​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កម្មករនិយោជិត​ស្រីលង្កា​បាន​បន្ត​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ពុធ​ទី​១​មីនា​ដោយ​ផ្គើន​នឹង​ការហាមឃាត់​របស់​រដ្ឋាភិបាល​ដើម្បី​តវ៉ា​ចំពោះ​ផែនការ​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ដែន​កោះ​ក្ស័យធន​មួយ​នេះ ដោយ​បង្ខំ​ឱ្យមាន​ការបិទ​មន្ទីរពេទ្យ ធនាគារ និង​កំពង់ផែ​។​

​ប្រធានាធិបតី រ៉ានី​ល វីក្រេ​មេ​ស៊ីង (Ranil Wickremesinghe) កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​ជា​សាធារណៈ​ជុំវិញ​ការដំឡើង​ពន្ធ​យ៉ាងខ្ពស់ ការ​បន្ថយ​ការចំណាយ​សាធារណៈ​ហើត​ដំឡើង​ថ្លៃ​ភ្លើង​ដែល​ដាក់​ចេញ​ដើម្បី​ធានាបាន​នូវ​ថវិកា​សង្គ្រោះ​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​IMF​។​

​សហជីព​ប្រហែល​៤០ រួមទាំង​បុគ្គលិក​មន្ទីរពេទ្យ​រដ្ឋាភិបាល​និង​បុគ្គលិក​ធនាគារ បាន​នាំគ្នា​ឈប់​ពី​ការងារ​។​

​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ជាតិ​ស្រីលង្កា​ក្នុង​ទីក្រុង​កូឡុំបូ​បាន​និយាយថា​មាន​តែ​ផ្នែក​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ​កំពុង​ដំណើរការ​ព្យាបាល​ខណៈ​ការ​ណាត់ជួប​ត្រូវ​បាន​លុបចោល​ទាំងអស់​នៅ​តាម​គ្លីនិក​ឯកជន​និង​មន្ទីរពេទ្យ​នានា​។​

​បុគ្គលិក​អគ្គិសនី​និង​បុគ្គលិក​ធនាគារ​ក៏​បាន​ធ្វើ​កូដកម្ម​ផងដែរ ខណៈ​កម្មករ​កំពង់ផែ​បាន​ធ្វើ​ការតវ៉ា​នៅ​ម៉ោង​អាហារ​ថ្ងៃត្រង់​នៅឯ​កំពង់ផែ​នៃ​រដ្ឋធានី​។​

​លោក​វី​កក្រេ​មេ​ស៊ី​ង​បាន​ប្រើ​អំណាច​ប្រតិបត្តិ​របស់​គាត់​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​កុម្ភៈ​ដើម្បី​ដាក់​ឱ្យ​ខុស​ច្បាប់​ជា​ធរមាន​លើ​កូដកម្ម​នានា​ដោយ​បង្ខំ​ឱ្យ “​សេវាកម្ម​សំខាន់ៗ​” នៅ​បន្ត​ដំណើរការ ហើយ​បុគ្គលិក​រដ្ឋាភិបាល​ដែល​ប្រឆាំង​នឹង​បទបញ្ជា​នេះ នឹង​ប្រឈម​បាត់បង់​ការងារ​។​

​ក្រុម​មេដឹកនាំ​សហជីព​បាន​និយាយថា ពួកគេ​ត្រូវបាន​ប្រាប់​ដោយ​លោក​វីក្រេ​មេ​ស៊ី​ង​កាលពី​ថ្ងៃ​សៅ​រ៍ថា គាត់​មិន​អាច​កាត់បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល​បានទេ ព្រោះ​វា​ជា​លក្ខខណ្ឌ​របស់ IMF ក្នុង​ការបញ្ចេញ​កញ្ចប់​ថវិកា​សង្គ្រោះ​។​

​លោក​ហារី​ថា អា​លូត​ហ្គេ (Haritha Aluthge) មក​ពី​សមាគម​មន្ត្រី​ពេទ្យ​រដ្ឋាភិបាល បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​កូឡុំបូ​ថា សហជីព​របស់​គាត់​គ្រោង​នឹង​បន្ត​កូដកម្ម​ការងារ​របស់ខ្លួន​។​

​លោក​បាន​និយាយថា “​ការតវ៉ា​តែ​មួយ​ថ្ងៃ​នឹង​មិន​រំខាន​ដល់​អាជ្ញាធរ​ទេ​។ យើង​ត្រូវតែ​ចាត់វិធានការ​ឱ្យ​ខ្លាំង​ជាង​នេះ​”​។​

​ប្រទេស​ស្រីលង្កា​បាន​ស្វែងរក​ជំនួយ​ពី​IMF បន្ទាប់​ពី​អស់​លទ្ធភាព​សងបំណុល​រដ្ឋាភិបាល​បរទេស​ចំនួន​៤៦ ពាន់​លាន​ដុល្លារ​កាលពី​ខែ​មេសា​ឆ្នាំមុន ប៉ុន្តែ​កំពុង​រង់ចាំ​ការធានា​ផ្នែក​ហិរញ្ញវត្ថុ​ពី​ប្រទេស​ចិន ដែល​ជា​ម្ចាស់បំណុល​ទ្វេភាគី​ដ៏​ធំ​បំផុត​របស់​ខ្លួន​ថា ខ្លួន​សុខចិត្ត​បន្ថយ​អត្រា​ការ​ប្រាក់កម្ចី​ដល់​ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ​។​

​វិបត្តិ​សេដ្ឋកិច្ច​មិន​ធ្លាប់​មាន​ពីមុន​មក​របស់​ស្រីលង្កា​ចាប់តាំងពី​ចុងឆ្នាំ ២០២១ បាន​បណ្តាលឱ្យ​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​យ៉ាងធ្ងន់ធ្ងរ ហើយ​នាំ​ឱ្យ​មាន​ការ​តវ៉ា​ជា​ច្រើន​ខែ​ដែល​បាន​ផ្តួល​រំលំ​ប្រធានាធិបតី ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា (Gotabaya Rajapaksa) ក្នុង​ខែកក្កដា​។​

​លោក​វី​កក្រេ​មេ​ស៊ីង ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​សភា​ដើម្បី​ជំនួស​លោក​រ៉ា​ចា​ប៉ាក់​សា និយាយ​ថា​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ​១១ ភាគរយ​កាលពី​ឆ្នាំមុន ហើយ​កោះ​នេះ​នឹង​នៅតែ​ក្ស័យធន​រហូត​ដល់​យ៉ាងហោចណាស់​ឆ្នាំ ២០២៦​។​

​លោក​ក៏​បាន​ប្រកាស​ដែរ​ថា​ប្រទេស​នេះ​មិន​មាន​ថវិកា​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការបោះឆ្នោត​រដ្ឋបាល​មូលដ្ឋាន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ៩ ខែ​មីនា ដោយ​បង្ក​ឱ្យ​មាន​ការចោទប្រកាន់​ថា​លោក​កំពុង​ប្រើប្រាស់​វិបត្តិ​សេដ្ឋកិច្ច​ដើម្បី​រារាំង​លទ្ធិប្រជាធិបតេយ្យ​៕

​កម្មករនិយោជិត​ស្រីលង្កា​បាន​បន្ត​ធ្វើ​កូដកម្ម​ដើម្បី​តវ៉ា​ចំពោះ​ផែនការ​ជួយ​សង្គ្រោះ​សម្រាប់​ប្រទេស​កោះ​ក្ស័យធន​មួយ​នេះ។​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ជាតិ​ស្រីលង្កា​ក្នុង​ទីក្រុង​កូឡុំបូ​បាន​និយាយថា​មាន​តែ​ផ្នែក​សង្គ្រោះបន្ទាន់​ប៉ុណ្ណោះ​កំពុង​ដំណើរការ​ព្យាបាល​ខណៈ​ការ​ណាត់ជួប​ត្រូវ​បាន​លុបចោល​ទាំងអស់​នៅ​តាម​គ្លីនិក​ឯកជន​និង​មន្ទីរពេទ្យ​នានា​។​