ដោយ៖ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ការប្រកួតកីឡា SEA GAMES 2023 នៅកម្ពុជាសម្រាប់ប្រភេទហែលទឹក លើវិញ្ញាសាហែលជើងទា សហព័ន្ធបានរៀបចំយុទ្ធសាស្ត្រ ទៅលើវិញ្ញាសានីមួយ របស់កីឡាករ-កីឡាការីនី ហែលទឹកជើងទា ដូចនេះការប្រកួតហែលទឹកជើងទានៅប្រទេសវៀតណាម ក្នុងខែមីនា ជាតេស្តិ៍សមត្ថភាពរបស់កីឡាករ-កីឡាការីនី ហែលទឹកជើងទាកម្ពុជា។
ខាងលើនេះជាការលើកឡើងរបស់លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក។លោកអគ្គលេខាធិការ បានឲ្យដឹងតាមសារអេឡិចត្រូនិកថា ការប្រកួតនៅទីនោះជាមួយ នឹងក្រុមជម្រើសជាតិរបស់ប្រទេសវៀតណាមអាចធ្វើឲ្យយើងអាចវាស់ស្ទង់ពីការរីកចម្រើននៃសមត្ថភាព និងបច្ចេកទេសរបស់កីឡាករ-កីឡាការីនី ហែលទឹកជើងទា កម្ពុជាទាំងប្រាំមួយនាក់។យើងក៏ បានត្រៀមទាំងសម្ភារៈ និង ការហ្វឹកហាត់បានល្អប្រសើរ ចំពោះការប្រកួត SEA GMAES សម្រាប់វិញ្ញាសានេះ ដោយសង្ឃឹមថានឹងមានឱកាសដណ្តើមបានមេដាយណាមួយមិនខាន។
សហព័ន្ធខ្មែរកីឡាហែលទឹកកំពុងសុំគោលការណ៍បន្តការហ្វឹកហាត់ជិតដល់ការប្រកួតកីឡា SEA GMAES 2023 តែម្តង។ ដំបូងឡើយយើងបានសុំត្រឹមរយៈពេល ៩០ ថ្ងៃ (៣ខែ) ដូច្នេះត្រូវសុំ១ខែទៀត ដើម្បីហ្វឹកហាត់បន្ថែមទៀត។ សហព័ន្ធបានបញ្ជូនគ្រូបង្វឹក លោកហែម ថុនពន្លឺ និង កីឡាករ-កីឡាការីនីទាំងប្រាំមួយរូបរួមមានកីឡាការិនី កាំង មុយនីន កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត កីឡាករ ឆោម ច័ន្ទថន កីឡាករ លឹម កែវឧត្តម កីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៏នន្ទ ទៅហ្វឹកហាត់នៅវៀតណាមរហូតដល់ពេលនេះ ៕/R