ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡា​ចំនួន​១៦​ប្រភេទ ក្នុងចំណោម​៣៧​ប្រភេទ​កីឡា ដែល​ដាក់ឱ្យ​ប្រកួត​ក្នុង​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នេះ នឹងត្រូវ​ផលិត​ដោយ​អ្នកជំនាញ​ការផលិត​ឯកទេស​អន្តរជាតិ ដើម្បី​ពង្រឹង​ដល់​ការផ្សព្វផ្សាយ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ លើកដំបូង នៅ​កម្ពុជា​នេះ​។​នេះ​ជាការ​ឲ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន ជា​អគ្គលេខាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ក្នុងពេលដែល​លោក និង​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​គណៈកម្មការ​ព័ត៌មាន និង​ផ្សព្វផ្សាយ និង​គណៈកម្មការ​ហ្គេម​ព័ត៌មានវិទ្យា នៃ CAMSOC នា​កិច្ចប្រជុំ ថ្ងៃទី​១ ខែមីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ រាជធានី​ភ្នំពេញ​។​

​លោក​បន្តថា បន្ទាប់ពី​បែងចែក​១៦​ប្រភេទ​កីឡា​ទៅឱ្យ​អ្នកឯកទេស​អន្តរជាតិ ដូច្នេះ​នៅសល់​២១​ប្រភេទ​កីឡា​ទៀត គឺ​លោក ផុស សុវណ្ណ នឹង​ដឹកនាំ​ក្នុងការ​បែងចែក​ទៅកាន់​ស្ថានីយ៍​ទូរទស្សន៍​ផ្សេងៗ​ឱ្យចូល​រួម​ជួយ​ផលិត​។ បន្ទាប់ពី​ធ្វើការ​បែងចែក និង​ស្វែងរក​ចំណុច​ខ្វះខាត​កម្ពុជា​ក៏​សម្រេចបាន​នូវ​លទ្ធផល​ល្អ​មួយ​គឺ​ការស្រុះស្រួល​គ្នា​ក្នុង​ការជួយជ្រោមជ្រែង​ពី​សំ​ណាក់​អ្នកពាក់ព័ន្ធ​ដើម្បី​បំផ្ទុះ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ជា​ប្រវត្តិសាស្ត្រ​គឺ ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​នេះ​។

​លោក​អគ្គលេខាធិការ CAMSOC បន្ថែមទៀតថា​មជ្ឈមណ្ឌល​ផ្សាយ​ផ្ទាល់ IBC នឹង​ចាប់​ផ្ដើម​ទទួល​ការងារ​រៀបចំ និង​ការងារ​ផ្សព្វផ្សាយ​នេះ ចាប់ពី​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០២៣ តទៅ ហើយ​ការផ្សាយ​ផ្ទាល់​ដំបូង​គេ នឹងធ្វើ​ឡើង នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​២៩ ខែមេសា គឺ​ការប្រកាស​បើក​ការប្រកួត​កីឡាបាល់ទាត់​ដំបូង​គេ​៕/R​