​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​បេឡា​រូ​ស លោក អា​ឡិច​សាន់​ឌឺ លូ​កា​សិន​កូ (Alexander Lukashenko) បាន​ទៅដល់​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​កុម្ភៈ ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ ដែល​លោក​នឹង​ជួប​ជាមួយ​សម​ភាគី​ចិន លោក ស៊ី ជីន​ភីង​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​លូ​កា​សិន​កូ ដែល​ជា​សម្ពន្ធមិត្ត​ដ៏​សំខាន់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ចេញផ្សាយ​ឯកសារ​គោល​​ជំហរ​ស្តី​ពី​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូក្នុង​ប្រទេ​សអ៊ុយ​ក្រែន ដោយ​ទទូច​ថា ខ្លួន​ជា​ភាគី​អព្យាក្រឹត​និង​អំពាវនាវ​ឱ្យ​មាន​ការសន្ទនា​បញ្ចប់​ជម្លោះ​។​

​រឿង​នេះ​ក៏​កើត​ឡើង​ផង​ដែរ​បន្ទាប់​ពី​មាន​ការចោទប្រកាន់​របស់​អាម៉េរិកនិង​ណាតូ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​កំពុង​ពិចារណា​បញ្ជូន​អាវុធ​ឱ្យ​ទៅ​រុស្ស៊ី ខណៈ​ជម្លោះ​ឈាន​ចូល​ដល់​ឆ្នាំ​ទី​ពីរ​របស់​ខ្លួន​។ ចិន​បាន​បដិសេធ​យ៉ាងខ្លាំង​ចំពោះ​ការអះអាង​ទាំងនោះ​។​

​ទីភ្នាក់ងារ​សារព័ត៌មាន Belta គ្រប់គ្រង​ដោយ​រដ្ឋ​បេឡា​រូស បាន​រាយការណ៍​ថា “​ប្រធានាធិបតី​អា​ឡិច​សាន់​ឌឺ លូ​កា​សិនកូ​បាន​ទៅ​ដល់​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​ប្រទេស​ចិន​”​។​

​នៅមុន​ដំណើរ​ទស្សនកិច្ច​នេះ រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​សាទរ​ចំពោះ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ “​គ្រប់​អាកាសធាតុ​និង​គ្រប់​ជ្រុងជ្រោយ​” របស់ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​មីន (Minsk) ។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ចិន​ស៊ីនហួ មេដឹកនាំ​បេឡា​រូស​បាន​និយាយថា លោក​ទន្ទឹង​រង់ចាំ​ជួប​ជាមួយ “​មិត្ត​ចាស់​” របស់​គាត់​គឺ​លោក​ស៊ី​។​

​ស៊ីនហួ​បាន​បន្ថែមថា លោក​ក៏​បាន​កោតសរសើរ​ផងដែរ​ចំពោះ​ឯកសារ​គោល​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​ជា “​សក្ខីកម្ម​ចំពោះ​គោលនយោបាយ​ការ​បរទេស​ដោយ​សន្តិវិធី​របស់ខ្លួន ក៏​ដូច​ជា​ជំហាន​ថ្មី​និង​ដើម ដែល​នឹង​មាន​ឥទ្ធិពល​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​ពិភពលោក​”​។​

​លោក​លូ​កា​សិនកូ​បាន​និយាយថា “​សព្វថ្ងៃ​នេះ​គ្មាន​បញ្ហា​ណាមួយ​ក្នុង​ពិភពលោក​អាច​ត្រូវបាន​ដោះស្រាយ​ដោយ​គ្មាន​ចិន​នោះ​ទេ​”៕

​លោក​លូ​កា​សិនកូ​កំពុង​បំពេញ​ទស្សនកិច្ច​៣​ថ្ងៃ​នៅ​ទីក្រុង​ប៉េកាំង ដែល​ក្នុង​អំឡុងពេល​នោះ​លោក​នឹង​ជួប​ជាមួយ​លោក​ស៊ី​