាសន៏ដល់ក្រុមការងារចងក្រងសៀវភៅ រហូតក្រុម ការងារ អាចចងក្រង បានជាសៀវភៅប្រវត្តិសាស្ត្រ ដ៏មានសារៈសំខាន់ទាំងនេះ ទុកសម្រាប់ជាកេរ្ដ៍មរតក ដល់កូនចៅខ្មែរ តគ្រប់ៗជំនាន់តរៀងទៅ។

ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន អនុប្រធានក្រុមការងារសៀវភៅ និងជាប្រធាន សមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើង អំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាព បរិស្ថាននៅកម្ពុជា ។

លោក បានបន្តថាៈ សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួន ក្នុងខេត្តចំនួន ៧ ដូចជា ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងខេត្តព្រះវិហារ ដោយបានចូលរួមដាំដើមឈើប្រណិត ផ្តល់សម្ភារសិក្សា របងសាលា ផ្លូវបេតុង រូបសំណាកព្រះបាទជ័យវរ្ម័ន។ លើសពីនេះ សមាគមចូលរួមជួយដល់ប្រជាជន ដែលរងគ្រោះដោយទឹកជំនន់ ចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយការ ផ្តល់ ជែលលាងដៃ អាល់កុល និងគ្រឿងឧបភោគបរិភោគ ដល់ប្រជាជនដែលខ្វះខាត និងជាប់ចត្តាឡីស័ក ជាពិសេសចូលរួមទិញវ៉ាក់សាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកប្រធានរូបនេះ បានបន្តថាៈ សមាគម មានបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួន ឲ្យបានទូទាំងប្រទេស នាពេលអនាគត ។

ព្រមជាមួយគ្នានេះ លោក ពៅ សុខ ប្រធានក្រុមការងារសៀវភៅ បានលើកឡើងថាៈ ការរៀបចំចងក្រងជាសៀវភៅ ខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជា ពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។

លោក បានបន្តថាៈ សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណ បំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ពេលវេលា កម្លាំង កាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធ នាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។

លោក បានបញ្ជាក់ថាៈ សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាល រាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។ លោកបាន បន្តថាៈ ខេត្តចំនួន ៩ ដែលបានទទួលសៀវភៅរួចរាល់ ហើយខេត្តចំនួន ៣ ទៀត គឺខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ នឹងទទួលបាននៅថ្ងៃទី២ និងខេត្តកោះកុង នឹងទទួលបាន នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ៕ V / N