ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) កាលពីម៉ោង ៥ ល្ងាច ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ក្រាបលើ ៣ ទីតាំងផ្សេងគ្នា លើជនសង្ស័យ ៣ នាក់ តែគេចរួច ១ នាក់វិញ ករណីជួញដូរថ្នាំញៀនទ្រង់ ទ្រាយធំមួយ ដោយដកហូតថ្នាំញៀន ១៨ ថង់ធំ ។
នេះជាការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពី លោក សោ វុទ្ធី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ។
នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន ខាងលើ បានប្រាប់ឲ្យដឹង នៅថ្ងៃទី១ ខែមីនានេះថាៈ កាលពីម៉ោង ៤និង២០នាទីរសៀល ម្សិលមិញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿង ញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំង គ្រឿងញៀន (ក៧) បានចុះបង្រ្កាបជនសង្ស័យ បានចំនួន ២ នាក់ ក្នុង ២ គោលដៅ ខណៈកំពុងលួចលក់ថ្នាំញៀន ជាទ្រង់ទ្រាយធំ ។
ប្រភពបានបន្តថាៈ គោលដៅទី១. គឺនៅចំណុចដីវាលមួយកន្លែង ស្ថិតនៅភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះសាន ប៊ុនថេត ភេទប្រុស អាយុ១៦ឆ្នាំ និងដកហូតថ្នាំញៀន ម្សៅពណ៌សក្រាម ចំនួប ៦ថង់ធំ , ទូរស័ព្ទដៃ ១គ្រឿង, ថ្នាំកញ្ចប់មានឡូហ្គោម៉ាក (សឺដែស) ចំនួន២កញ្ចប់, ថ្នាំកញ្ចប់ ពណ៌ក្រហម មានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន១កញ្ចប់, ថ្នាំកញ្ចប់ ពណ៌ ក្រហម អុចៗ មានអក្សរ Supreme (ថ្នាំទឹកសប្បាយ) ចំនួន១កញ្ចប់ ។
គោលលដៅទី២ បានបន្តចុះបង្ក្រាប ចាប់នៅទីតាំងការ៉ាអូខេ (ម៉ូលីណា) G ៩ KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបាន ១ នាក់ទៀត ឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដកហូតវត្ថុតាង មានទូរស័ព្ទដៃ ១គ្រឿង និងរថយន្ត ម៉ាកលុចស៊ីស RX 330 ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BB 0175 ។
បន្ទាប់មក សមត្ថកិច្ចជំនាញ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ ចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ ជនសង្ស័យ បានរត់ផាស់ក្រញាំគេចខ្លួន ដោយបន្សល់ទុក តែវត្ថុតាងម្សៅក្រាមពណ៌សថ្លា ចំនួន ១២ ថង់ធំទៀត៕ V / N