​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មិន​ថា​វា​ជា​ពេល​ដែល​អ្នក​កំពុង​ធ្វើការ​ពី​ផ្ទះ​ឬ​ពិនិត្យ​មើល​អ៊ីមែល​របស់​អ្នក​នៅ​លើ​រថភ្លើង​នោះ​ទេ​វា​តែងតែ​មាន​ពេលខ្លះ​យើង​ចង់ឱ្យ​អេក្រង់​កុំព្យូទ័រ​យួរដៃ​របស់​យើង​​មាន​ផ្ទៃ​ធំ​ជាង​មុន​។​

​ប៉ុន្តែ​ថ្ងៃ​នៃ​ការ​អស់សង្ឃឹម​ជុំវិញ​ការខ្វះ​អេក្រង់​ទី​ពីរ​អាច​នឹង​ក្លាយជា​រឿង​អតីតកាល​ឆាប់ៗ​នេះ ដោយសារ​តែ​ការបង្កើត​ថ្មី​បំផុត​របស់​ក្រុមហ៊ុន Lenovo​។​

​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មួយ​នេះ​បានបង្ហាញ​កុំព្យូទ័រ​យួរដៃ​ដែលមាន​អេក្រង់​អាច​ពង្រីក​បាន​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទូរស័ព្ទ​ពិភពលោក (MWC) ឆ្នាំ​២០២៣​។​

​ជាមួយនឹង​ការ​ចុច​ប៊ូ​តុង​តែមួយ អេក្រង់ ១២,៧ អ៊ី​ញ​នឹង​ចំណាយ​ពេល​ត្រឹមតែ ១០ វិនាទី​ដើម្បី​ក្លាយ​ជា​អេក្រង់​ទំហំ ១៥,៣ អ៊ី​ញ​។​

​ខណៈ​ឧបករណ៍​អនាគត​នេះ​កំពុង​ដាក់​តាំង​បង្ហាញ​នៅ MWC ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា វា​គ្រាន់តែ​ជា​គំរូ​ដំបូង​បំផុត​ប៉ុណ្ណោះ ហើយ​ទំនងជា​មិនទាន់​ដាក់លក់​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​នោះឡើយ​។​

MWC ដែល​ជា​ពិព័រណ៍​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​ពិភពលោក​សម្រាប់​ឧស្សាហកម្ម​ទូរគមនាគមន៍ បាន​ត្រឡប់​មក​ទីក្រុង​បា​សេ​ឡូ​ណា​ក្នុង​សប្តាហ៍​នេះ ដើម្បី​បង្ហាញ​នូវ​បច្ចេកវិជ្ជា​ចុងក្រោយ​បំផុត​នៅក្នុង​ស្មា​ត​ហ្វូន​។

​អ្នកចូលរួម​រាប់ម៉ឺន​នាក់​បាន​មកដល់​ថ្ងៃ​ដំបូង​ដើម្បី​មើល​ថា​តើ​ម៉ាក​យីហោ​ធំៗ​មាន​អ្វី​មក​បង្ហាញ​សម្រាប់​ពេលអនាគត រាប់​ចាប់ពី​ប្រព័ន្ធ 6G រហូតដល់ Metaverse៕

​កុំព្យូទ័រ​យួរដៃ​គំរូ​របស់ Lenovo អាច​ពន្លូត​អេក្រង់​ពី ១២,៧ អ៊ី​ញ​ទៅ ១៥,៣ អ៊ី​ញ​ដោយ​ប្រើ​ពេល​ត្រឹម ១០ វិនាទី