ដោយ: បូកគោ / កំពត: ប្រជាពលរដ្ឋខេត្តកំពត មានក្តីត្រេកអរ និងអបអរសាទរ ព្រមទាំងប្ដេជ្ញាចូលរួមថែរក្សាកំណត់ត្រា ក្រោយក្រុងកំពត ទទួលជ័យលាភីពានរង្វាន់ ទីក្រុងស្អាត កម្រិតផ្ការំដួល ៣ ទង។ នេះជាលើកទី៣ ដែលក្រុងទេសចរណ៍បុរាណ ភាគនិរតីនៃកម្ពុជា ទទួលបានបន្តបន្ទាប់ ៣ ឆ្នាំ ជាប់ៗគ្នា។
ក្រុមនិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា សាខាខេត្តកំពត បានរៀបរាប់ថាៈ ក្នុងនាមជាយុវវ័យរបស់ខេត្តកំពត ពួកខ្លួនមានសេចក្តីត្រេកអរយ៉ាងខ្លាំង ដែលក្រុងកំពត ទទួលបានពានរង្វាន់ទីក្រុងស្អាត លំដាប់ផ្ការំដួល ៣ ទង ជាលើកទីបី។ នេះជាលទ្ធផល នៃការយកចិត្តទុកដាក់ របស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការថែរក្សា បរិស្ថាន អនាម័យ ការគ្រប់គ្រងកាកសំណល់ ការតុបតែង កែលម្អសោភ័ណភាពក្រុង ក៏ដូចជា នៅតាមលំនៅស្ថាន អាហារដ្ឋាន បណ្តាផ្សារនានា ដែលធ្វើឱ្យក្រុងកំពត ល្អស្អាតជាងមុន។
ស្រដៀងគ្នានេះដែរ អ្នកលក់ផ្លែឈើស្រស់ នៅវិថីម្ហូបអាហារ ក្រុងកំពត បានប្រាប់ពី អារម្មណ៍របស់ខ្លួនថាៈ នាងពិតជាសប្បាយចិត្ត និងចូលរួមអបអរសាទរ ដែលក្រុងកំពត រៀបចំបានល្អ និងជាប់ចំណាត់ថ្នាក់ ជាទីក្រុងស្អាតផ្ការំដួល ៣ ទង។ ដើម្បីរក្សាកំណត់ត្រា នៃចំណាត់ថ្នាក់ទីក្រុងស្អាត បន្តទៅឆ្នាំក្រោយៗទៀត នាងស្នើសុំដល់ពលរដ្ឋគ្រប់រូប ចូលរួមថែទាំ និងទុកដាក់សំរាម ឱ្យកាន់តែបានល្អប្រសើរថែមទៀត។
លោក លាង រឿនសុធី អភិបាលក្រុងកំពត បានមានប្រសាសន៍ថាៈ ខេត្តកំពត ទទួលបាន ពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល ៣ ទង សម្រាប់បីអាណត្តិ ជាប់ៗគ្នា។ ការទទួលបាន ពានរង្វាន់នេះ ក៏ដោយសារមានកិច្ចចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការថែរក្សាសម្អាតបរិស្ថាន អនាម័យ ពិសេសការទុកដាក់សំរាម ស្របពេលដែលរដ្ឋបាលខេត្ត កំពុងមមាញឹក កែលម្អសោភ័ណភាពក្រុង ឱ្យកាន់តែទាក់ទាញនោះ៕/V/r