ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ទន្ទឹមនឹងកុំព្យូទ័រយួរដៃ ក្រុមហ៊ុន Lenovo បានបង្អួតនូវស្មាតហ្វូន Moto អេក្រង់ OLED រមូលចូលគ្នាផងដែរ។ ដោយដាក់ឈ្មោះ Rizr stencilled នៅផ្នែកខាងក្រោយនៃអេក្រង់ពង្រីក (នេះប្រហែលមិនមែនជាឈ្មោះចុងក្រោយរបស់វាទេ) អេក្រង់នៅលើឧបករណ៍ Moto នេះរុំជុំវិញផ្នែកខាងក្រោមនៃទូរស័ព្ទ ហើយបែរមុខលយចេញទៅក្រៅ។
ដោយទុកចោលគ្មានអីការពារដូច្នេះ គេព្រួយបារម្ភអំពីស្នាមឆ្កូត ដោយសារអេក្រង់ដែលអាចបត់បែនបានអ៊ីចឹងមិនពូកែខាងភាពធន់នោះទេ ប៉ុន្តែវាជាការរចនាដ៏ឆ្លាតវៃពិតមែន។ ដើម្បីពន្លាអេក្រង់ គ្រាន់តែចុចប៊ូតុងពីរដងនៅលើគែមខាងស្តាំ។ ដើម្បីរមូលចូលក្នុងវិញគឺចុចប៊ូតុងដដែលពីរដង។
ទូរស័ព្ទនេះក៏មានល្បិចឡូយៗបន្ថែមមួយចំនួនផងដែរ គឺ បើកវីដេអូពេញអេក្រង់ និង អេក្រង់រមូលចូលដោយស្វ័យប្រវត្តិទៅត្រឹមទំហំទទឹងពេញរបស់វា ធ្វើការហៅទូរស័ព្ទហើយអេក្រង់រំកិលចុះក្រោមពីរបីមិល្លីម៉ែត្រដើម្បីបង្ហាញកាសស្តាប់ត្រចៀក និងកាមេរ៉ា Selfie ដែលលាក់នៅខាងក្រោយគែមខាងលើ។
ព័ត៌មានលម្អិតនិងលក្ខណៈពិសេសឥឡូវនេះគឺមិនទាន់ដឹងទេ ប៉ុន្តែក្រុមហ៊ុន Lenovo បាននិយាយថា អេក្រង់របស់ទូរស័ព្ទមានកម្រិត Aspect Ratio 15:9 នៅ ទំហំ ៥,៥ អ៊ីញគិតតាមអង្កត់ទ្រូងនៅពេលរមូលចូល ហើយពង្រីកដល់ 22:9 នៅទំហំ ៦,៦ អ៊ីញនៅពេលពន្លាចេញ។
ទូរស័ព្ទ “Rizr” ក៏មានកាមេរ៉ាមិនបញ្ជាក់កម្រិតចំនួនពីរនៅខាងក្រោយផងដែរ អាចប្រើកាយវិការបញ្ជា ដូចជាផ្ទាត់ដៃពីរដងដើម្បីបើកដំណើរការកាមេរ៉ា និងធ្វើកាយវិការលើកដៃកាប់បែបការ៉ាតេពីរដងដើម្បីបើកពិល និង មានថាមពលថ្ម ៣.០០០mAh ។
ដូចកុំព្យូទ័រយួរដៃដែរ គេមិនទាន់ដឹងថាតើ Lenovo ពិតជានឹងនាំយកផលិតផលទាំងនេះទៅទីផ្សារឬអត់ទេ ប៉ុន្តែទាល់តែឱកាសល្អខ្លាំងមកដល់ទើបផលិតផលទាំងនោះអាចនឹងដាក់លក់លើទីផ្សារ ដូចករណីកុំព្យូទ័រយួរដៃ ThinkPad X1 Fold៕