ដោយ: បូកគោ/កែប: ស្របពេលកំពុងបង្កើនការបង្វឹក ក៏ដូចជាខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួតសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលឈានចូលមកដល់ជាង៦០ថ្ងៃខាងមុខ ទាំងគ្រូ និងកីឡាករទ្រីយ៉ាត្លុង បានអំពាវនាវដល់គ្រប់មជ្ឈដ្ឋានជួយលើកទឹកចិត្តជំនួសឱ្យពាក្យបន្តុះបង្អាប់នានា ចំពោះវិស័យកីឡាកម្ពុជា។ មិនមែនដើម្បីតែពានរង្វាន់ប្រទេសជាតិទេ កីឡាជាឱសថថែទាំសុខភាព បង្កើនបញ្ញាស្មារតី និងអប់រំមនុស្សអំពីសាមគ្គីភាព រក្សាទំនាក់ទំនងល្អ ពិសេសដឹកនាំមនុស្សឱ្យដើរតាមគន្លងធម៌ទៀតផង។
កញ្ញា ថន សុម៉ាវតី និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាម្ចាស់មេដាយប្រាក់ទ្រីយ៉ាត្លុងជើងឯកអាស៊ីអគ្នេយ៍(Asian Championship) នៅទីក្រុងហុងកុង ប្រទេសចិនបានរៀបរាប់ថា ប្រជាពលរដ្ឋមួយចំនួនមិនត្រឹមតែខ្វះការគាំទ្រដល់កីឡាករទេ តែថែមទាំងបានបំបាក់ទឹកចិត្តកីឡាករដោយនិយាយថាលេងដើម្បីដូរបាយប៉ុណ្ណោះ។ ការចំណាយពេលជាមួយកីឡានឹងបាត់បង់ការអប់រំ ឬមិនបានរៀនសូត្រដូចគេឯងជាដើម។ ម្ចាស់មេដាយដដែលបានបញ្ជាក់ថា តាមពិត ការលេងកីឡាមិនបានប៉ះពាល់ដល់ការសិក្សា កិច្ចការងារ ឬមុខជំនួញផ្សេងៗឡើយ។ សំខាន់សាមីខ្លួនត្រូវចេះបែងចែកពេលវេលាឱ្យបានច្បាស់លាស់។
លោកស្រី សូ រ៉ាន់ដេត គ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងបានបញ្ជាក់ថា អ្នកលេងកីឡាមិនមែនសម្រាប់ដូរបាយហូបដូចពាក្យបង្អាប់ក្នុងន័យបន្ទុចបង្អាក់នោះទេ។ បច្ចុប្បន្ន កីឡាបានដើរតួនាទីយ៉ាងសំខាន់ ពោលគឺជាស្ពានសម្រាប់តភ្ជាប់ទំនាក់ទំនងពីមនុស្សម្នាក់ ឬក្រុមមួយទៅកាន់ក្រុមមួយ ឬប្រទេសមួយផ្សេងទៀត។ កីឡាជាឱសថថែទាំសុខភាព បង្កើនបញ្ញាស្មារតី និងអប់រំមនុស្សនូវសាមគ្គីភាព រក្សាទំនាក់ទំនងល្អ ពិសេសដឹកនាំមនុស្សឱ្យដើរតាមគន្លងធម៌ទៀតផង។
គ្រូបង្វឹក និងក្រុមកីឡាទ្រីយ៉ាត្លុងបានអំពាវនាវថា ក្នុងនាមគ្រូបង្វឹក និងកីឡាករដែលបានចំណាយពេលដើម្បីត្រៀមដណ្តើមកិត្តិយសជូនប្រទេសជាតិ ពួកគាត់សូមសំណូមពរដល់គ្រប់មជ្ឈដ្ឋានមេត្តាជួយលើកទឹកចិត្តវិស័យកីឡាកម្ពុជាជំនួសឱ្យពាក្យរារាំងបន្ទុចបង្អាក់ទាំងឡាយក្នុងន័យបង្ហាញពីកិច្ចគាំទ្រសម្រាប់ការចូលរួមប្រកួតនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមនាពេលខាងមុខ៕/R