ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី៣១ មីនា ខាងមុខនេះ ភូមកីឡា ដែលសម្រាប់បម្រើឲ្យការស្នាក់នៅ សម្រាប់កីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹក សម្រាប់ស៊ីហ្គេម លើកទី៣២ នឹងត្រូវបញ្ចប់ការសាងសង់ នាចុងខែមីនា ខាងមុខនេះ។

ថ្ងៃទី២៨ កុម្ភៈ ម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានចុះទៅពិនិត្យមើលសកម្មភាពសាងសង់ ព្រមទាំងកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះដំណើរការសាងសង់ភូមិកីឡា ក្នុងដំណាក់កាលទី២ ដែលមានវឌ្ឍនភាពល្អ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមីនា ដើម្បីត្រៀម រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

ភូមិកីឡានេះ នឹងត្រូវរៀបចំគ្រែ សរុបជាង ៥ ពាន់គ្រែ ដើម្បីទទួលស្វាគមន៍ប្រតិភូកីឡា ដែលត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ រៀងរាល់ថ្ងៃ ចន្លោះពី ២ ពាន់នាក់ ទៅជាង ៥ ពាន់នាក់ ពិសេសកំឡុងពេល ពិធីបើកការប្រកួតកីឡាស៊ីហ្គេម ដែលនឹងមានអ្នកស្នាក់នៅ ប្រមាណជាង ៥ ពាន់នាក់។ ប៉ុន្ដែដោយផ្អែកលើការអះអាជាថ្មី ពីតំណាងក្រុមហ៊ុន សាងសង់ភូមិកីឡា បានធ្វើឱ្យថ្នាក់ដឹកនាំ CAMSOC-CAMAPGOC ពិសេស សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ទាល់ មានការកោតសរសើរ និងមិនមានក្ដីបារម្ភដូចមុន ឡើយ។

នៅថ្ងៃទី៣១ ខែមីនា ភូមិកីឡា នឹងត្រូវរួចរាល់ទាំងអស់ និង ២ សប្ដាហ៍បន្ទាប់ ក្នុងខែ មេសា យើងត្រូវចូលបំពាក់គ្រឿងដំណេកទាំងអស់ ហើយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២៣ គឺយើងត្រូវត្រៀមលក្ខណៈ សម្ពោធដាក់ឱ្យប្រើប្រាស់ និងបើកដំណើរការភូមិ កីឡា ក្នុងការត្រៀមទទួលស្វាគមន៍ប្រតិភូ និងកីឡាករ កីឡាការិនី ដែលនឹងមកជាបណ្ដើរ ៗ ចាប់ពីថ្ងៃទី២៧ ខែមេសា តទៅ ដើម្បីចូលរួមការប្រកួតស៊ីហ្គេម នៅកម្ពុជាយើង៕/V/R