​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​ស្ពុ​ត​និច​)៖ ចិន​បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​២៥​គ្រឿង​និង​នាវាចម្បាំង​បី​គ្រឿង​ទៅ​កៀក​កោះ​តៃវ៉ាន់​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​១​មីនា នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​របស់​ក្រសួង​យោធា​តៃវ៉ាន់ នៅពេល​ភាព​តានតឹង​បន្ត​កើន​ឡើង​រវាង​ចិន​ប៉េកាំង​និង​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ដែលជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដល់​តៃវ៉ាន់​។​

​ក្រសួង​បាន​និយាយថា ក្នុងចំណោម​យន្តហោះ​ជា​ម្ភៃ​គ្រឿង មាន​១៩​គ្រឿង​បាន​ហោះ​ឆ្លងកាត់​ចូល​តំបន់​កំណត់​អត្តសញ្ញាណ​យោធា​របស់​តៃវ៉ាន់ នៅពេល​នាវា​បន្តធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ច្រក​សមុទ្រ​។​តៃវ៉ាន់​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រ​រ​ដេញ នាវាចម្បាំង និង​បញ្ជា​ទៅ​កង​កាំជ្រួច​ការពារ​ដែនអាកាស​អោយ​ប្រុងប្រៀប​ខ្លួន​និង​តាមដាន​ដើម្បី​ត្រៀម​ឆ្លើយតប​។​

​តាមពិត​ចិន​បានធ្វើ​សកម្មភាព​យោធា​ដូច្នេះ​ជារឿយៗ ជា​ផ្នែក​នៃ​កល​យុទ្ធ​«​តំបន់​ប្រផេះ​»​ក្នុង​គោលបំណង​បំភិតបំភ័យ​និង​ធ្វើអោយ​ថយចុះ​គ្រឿង​បរិក្ខា​យោធា​តៃវ៉ាន់ តែ​វា​ក៏​ច្រើន​តែ​កើត​ឡើង​បន្ទាប់ពី​អាជ្ញាធរ​ក្រុង​តៃប៉ិ​សមគំនិត​ជាមួយ​កម្លាំង​បរទេស​ក្នុង​គោលបំណង​ពង្រឹង​ជំហរ​ទាមទារ​ឯករាជ្យភាព​ចេញពី​ចិនដីគោក​ដាច់ស្រឡះ​។​

​ចិន​ប៉េកាំង​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន​ដែល​ត្រូវតែ​បង្រួបបង្រួម​ជាមួយ​មហា​ចិនដីគោក​ឡើងវិញ និង​អាច​ប្រើ​កម្លាំងយោធា​ក្នុង​ករណី​ចាំបាច់​។​

​សូមបញ្ជាក់​ថា ទំនាក់ទំនង​រវាង​ចិន​និង​អាម៉េរិក​ក៏​ធ្លាក់​ដុនដាប មកពី​អំពើ​របស់​ចិន​ចំពោះ​តៃវ៉ាន់ ពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស​និង​សមុទ្រ​ចិន​ខាងត្បូង​។​

​ព័ត៌មាន​ស្តីពី​ចិន​បង្ហោះ​យន្តហោះ​និង​បញ្ជូន​នាវាចម្បាំង​ចូល​កៀក​កោះ​តៃវ៉ាន់​កើត​ឡើង​ក្រោយ​ពី​មេបញ្ជាការ​កងកម្លាំង​ជើងគោក​អាម៉េរិក​ប្រចាំ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ឧត្តមសេនីយ៍​ឆាលស៍ ហ្វ្លី​ន​(Charles Flynn)​បាន​ប្រាប់​កិច្ចប្រជុំ​មួយ​នៅ​វិទ្យាស្ថាន​សហគ្រាស​អាម៉េរិក​ថា ចិន​បាន​ដាក់ពង្រាយ​កងកម្លាំង​យុទ្ធសាស្ត្រ​និង​កង​រ៉ុក្កែត​នៅក្បែ​រកោះ​តៃវ៉ាន់ និង​ពួក​វា​«​ស្ថិត​ក្នុង​ទីតាំង​គ្រោះថ្នាក់​»​។​

​លោក​ហ្វ្លី​ន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​« កងកម្លាំង​រ៉ុក្កែត​របស់​កងទ័ព​រំដោះប្រជាជន​និង​កងកម្លាំង​គាំទ្រ​យុទ្ធសាស្ត្រ​ស្ថិតនៅ​ទីតាំង​គ្រោះថ្នាក់​មួយ​។​ការ​ដាក់​ពង្រាយ​កងកម្លាំង​ទាំង​ពីរ​បង្ហាញ​ឥរិយាបទ​មិន​ទទួលខុសត្រូវ​និង​គ្រោះថ្នាក់​»​។​

​បើ​តាម​លោក​ហ្វ្លី​ន ចិន​បាន​បង្កើត​កន្លែង​ចុះ​ឡើង​យន្តហោះ​ថ្មី​ចំនួន​១២​នៅ​តំបន់​យោធា​ខាងលិច​របស់ខ្លួន និង​បង្កើន​កម្លាំង​បណ្តើរៗ​នៅក្នុង​តំបន់​នោះ​។​

​ចំណែក​ឧត្តមសេនីយ៍ ម៉ៃ មី​នី​ហាន ( Mike Minihan)​បញ្ជា​កងកម្លាំង​អាកាស​ចល័ត​នៃ​កងទ័ពអាកាស​អាម៉េរិក បាន​និយាយថា​ចិន​កំពុង​ត្រៀម​ខ្លួន​វាយ​ចូល​តៃវ៉ាន់ ហើយ​វា​នឹង​អាច​ទាញ​អោយ​អាម៉េរិក​ចូល​ពាក់ព័ន្ធ​។​

​លោក​ថា «​ខ្ញុំ​ទាញ​ថា យើង​នឹង​មាន​សង្គ្រាម​នៅ​ឆ្នាំ​២០២៥ តែ​សង្ឃឹមថា​ខ្ញុំ​គិត​ខុស​ទៅ​ចុះ​។​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ធានា​បាន​ការ​កាន់​អំណាច​នៅ​អាណត្តិ​ទី​បី និង​បាន​បង្កើត​ក្រុម​ប្រឹក្សា​សង្គ្រាម​របស់លោក​កាលពី​ឆ្នាំ​២០២២​។​ការបោះឆ្នោត​តៃវ៉ាន់​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០២៤ ដែល​នឹង​ផ្តល់​ហេតុផល​មួយ​ដល់​លោក​ស៊ី​។​អាម៉េរិក​ក៏​បោះឆ្នោត​នៅ​ឆ្នាំ​២០២៤ ដែល​វា​បន្ថយ​ការចាប់អារម្មណ៍​ពី​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​។​ក្រុម​របស់​លោក​ស៊ី សម្លឹង​ទៅ​ឆ្នាំ​២០២៥ …»៕

តៃវ៉ាន់​បាន​បញ្ជូន​ចេញ​យន្តហោះ​ប្រ​រ​ដេញ នាវាចម្បាំង និង​បញ្ជា​ទៅ​កង​កាំជ្រួច​ការពារ​ដែនអាកាស​អោយ​ប្រុងប្រៀប​ខ្លួន​និង​តាមដាន​ដើម្បី​ត្រៀម​ឆ្លើយតប​