ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ ក្មេងស្រី​ជិត​៧០០​នាក់​ត្រូវបាន​បំពុល​ដោយ​ឧស្ម័ន​ពុល​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​ចាប់តាំងពី​ខែ​វិច្ឆិកា ដែល​ក្នុងនោះ​មនុស្ស​ជាច្រើន​ជឿ​ថា​ជា​ការប៉ុនប៉ង​ដោយ​ចេតនា​ដើម្បី​បង្ខំ​ឱ្យ​សាលារៀន​របស់​ពួក​គេ​បិទ​។​

​គ្មាន​ក្មេងស្រី​ណា​ម្នាក់​ស្លាប់​ទេ ប៉ុន្តែ​មនុស្ស​រាប់​សិប​នាក់​បាន​ជួប​បញ្ហា​ផ្លូវដង្ហើម ចង្អោ​រ វិលមុខ និង​អស់កម្លាំង​។​

​អនុរដ្ឋមន្ត្រី​សុខាភិបាល​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​វា​បាន​ក្លាយជា​ភស្តុតាង​ខ្លាំង​ឡើង​ថា មនុស្ស​មួយចំនួន​ចង់​ឱ្យ​សាលារៀន​ទាំងអស់ ជាពិសេស​សាលារៀន​របស់​ក្មេងស្រី​ត្រូវ​បិទ​”​។​

​ទោះយ៉ាងណា ក្រោយមក​លោក​បាន​លើកឡើង​ថា សម្តី​របស់​លោក​ត្រូវ​គេ​ស្តាប់​ច្រឡំ​។​

​អគ្គ​រដ្ឋអាជ្ញា​បាន​ប្រកាស​កាលពី​សប្តាហ៍​មុន​ថា​គាត់​កំពុងបើក​ការស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​។ ទោះយ៉ាងណា លោក​និយាយថា ព័ត៌មាន​ដែល​អាច​រកបាន បានបង្ហាញ​តែ​ពី “​លទ្ធភាព​នៃ​អំពើ​ឧក្រិដ្ឋ​និង​ទង្វើ​ដែល​បាន​គិត​ទុកជាមុន​”​។​

​ទន្ទឹមនឹងនេះ ការខកចិត្ត​ជា​សាធារណៈ​កំពុង​បន្ត​កើនឡើង​។​

​ការពុល​លើកទីមួយ​បាន​កើត​ឡើង​នៅ​ថ្ងៃទី ៣០ ខែវិច្ឆិកា នៅពេល​សិស្ស ១៨ នាក់​មក​ពី​សាលា​បច្ចេក​ទេ​សនួរ (Nour) នៅ​ទីក្រុង​ខូម (Qom) ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​ចាប់តាំងពី​ពេលនោះ​មក សាលា​កុមារី​ជាង​១០​កន្លែង​ត្រូវបាន​គេ​កំណត់​គោលដៅ​ក្នុង​ខេត្ត​ជុំវិញ​។​

​យ៉ាងហោច​ណាស់​ក្មេងស្រី ១៩៤ នាក់​ត្រូវបាន​រាយការណ៍​ថា​បាន​ពុល​ឧស្ម័ន​កាលពី​សប្តាហ៍​មុន​នៅឯ​សាលារៀន​ចំនួន​បួន​ក្នុង​ទីក្រុង​បូ​រូ​ចឺ​ដ (Borujerd) ក្នុង​ខេត្ត​ឡូ​រ៉េ​ស្តា​ន (Lorestan) ភាគ​ខាងលិច​។​

​ហើយ​កាលពី​ថ្ងៃ​អង្គារ សិស្ស ៣៧ នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បំពុល​នៅ​សាលា​ក្មេងស្រី​ខាយ​យ៉ាម (Khayyam) ក្នុង​ទីក្រុង​ផា​ឌី​ស (Pardis) ជិត​រដ្ឋធានី​តេ​ហេ​រ៉ង់​។​

​ក្មេងស្រី​ដែល​ពុល​បាន​រាយការណ៍​ថា​ធុំក្លិន​ក្រូចខ្វិច​ឬ​ត្រី​ស្អុយ​មុន​ពេល​ធ្លាក់ខ្លួន​ឈឺ​៕

​ឪពុក​ម្តាយ​ភ័យខ្លាច​ក្នុង​ការបញ្ជូន​កូនស្រី​របស់​ពួកគេ​ទៅ​សាលារៀន ហើយ​កំពុង​អំពាវនាវ​ឱ្យ​រៀន​តាម​អន​ឡា​ញ