ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកថា សម្ដេចធ្លាប់បានមានប្រសាស ន៍ទៅកាន់មិត្តភក្តិបរទេស កុំឲ្យបង្កកំហុសទី៣ មកលើកម្ពុជា។
សម្តេចបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាចំនួន ពីរខ្នង និងប្រគល់ សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជិត ៥ ពាន់នាក់ នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាៈ ” ខ្ញុំធ្លាប់បានរំលឹកចំពោះមិត្តភក្តិ បរទេសខ្លះថា សូមកុំកសាងកំហុសទី៣ ចំពោះកម្ពុជាអី “។
សម្តេច បានបន្តថាៈ ” កំហុសទីមួយ ពួកអ្នកឯង តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ។ ប៉ុន្តែមិននឹកស្មានថា ពួកអ្នកឯង គាំទ្ររដ្ឋប្រហារឆ្នាំ ១៩៧០ គាំទ្រនូវរដ្ឋប្រហារយោធា មួយ ដែលនាំប្រទេសរបស់ខ្ញុំ ឈានទៅកាន់សង្គ្រាមមួយ ដែលបើកផ្លូវឲ្យរបបប៉ុលពត ចូលមក។ កំហុសទី២ អ្នកឯង បានគាំទ្រខ្មែរក្រហម នៅក្នុងអង្គការសហប្រជាជាតិ ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩១ ។ ដូចនេះ សូមអ្នកកុំបង្កកំហុសទី៣ ដល់កម្ពុជា ដល់ប្រទេស ខ្ញុំបន្តទៀត ដោយតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ ” ។
សម្តេច បានបន្តថាៈ ” កំហុសដែលពួកគេ បានធ្វើ គឺគេមិនដែលសុំទោសនោះទេ គេបានត្រឹមបង្ហាញការសោកស្ដាយ ” ៕/V/R