ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ថា កម្ពុជាត្រូវបានបន្តយាយីដោយការចោទប្រកាន់ក្នុងចេតនានយោបាយ គ្មានមូលដ្ឋាន និងខ្វះភាពសត្យានុម័ត លើបញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ បញ្ហាមូលដ្ឋានយោធាបរទេសនៅតំបន់ឆ្នេរ និងបញ្ហាផ្សេងៗទៀតដែលប៉ះពាល់ដល់អធិបតេយ្យ ឯករាជ្យ អព្យាក្រឹតភាព សន្តិភាព ស្ថិរភាព កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជាតិ។
លោកអ៊ុច បូររិទ្ធ បានបន្តថា តបតនឹងការចោទប្រកាន់ទាំងនេះ ថ្នាក់ដឹកនាំជាច្រើន ជាពិសេស សម្តេចតេជោនាយករដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី និងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបាន៖
– លើកជាប្រធានបទពិភាក្សា បកស្រាយពន្យល់ ក្នុងឱកាសជំនួបជាមួយមិត្តបរទេសជាច្រើនលើក
– ចេញសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍អ្នកនាំពាក្យ ប្រតិកម្មឆ្លើយតប ចំនួន ៥១ លើក
– ថ្លែងបទអន្តរាគមន៍សរុប ចំនួន ៧១ លើក ក្នុងវេទិកាក្រុមប្រឹក្សាសិទ្ធិមនុស្ស និងធ្វើចលនាស្វែងរកការគាំទ្រជាមួយមិត្តបរទេស ចំនួន ៦០ប្រទេស ក្នុងគោលបំណងបង្កើនសម្លេងវិជ្ជមានរបស់
កម្ពុជាលើឆាកអន្តរាជាតិ។
លោកបានបន្តថា ជាលទ្ធផល នៅក្នុង «កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា» កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅ ប្រទេសចំនួន ៣០ ក្នុងចំណោមប្រទេសចំនួន ៣៩ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន។ P / N