ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយ បានធ្វើឡើងរវាងកម្ពុជា-កូរ៉េ ដើម្បីចាប់ផ្តើមសហប្រតិបត្តិការ លើរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ។

បញ្ជាក់ក្នុងពិធី ចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា រវាងបេឡាជាតិ សន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃកម្ពុជា និងអង្គភាព សោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ស្តីពី “កិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមក” នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម បានថ្លែងថាៈ ពិធីចុះហត្ថលេខានេះ គឺពិតជាមានសារៈសំខាន់ណាស់ ដែលបានរៀបចំ ឡើង ក្នុងគោលបំណង ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការគ្នា ទៅវិញទៅមក លើការអភិវឌ្ឍ គោលនយោបាយ ការពង្រឹង និងការពង្រីកដែនវិសាលភាពរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក និងអភិវឌ្ឍគ្រឹះ នៃការទំនាក់ទំនងដ៏រឹងមាំ នាពេលអនាគត រវាងបេឡាជាតិសន្តិសុខសង្គម នៃប្រទេសកម្ពុជា និងអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ។

លោក អុិត សំហេង បានមានប្រសាសន៍ថាៈ តាមរយៈការចែករំលែកនូវ បទពិសោធន៍ ចំណេះដឹង និងការងារពាក់ព័ន្ធផ្សេងៗ របស់អង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ ជាធាតុចូលបន្ថែម ដ៏មានសារៈសំខាន់បំផុត សម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ក្នុងវិស័យសាធារណៈ និងវិស័យឯកជន ជាពិសេសម្រាប់បុគ្គល ស្វ័យនិយោជន៍ ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់ ទទួលបានសន្តិសុខប្រាក់ចំណូល សមធម៌សង្គម សេចក្តីថ្លៃថ្នូរ និងវឌ្ឍនភាពសង្គម ស្របទៅតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញថា គ្មានទុកអ្នកណាម្នាក់ ឱ្យនៅក្រៅសំណាញ់ នៃការគ្របដណ្តប់ របស់ប្រព័ន្ធសន្តិសុខសង្គមឡើយ។

ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ត ទុកដាក់ទៅលើ បងប្អូនពលករទេសន្តរប្រវេសក៍ ដែលធ្វើការចាកចេញពីប្រទេស កំណើតរបស់ខ្លួន ដើម្បីបំពេញការងារ ហើយនៅពេលត្រឡប់ មកប្រទេសកំណើតវិញ មិនទទួលបានការការពារ ពីប្រព័ន្ធសន្តិសុខសង្គម ដែលនេះគឺជាបញ្ហាប្រឈមមួយ ទាំងក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ ។ ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តួចផ្តើមគំនិតរៀបចំនូវ “សេចក្តីថ្លែង ការណ៍ អាស៊ានស្តីពី ចល័តភាពរបបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ ក្នុងតំបន់អាស៊ាន” ហើយត្រូវបានអនុម័ត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។

ទាំងអស់នេះ ជាសមិទ្ធផលដ៏សំខាន់មួយទៀតរបស់កម្ពុជា ដែលបានបោះជំហានដ៏ធំ ឆ្ពោះទៅកាន់ការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករ ទេសន្តរប្រវេសក៍អាស៊ាន ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍ និងឯកច្ឆន្ទភាពអាស៊ាន ស្តីពីការការពារ និងការលើកកម្ពស់សិទ្ធិពលករទេសន្តរប្រវេសក៍ នៅក្នុងអាស៊ាន និងជាពិសេស លិខិតូបករណ៍ថា្នក់តំបន់មួយនេះ នឹងក្លាយជាក្របខណ្ឌសិក្សាសមិទ្ធិ លទ្ធភាព រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើការជំរុញឱ្យមានកិច្ច ព្រមព្រៀងទ្វេភាគី ស្តីពីការធ្វើចល័តភាព នៃអត្ថប្រយោជន៍របបសន្តិសុខសង្គម សម្រាប់ពលករទេសន្តរប្រវេសក៍ នៃប្រទេសទាំងពីរ ផងដែរ។

ដោយឡែក លោក Kim Chi-mook នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃអង្គភាពសោធនជាតិ នៃសាធារណរដ្ឋកូរ៉េ សង្ឃឹមថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាល ចំពោះស្ថាប័ននៃ ប្រទេសទាំងពីរ នឹងបង្កើតបណ្តាញជិតស្និទ្ធមួយ ដើម្បីបន្តការផ្លាស់ប្តូរព័ត៌មាន ធនធានមនុស្ស និងទំនាក់ទំនងសហប្រតិបត្តិការ ហើយលើសពីនេះទៀត ប្រព័ន្ធសោធននិវត្តន៍ របស់សាធារណរដ្ឋកូរ៉េ និងកម្ពុជា នឹងអភិវឌ្ឍន៍រួមគ្នា។

លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានឱ្យដឹងថាៈ កន្លងមក បេឡាជាតិសន្តិសុខសង្គម នៃព្រះរាជាណាចក្រកម្ពុជា មានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នសន្តិសុខសង្គម នៃសាធារណរដ្ឋកូរ៉េ រួមមាន កិច្ចសហការជាមួយ អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ អង្គភាពធានារ៉ាប់រងសុខភាពជាតិ ជាពិសេសកិច្ចសហការ ជាមួយអង្គភាពសោធនជាតិ ពាក់ព័ន្ធទៅនឹងការអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន៕ V / N