រដ្ឋមន្ត្រីការបរទេស​ចិន ៖ ផ្លូវ​រថភ្លើង​ថៃ​-​ចិន បម្រើ​ដល់​ការអភិវឌ្ឍ​យូរអង្វែង​របស់​ថៃ​

1335
ចែករម្លែក

​រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ កក្កដា ថា គម្រោង​ផ្លូវដែក​ថៃ​-​ចិន ផ្តល់​ការអនុគ្រោះ​ដល់​ការអភិវឌ្ឍ​យូរអង្វែង​របស់​ថៃ និង បំពេញ​នូវ​ផលប្រយោជន៍​របស់​ប្រជាជន​ថៃ​។​

​ថ្លែង​នៅ​សន្និសីទកាសែត​ជាមួយ​សម​ភាគី​ថៃ លោក ដន ប្រា​មុត​វី​ណៃ លោក​វ៉ាង​និយាយថា ផ្លូវដែក​ថៃ​-​ចិន ជា​គម្រោង​ដ៏​សំខាន់​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។

​លោក​វ៉ាង​បន្ថែមថា គម្រោង​ផ្លូវដែក​នេះ​ក៏​ជា​គម្រោង​ត​ភ្ជាប់​គ្នា​ដ៏​សំខាន់​ផងដែរ​ក្រោម​ក្របខណ្ឌ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​។

​ស្នើឡើង​ដោយ​ចិន​ក្នុង​ឆ្នាំ ២០១៣ គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ សំដៅលើ​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង ផ្លូវ​សូត្រ​តាម​ដែនសមុទ្រ​សតវត្សរ៍​ទី ២១ ដែលមាន​គោលបំណង​កសាង​បណ្តាញ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត​ភ្ជាប់​អាស៊ី​ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក តាម​បណ្តោយ​ផ្លូវ​ពាណិជ្ជកម្ម​បុរាណ គឺ​ផ្លូវ​សូត្រ​។​

​លោក​វ៉ាង​បាន​កត់សម្គាល់ថា ផ្លូវដែក​ថៃ​-​ចិន នឹងមិន​គ្រាន់តែ​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​និង​វិបុលភាព​ឧស្សាហកម្ម​ក្នុងស្រុក​តាម​បណ្តោយ​ផ្លូវដែក​ក្នុងប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ថែ​ទាំង​សម្រេចបាន​ការកសាង​បណ្តាញ​ផ្លូវដែក​ពី​គុន​មីង​ទៅ​សិង្ហ​បុរី​ទៀតផង​។

​ជាងនេះទៅទៀត លោក​វ៉ាង​បាន​សង្កត់ធ្ងន់ថា គម្រោង​នេះ​នឹង​កសាង​មូលដ្ឋានគ្រឹះ​សម្រាប់​ថៃ​ក្លាយជា​មណ្ឌល​ត​ភ្ជាប់​ទំនាក់ទំនង​តំបន់ ក៏ដូចជា​មណ្ឌល​ដ៏​សំខាន់​នៃ​សេដ្ឋកិច្ច​អាស៊ាន​។

​លោក​វ៉ាង​និយាយថា “​មិន​ថា​វាយតម្លៃ​ចេញពី​ទស្សនៈវិស័យ​ក្នុងស្រុក​ឬ​តំបន់​ទេ គម្រោង​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​ថៃ​ក្នុង​រយៈពេល​យូរអង្វែង និង បំពេញ​នូវ​ផលប្រយោជន៍​ប្រជាជន​ថៃ​”​។​

​ខណៈ​កត់សម្គាល់ថា​វា​មិនអាច​ចៀសផុត​ទេ​ដែល​នឹង​ជួបប្រទះ​ការលំបាក​ខ្លះ​ក្នុងការ​ជំរុញ​ទៅមុខ​នូវ​គម្រោង​នេះ លោក​វ៉ាង​និយាយថា ជាមួយ​ការពុះពារ​ផ្ទាល់ខ្លួន​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា ផលវិបាក​ផ្នែក​បច្ចេកទេស​ត្រូវបាន​ដោះស្រាយ និង ដំណើរការ​វិវឌ្ឍន៍​ដ៏​សំខាន់​ត្រូវបាន​ធ្វើឡើង​ក្នុង​ការចរចា​គម្រោង​នេះ​។

​រដ្ឋមន្ត្រី​ចិន​រូបនេះ​និយាយថា ភាគី​ទាំងពីរ​បានដាក់​ចេញ​ផែនទី​បង្ហាញផ្លូវ​សម្រាប់​កិច្ចសហប្រតិបត្តិការ រួមមាន​ពេលវេលា​នៃ​ការចាប់ផ្តើម​សាងសង់​គម្រោង និង ការបញ្ចប់​សាងសង់​ជា​ស្ថាពរ​ដែល​បាន​ព្យាករណ៍​ទុក​។

​លោក​វ៉ាង​ក៏​គូសបញ្ជាក់​ផងដែរ​ថា ចិន​មានបំណង​ចែករំលែក​បច្ចេកវិជ្ជា​ផ្លូវដែក​ល្បឿន​លឿន​ជាមួយ​ថៃ ជួយ​អ្នកបច្ចេកទេស​ផ្លូវដែក​ថៃ និង បុគ្គលិក​ផ្នែក​គ្រប់គ្រង​ផ្លូវដែក​ផងដែរ​។​

​គណៈរដ្ឋមន្ត្រី​ថៃ​កាលពី​ដើមខែ​នេះ​បានអនុម័ត​គម្រោង​ផ្លូវដែក​ល្បឿន​លឿន​ពី​បាងកក​ទៅ​នគររាជ​សីមា ក្រោម​កិច្ចសហប្រតិបត្តិការ​ផ្លូវដែក​ថៃ​-​ចិន ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ ២០២១​។

​គណៈរដ្ឋមន្ត្រី​បានអនុម័ត​សំណើ​របស់​ក្រសួង​ដឹកជញ្ជូន​សម្រាប់​ការសាងសង់​ផ្លូវដែក​ល្បឿន​លឿន​លាតសន្ធឹង​លើផ្លូវ​ប្រវែង ២៥២ គីឡូម៉ែត្រ រវាង​ក្រុង​បាងកក និង​ខេត្ត​នគររាជ​សីមា ជាមួយ​ទឹកប្រាក់​សាងសង់​ប្រមាណ ៥,២ ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្ត្រីការបរទេស​ចិន លោក​វ៉ាង យី (​ឆ្វេង​) និង​នាយករដ្ឋមន្ត្រីប្រាយុទ្ធ​ចាន់អូចា ជួបគ្នា​នៅ​បាងកក​និយាយ​អំពី​គម្រោង​សង់​ផ្លូវដែក​ល្បឿន​លឿន

ទីតាំងផ្សាយពាណិជ្ជកម្ម