ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីពន្ធលើប្រាក់ ចំណូល និងការកំណត់ហានិភ័យអ្នកជាប់ពន្ធ ជូនដល់មន្ត្រីរាជការពន្ធដារ រួមទាំងអ្នកជាប់ ពាក់ព័ន្ធ នៅសាខាពន្ធដារខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៣ លោក ធ ឆាយសិរីបុត្រ អនុប្រធាននាយកដ្ឋាន សវនកម្មសហគ្រាស បានស្នើដល់អាជីវករ ម្ចាស់សហគ្រាសទាំងអស់ សូមបំពេញកាតព្វកិច្ចបង់ពន្ធ ឱ្យបានត្រឹមត្រូវ និងទាន់ពេល វេលា ចៀសពីការផាកពិន័យផ្សេងៗ ទៅលើកាតព្វកិច្ចបង់ពន្ធ។

លោក ធ ឆាយសិរីបុត្រ បានសូមថ្លែងអំណរគុណ ដល់គ្រប់បណ្ដាអាជីវករ សហគ្រាស ធុនតូច និង មធ្យម ដែលបានចំណាយពេលវេលា ក្នុងការចូលរួមសិក្ខាសាលា ដើម្បីបានយល់ដឹង អំពីពន្ធលើប្រាក់ចំណូល ការកំណត់ហានិភ័យជាប់ពន្ធ  និងគោរពនូវ គោលការណ៍ច្បាប់ និងកាតព្វកិច្ចពន្ធគ្រប់ៗគ្នា។

ជាមួយគ្នានោះ លោកបានស្នើដល់មន្ត្រីពន្ធដារទាំងអស់ ត្រូវធានានូវការផ្តល់សេវា នៃបង់ពន្ធដល់ប្រជាពលរដ្ឋ ឱ្យមានលក្ខណៈល្អប្រសើរ ហើយត្រូវបន្តយកចិត្តទុកដាក់ ក្នុងការអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ អ្នកដែលជាប់កាតព្វកិច្ចបង់ពន្ធ ចូលរួមបង់ពន្ធ ជូនរដ្ឋ តាមការកំណត់ និងបង្កភាពងាយស្រួល អំពីការចូលរួមបង់ពន្ធតាម ប្រព័ន្ធអនឡាញ ។ ផ្លាស់ប្តូរឥរិយាបថ និងបណ្តុះផ្នត់គំនិតថ្មី ក្នុងការបម្រើការងារពី អ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវា ឱ្យបានល្អជូនដល់អ្នកបង់ពន្ធ និងសូមចៀសវាង ភាពអសកម្មនានា ក្នុងពេលបំពេញការងារ ឬបេសកកម្ម។

ដោយឡែក លោក វង្ស ឌីណា ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ដែរថាៈ ដើម្បីចៀសផុតពីការទទួលរងនូវសវនកម្ម នាថ្ងៃក្រោយ សូមអាជីវករ សហគ្រាស ទាំងអស់ បំពេញកាតព្វកិច្ចសារពើពន្ធ ឱ្យបានល្អត្រឹមត្រូវ ។

ប្រធានសាខាពន្ធដារខេត្តកំពង់ឆ្នាំង ក៍បានលើកឡើងពីលទ្ធផលនៃការប្រមូលចំណូល ពន្ធ និងអាករគ្រប់ប្រភេទ ក្នុងខែធ្នូ ឆ្នាំ២០២២ ដោយប្រមូលបានជាង ១ ៩៣៧ លានរៀល ស្មើនឹង ១១,៦២% នៃផែនការ។ ដោយឡែក ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២២ កន្លងមកនេះ ការប្រមូលចំណូលពន្ធ និង អាករគ្រប់ប្រភេទ សម្រេចបានចំនួន ស្មើនឹង ២៥ ៥៩០ លានរៀល ស្មើនឹង ១៥៣% នៃផែនការ (១៦ ៦៧៦ លានរៀល) ។

សម្រាប់ចំណូលថវិកាជាតិ ប្រមូលបានចំនួន ១៣ ១១៥ លានរៀល ស្មើនឹង ១៥២% នៃផែនការ – ចំណូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ចំនួន ១២ ៤៣៥ លានរៀល ស្មើនឹង ១៥០% នៃផែនការ ចំណូលរយៈពេល ១២ខែ ឆ្នាំ២០២២ នេះ បើធៀបនឹងឆ្នាំ២០២១ គឺបានកើនឡើងប្រមាណ ៣០%៕ V / N