ដោយៈ ប.ជ័យ / ព្រំដែនកម្ពុជា ថៃៈ មន្ត្រីនគរបាលជំនាញព្រហ្មទ័ណ្ឌ បានឱ្យដឹងកាលពីថ្ងៃទី១ ខែមីនាថាៈ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២និង២០នាទីរសៀល បានទទួលព័តិមានពីលោក មេបញ្ជាការកងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ ប្រចាំអូរបីជាន់ បានរាយការណ៍ថា មានមនុស្សស្លាប់ ១នាក់ នៅចំណុចក្នុងព្រៃចំការមីនព្រំដែន ខាងលិចទំនប់ក៥ ចម្ងាយ ១៨៩ ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ គឺទល់មុខភូមិអាងសិលាថៃ ឃុំនួនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ចម្ងាយ ២៥៣ម៉ែត្រ ពីថ្នល់ខ្មៅថៃ (គឺតំបន់មិនទាន់ច្បាស់លាស់នៃព្រំដែន) ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថាៈ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការ លោកបានបង្កើតគណៈកម្មការត្រួតពិនិត្យ កន្លែងកើតហេតុនិងពិនិត្យសាកសព ដែលមានសមាសភាពចម្រុះ ។ តាមការស្រាវជ្រាវ សមត្ថកិច្ចបានឱ្យដឹងថា សាកសព មានឈ្មោះ ស្វៃ សុភត្រ្តា អាយុ ៣៨ ឆ្នាំភេទស្រី ជនជាតិខ្មែរមានទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ មុខរបរធ្វើកម្មករនៅប្រទេសថៃ។ ជនរងគ្រោះ មានកំពស់ ១,៥៥ ម. សម្បុរសណ្តែកបាយ សក់ខ្លីពាក់អាវពណ៌ខៀវ ខោខូវប៊ូវជើងវែង ពណ៌ប្រផេះ មានស្រោមជើង អត់ស្បែកជើង។តាមការធ្វើកោសល្យវិច័យ ពិនិត្យដងខ្លួន អវៈយវៈផ្នែកក្បាលរបស់ស្ត្រីរងគ្រោះគឺបែកក្បាលពីក្រោយ បែកលើចិញ្ចើម ក្រោមច្រមុះ ក្រោមចង្កា ។

លោក នូ ជីវ័ន្ត បានបន្តថាៈ យោងតាមការបំភ្លឺរបស់ឈ្មោះ ពេជ្រ រត្ននៈ អាយុ ១៧ ឆ្នាំភេទប្រុស នៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ (ត្រូវជាកូនបង្កើត) បានប្រាប់ថាៈនៅវេលាប្រហែលម៉ោង ៩ និង ៣០នាទី ម្តាយរបស់គាត់ មកដល់ចំណុចផ្សាររោងក្លឿស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវ ប្រទេសថៃ រួចបានបែកគ្នា។ មូលហេតុម្តាយរបស់ខ្លួនមានប៉ាស្ព័រ (លិខិតឆ្លងដែន) តែផុតថ្ងៃកំណត់សុពលភាព ក៏សម្រេចចូលមកកម្ពុជាវិញតែបានដើរតាមច្រកផ្លូវកាត់ (ច្រករបៀង)។ ចំណែកខ្លួន ជាកូនមានប៉ាស្ព័រក៏បានបោះត្រា ចូលមកផ្លូវត្រង់ ច្រកទ្វារអន្តរជាតិខ្លងលឹក- ប៉ោយប៉ែត.។ លុះដល់ម៉ោងប្រហែល ១៤និង២០ រសៀល ថ្ងៃដដែល ទើបដឹងថា ម្តាយខ្លួនស្លាប់។

នគរបាលព្រហ្មទ័ណ្ឌ បានបញ្ជាក់ថាៈ យោងការសន្ឋិដ្ឋានលើការពិនិត្យកន្លែងកើតហេតុការពិនិត្យសាកសព ឃើញថា ជនរងគ្រោះ ឈ្មោះ ស្វៃ សុភក្ត្រា ពិតជាមានស្លាកស្នាមរបួសដោយការវាយ និងវត្ថុមុខរឹង (ដំបងឈើ) ឬជាករណីឃាតក វាយសម្លាប់បណ្តាលឱ្យស្លាប់ពិតមែន។ ករណីនេះ កម្លាំងជំនាញខេត្ត ស្រុក ប៉ុស្តិ៍រដ្ឋបាលកំពុងដំណើរការស្រាវរកមុខសញ្ញា ជាឃាតកហើយ ៕ V / N