ដោយ៖ដេប៉ូ/ភ្នំពេញ៖ត្រពាំងគឺជាប្រភពទឹក និងជាទីជម្រកដ៏សំខាន់បំផុតសម្រាប់សត្វត្រយងដែលជិតផុតពូជបំផុតទាំងពីរប្រភេទ (ត្រយងយក្ស និង ត្រយងចង្កំកស) និងសត្វព្រៃជាច្រើន ប្រភេទទៀត នៅក្នុងព្រៃរបោះ ជាពិសេសនៅក្នុងរដូវប្រាំង។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងនៅថ្ងៃទី ០១ខែមីនាថា៖ ត្រពាំងតាមតំបន់ធម្មជាតិមួយចំនួនកំពុងទទួលរងបាត់បង់តួនាទីក្នុងការគាំទ្រដល់សត្វព្រៃដោយសារគោករាក់ និង មានរុក្ខជាតិក្រាស់គ្របដណ្តប់ ។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថា៖គោលបំណងស្តារទីជម្រក អង្គការជីវិតធម្មជាតិនៅកម្ពុជាបានធ្វើការស្តារត្រពាំងចំនួន១០នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ដើម្បីរក្សាមុខងាររបស់ត្រពាំងសំរាប់សត្វត្រយងដែលជិតផុតពូជ។ យោងទៅលើពិធីសារស្តារ និង តាមដានត្រពាំងក្រុមការងារទីវាលយើងបានធ្វើការត្រួតពិនិត្យនិងតាមដានត្រពាំងជាទៀងទាត់ ។កាមេរ៉ាស្វ័យប្រវត្តិត្រូវបានប្រើប្រាស់ដើម្បីតាមដានពីវត្តមានរបស់សត្វព្រៃនៅតាមត្រពាំងដែលបានស្តារ។

អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបង្ហាញឱ្យដឹងដែរថា៖សម្រាប់លទ្ធផលបឋមនៃការអង្គេតតាមដាន បានបង្ហាញថាសត្វព្រៃដែលកំពុងរងគ្រោះ និង ជិតផុតពូជមួយចំនួនដូចជាសត្វត្រយងយក្ស សត្វត្រយងចង្កំកស ត្រដក់តូច កុកពាក់អំបោះជាដើមបានប្រើប្រាស់ត្រពាំងដែលបានស្តារ។ កត្តាប្រឈមមួយចំនួនត្រូវបានកត់ត្រាផងដែរដូចជា ការលួចកាមេរ៉ាស្វ័យប្រវត្តិ ការដាក់បបាញ់និងដាក់អន្ទាក់ជាដើម។ ជាមួយគ្នា អង្គការជីវិតធម្មជាតិនៅកម្ពុជានឹងវិភាគទិន្នន័យនិងរៀបចំរបាយការណ៍លទ្ធផលពីការស្តារត្រពាំងនេះក្នុងឆ្នាំ២០២៤ខាងមុខនេះ៕/R