ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ព្រះសង្ឃ គណៈកម្មការវត្ត ពុទ្ធបរិស័ទ និងមន្ត្រីអាជ្ញាធរ ទទួលស្គាល់កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ថា ដោយសារមាន ជំនឿ លើសាសនា និងលើអាជ្ញាធរ រាជរដ្ឋាភិបាល ទើបញោមញាតិ ពុទ្ធបរិស័ទ ជិតឆ្ងាយ ចេះតែមានសទ្ធាជ្រះថ្លា ជាបច្ច័យ សម្ភារៈ ក្នុងការកសាងគរុភ័ណ្ឌ និងសមិទ្ធផលក្នុងវត្ត។

ជាក់ស្ដែងនោះគឺ កុដិសាមគ្គីធម៌មួយខ្នង ដែលមានទទឹង ៩ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ កម្ពស់ ១ ជាន់ បានស្ថាបនារួចរាល់ជាស្ថាពរ ចំណាយអស់ថវិកា ចំនួន ៥៦.៤៥៨ ដុល្លារ និងសមិទ្ធផលផ្សេងៗ មួយចំនួនទៀត បានធ្វើពិធីបុណ្យសម្ពោធឆ្លងជាផ្លូវការ នៅវត្ត ប្រាសាទសរារាម “ដងត្រាង” ក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍សង្ខេប ព្រះគ្រូសិរីមង្គល ញាណវង្ស ហួត ពិសិដ្ឋ ព្រះគ្រូចៅអធិការវត្ត ដងត្រាង បានមានសង្ឃដីកាថាៈ វត្តដងត្រាង ត្រូវប្រជាពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធា ជ្រះថ្លាសាមគ្គីគ្នា កសាងវត្តដងត្រាងនេះឡើងវិញ ដូចជានាថ្ងៃនេះ បានដាក់សម្ពោធ កាត់ខ្សែបូរ កុដិសាមគ្គីធម៌នេះ សម្រាប់ព្រះសង្ឃ​គង់។ ប៉ុន្តែវត្តដងត្រាង នៅជំពាក់ សម្ភារៈ គ្រឿងសំណង់ ចំនួន ២ ម៉ឺនដុល្លារទៀត។

លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍សម្ដែង នូវក្ដីមោទនភាព ទទួលអំណរសាទរ ចំពោះលទ្ធផលជាផ្លែផ្កាដ៏សមស្រប ដែលព្រះមន្ត្រី សង្ឃ ព្រះសង្ឃ អាចារ្យ គណៈកម្មការ និងអាជ្ញាធរ បានរួបរួមសាមគ្គីគ្នា កសាងនូវ សមិទ្ធផលនៅតាមវត្តអារាមនានា សម្រាប់ជាប្រយោជន៍សាធារណៈ ។ ជាពិសេស នៅក្នុងវត្តប្រាសាទសរារាម បានរៀបចំពិធីសម្ពោធឆ្លងសមិទ្ធផលនានាជាផ្លូវការ ដែលសម្រេចបាន នាពេលនេះ មានកុដិថ្មី ដែលទើបសាងសង់ហើយនេះ និងសមិទ្ធផល នានា ទាំងអស់នេះ គឺជាការបញ្ជាក់ពីការចូលរួម និងការបរិច្ចាគលះបង់របស់ថ្នាក់ដឹកនាំ ព្រះតេជគុណ សប្បុរសជន និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ៕ V / N