ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ឥណ្ឌាបានតាំងខ្លួនជាសំឡេងឈានមុខនៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដែលគេស្គាល់ថា សកលខាងត្បូង (Global South) ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ឥឡូវនេះក្នុងនាមជាប្រធាន G20 រដ្ឋាភិបាលក្រុងដេល្លីមិនអាចមានដំណាក់កាលធំជាងនេះដើម្បីចូលរួមចំណែកបាននោះទេ។
ប្រទេសអ្នកមានបំផុតទាំង ១៩ របស់ពិភពលោកបូករួមទាំងសហភាពអឺរ៉ុប មានចំណែក ៨៥ ភាគរយនៃទិន្នផលសេដ្ឋកិច្ចពិភពលោក និងពីរភាគបីនៃចំនួនប្រជាជនរបស់ពិភពលោក។ប៉ុន្តែខណៈដែលក្រុមរដ្ឋមន្ត្រីការបរទេសរបស់ខ្លួនជួបប្រជុំគ្នានៅទីក្រុងដេល្លី កិច្ចព្រមព្រៀងទូលំទូលាយណាមួយដែលឥណ្ឌាសង្ឃឹមផ្តល់ជូនបាននោះគឺត្រូវពឹងផ្អែកភាគច្រើនលើកត្តាសំខាន់មួយ គឺសង្គ្រាមនៅអ៊ុយក្រែន។
នៅពេលមេដឹកនាំក្រុមប្រទេស G20 បានប្រមូលផ្តុំគ្នានៅរដូវស្លឹកឈើជ្រុះចុងក្រោយនៅកោះបាលីក្រោមអធិបតីភាពរបស់ឥណ្ឌូនេស៊ី កាំជ្រួចរបស់រុស្ស៊ីបានវាយប្រហារគោលដៅហេដ្ឋារចនាសម្ពន្ធសំខាន់ៗរបស់អ៊ុយក្រែន ខណៈមេដឹកនាំពិភពលោកកំពុងអង្គុយទទួលទានអាហារពេលល្ងាច។ សេចក្តីថ្លែងការណ៍រួមបានបង្ហាញយ៉ាងច្បាស់ពីការខ្វែងគំនិតគ្នា ដោយឥណ្ឌា ចិន និងរុស្ស៊ីតាមសេចក្តីរាយការណ៍មិនយល់ស្របចំពោះការរិះគន់មិនច្បាស់លាស់ចំពោះការលុកលុយនេះទេ។
ចាប់តាំងពីពេលនោះមកមិនមានការផ្លាស់ប្តូរច្រើនទេ ៖ សង្គ្រាមនៅតែបន្តដោយគ្មានសញ្ញានៃការចរចាសន្តិភាព ពិភពលោកនៅតែបែកបាក់គ្នា និងសេដ្ឋកិច្ចធំៗជាច្រើននៅតែស្ថិតក្នុងភាពចលាចល។
ដោយមើលឃើញបែបនេះ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេ នៅពេលដែលក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ G20 បរាជ័យក្នុងការយល់ព្រមលើសេចក្តីថ្លែងការណ៍បិទបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងបាងហ្គាឡ័រ (Bangalore) កាលពីសប្តាហ៍មុន។ ទាំងរដ្ឋាភិបាលក្រុងមូស្គូនិងប៉េកាំងបានបដិសេធមិនទទួលយកផ្នែកនៃសេចក្តីថ្លែងការណ៍បិទ ដែលថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី”ក្នុងពាក្យពេចន៍ធ្ងន់ធ្ងរបំផុត”។
វាបានទុកឱ្យឥណ្ឌាចេញផ្សាយសេចក្ដីសង្ខេបរបស់ប្រធាន ដែលបានកត់សម្គាល់អំពី “ការវាយតម្លៃផ្សេងគ្នានៃស្ថានភាព” នៅក្នុងប្រទេសអ៊ុយក្រែនក្នុងក្រុម G20។កិច្ចពិភាក្សារបស់ក្រុមរដ្ឋមន្ត្រីការបរទេសនៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍នេះទំនងជាប្រឈមមុខនឹងឧបសគ្គស្រដៀងគ្នានេះ។
លោក ម៉ៃឃើល គូជែលមែន (Michael Kugelman)នាយករងនៅមជ្ឈមណ្ឌលវីនស្តុន (Wilson Center) បាននិយាយថា “ឥណ្ឌាកំពុងយកចិត្តទុកដាក់ខ្លាំងក្នុងនាមជាប្រធាន G20។ដូច្នេះឥណ្ឌានឹងប្រឹងគ្រប់មធ្យោបាយទាំងអស់ដើម្បីព្យាយាមធ្វើឱ្យកិច្ចប្រជុំនេះទទួលបានជោគជ័យ។ វានឹងមានការរីកចម្រើនជានិមិត្តរូបជាច្រើន។ ទាក់ទងនឹងខ្លឹមសារបញ្ហាអ៊ុយក្រែននឹងលេចឡើងនៅលើអ្វីៗផ្សេងទៀត”។
ឥណ្ឌាចង់ផ្តោតលើបញ្ហាដែលខ្លួនមើលឃើញថាជារឿងបន្ទាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ។ ឥណ្ឌាបានដាក់ការប្រែប្រួលអាកាសធាតុ ការកើនឡើងបន្ទុកបំណុលលើប្រទេសកំពុងអភិវឌ្ឍ ការផ្លាស់ប្តូរឌីជីថល ការកើនឡើងអតិផរណា និងសន្តិសុខស្បៀងអាហារនិងថាមពលទៅក្នុងរបៀបវារៈ។
សេដ្ឋកិច្ចជាច្រើននៅតែកំពុងជួបការលំបាកក្នុងការងើបឡើងវិញពីជំងឺរាតត្បាត ហើយតម្លៃបានកើនឡើងដោយសារសង្គ្រាមបានធ្វើឱ្យអ្វីៗកាន់តែអាក្រក់ទៅៗ។ ក្រុមអ្នកជំនាញនិយាយថា រដ្ឋាភិបាលក្រុងដេល្លីនឹងត្រូវការជំនាញការទូតយ៉ាងប៉ិនប្រសព្វដើម្បីធ្វើឱ្យក្រុម G20 មើលទៅហួសឆ្ងាយពីអ៊ុយក្រែន ប៉ុន្តែកិច្ចព្រមព្រៀងលើបញ្ហានានា ដែលគេយល់ឃើញថាជា “ផ្លែផ្កានៅកម្ពស់ទាបៗ” ត្រូវគេគិតថាអាចសម្រេចបាន។
ក្នុងន័យនេះ រដ្ឋាភិបាលក្រុងដេល្លីសង្ឃឹមថានឹងប្រើប្រាស់កិច្ចពិភាក្សាក្នុងសប្តាហ៍នេះ ដើម្បីសម្រេចគោលដៅឱ្យបានលឿន នៅមុនកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំក្នុងខែកញ្ញា៕
ឥណ្ឌាកំពុងធ្វើជាប្រធាន G20