ដោយ៖តារារិទ្ធ/ភ្នំពេញ៖មន្ត្រីរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបាននាំយកសត្វក្ងោកទាំង ២០ ក្បាលពីសួនសត្វភ្នំតាម៉ៅ ខេត្តតា កែវ ប្រគល់ជូនដល់ដៃម្ចាស់ដើមវិញហើយនៅល្ងាចថ្ងៃទី២៨ខែកុម្ភៈឆ្នាំ២០២៣នេះនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។បន្ទាប់ពីសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានចេញបទបញ្ជាបន្ទាន់មួយឲ្យអ្នកទទួលខុសត្រូវដែលបានចាប់យកសត្វក្ងោករបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញជាបន្ទាន់នៅថ្ងៃនេះ ។ នេះបើយោងតាមប្រភពរបស់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២៨ កុម្ភៈ ២០២៣ ។
បណ្តាញព័ត៌មានFresh Newsឱ្យដឹងថាលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើបានប្រាប់ថាក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោ ហ៊ុន សែន ក្នុងរយៈពេល៥៖២១នាទីសត្វក្ងោកត្រូវបានដឹកពីសួនសត្វភ្នំតាម៉ៅ ខេត្តតាកែវ មកដល់ផ្ទះម្ចាស់ក្ងោកវិញហើយនៅខេត្តកំពង់ឆ្នាំងនាវេលាម៉ោង៥៖៣៣នាទីថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៣នេះដោយមានថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើសួនសត្វភ្នំតាម៉ៅ អាជ្ញា ធរអមដំណើរទៅជាមួយនិងបានប្រគល់ក្ងោក ចំនួន២០ក្បាលជូនម្ចាស់ក្ងោកនៅភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ជាមួយគ្នានេះម្ចាស់ក្ងោកនិងក្រុមគ្រួសារមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុ ជាដែលបានជួយ ដល់ពួកគាត់ ។
គួររំលឹកជូនថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ខែកុម្ភៈនេះបានចេញបទបញ្ជាឱ្យអ្នក ទទួលខុសត្រូវដែលបានចាប់យកសត្វក្ងោករបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយកទៅជូនដល់ផ្ទះវិញជាបន្ទាន់នៅថ្ងៃនេះ។
តាមរយៈសារសំឡេងសម្តេចតេជោថ្លែងថា«ខ្ញុំសូមចេញបទបញ្ជាបន្ទាន់សូមឲ្យអ្នកទទួលខុសត្រូវដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនេះយក ទៅជូនដល់ផ្ទះវិញតែម្ដង។ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេយើងគួរតែលើកទឹកចិត្តឲ្យប្រជាជនចិញ្ចឹមសត្វដែលជិតផុតពូជប្រសើរជាងទៅចាប់សត្វដែលប្រជាជនខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ប្រសិនបើខ្វះការថែទាំខ្វះការយកចិត្តទុកដាក់»។
សម្តេចបានលើកឡើងទៀតថាសម្តេចក៏ធ្លាប់បានចិញ្ចឹមសត្វក្ងោកផងដែរ ។ ប៉ុន្តែដោយសារបារម្ភពីសុវត្ថិភាពចៅៗ សម្តេចក៏សម្រេចចិត្តឱ្យទៅកូនសម្តេចចិញ្ចឹមវិញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាគ្មានហេតុផលណាមួយដែលត្រូវចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វហើយចាត់ទុកថាជាអំពើ ខុសច្បាប់នោះទេក្នុងករណីដែលច្បាប់មានចែង។ក្នុងន័យនេះសម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្នើដល់អ្នកច្បាប់ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់លុបចោលនូវកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលគួរតែលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមជំនួសការរារាំងនៃការចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឱ្យ មន្រ្តីនៅក្នុងក្រសួងកសិកម្មត្រូវដឹកជញ្ជូនសត្វនេះទៅដល់ផ្ទះអ្នកចិញ្ចឹមឱ្យបានឆាប់តាមដែលអាធ្វើទៅបានពោ លគឺធ្វើនៅថ្ងៃនេះ តែម្តងគឺគ្មានការរង់ចាំដែលនេះជាបទបញ្ជារបស់នាយករដ្ឋមន្រ្តីដែលមិនអាចមិនអនុវត្តបានឡើយ ។
គួរបញ្ជាក់ជូនទៀតថារដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបន្ទាប់ពីចាប់សត្វក្ងោករួចក៏បានចេញលិខិតកោះហៅលោកយឹមសំអឿន អ្នកចិញ្ចឹមសត្វក្ងោកដែលសមត្ថកិច្ចជំនាញបានចុះហាមឃាត់និងរឹបអូសកាលពីពេលថ្មីៗនេះឱ្យចូលខ្លួនមកឆ្លើយបំភ្លឺដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿង បទល្មើសសត្វព្រៃទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។
យោងលិខិត ចុះថ្ងៃទី ២៣ ខែកម្ភៈ ឆ្នាំ ២០២៣ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកប្រធានរដ្ឋបាលព្រៃឈើ បានសរសេរថាកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ សហការជាមួយអង្គការ Wildlife Alliance បានចុះហាមឃាត់និងដកហូត សត្វក្ងោក ៦ ក្បាលពីលំនៅឋានរបស់ក្រុមគ្រួសារលោក យឹម សំអឿនដែលមានទីតាំងស្ថិតនៅក្នុងភូមិសន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ក្នុងលិខិតលោក អូម៉ាលីស្ស បានតម្រូវឱ្យលោក យឹម សំអឿន ចូលខ្លួនមកឆ្លើយបំភ្លឺបន្ថែម នៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៣ ខែមីនា ដើម្បីបន្តនីតិវិធីបញ្ចប់សំណុំរឿងបទល្មើសសត្វព្រៃទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។
យោងតាមប្រកាសលេខ ០២០ ប្រក.កសក ចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០០៧ ស្តីពីចំណាត់ថ្នាក់ និងបញ្ជីឈ្មោះប្រភេទសត្វព្រៃនិងក្នុងឧបសម្ព័ន្ធទី២ នៃអនុសញ្ញាស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ ប្រភេទរុក្ខជាតិ និងសត្វព្រៃជិតផុតពូជ (CITES) សត្វក្ងោក (Green Peafowl) ឈ្មោះវិទ្យាសាស្ត្រ (Pavo muticus) ជាប្រភេទសត្វស្លាប ស្ថិតនៅក្រុមប្រភេទសត្វព្រៃមានដោយកម្រ ៕