​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម​កាលពី​ថ្ងៃ​ពុធ​ទី​១​មីនា​បាន​ប្តេជ្ញា​នៅ​ទីក្រុង​ម៉ានីល​ថា​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​សម្រួល​​ដល់​ដំណើរការ​ស្វែង​សន្តិភាព​នៅ​កោះ​មីន​ដា​ណាវ (Mindanao)​របស់​ហ្វីលីពីន​ដែល​សំបូរ​ជន​មូស្លីម​រស់នៅ​ច្រើន​និង​មាន​ការបះបោរ​ប្រឆាំង​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ​។​

​មេដឹកនាំ​ម៉ាឡេស៊ី ដែល​បាន​ទៅដល់​ទីក្រុង​ម៉ានីល​នៅ​ព្រឹក​ថ្ងៃ​ពុធ គឺជា​ប្រមុខ​រដ្ឋាភិបាល​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​ប្រធានាធិបតីហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr) បាន​ឡើង​កាន់​អំណាច​ក្នុង​ខែមិថុនា ឆ្នាំ ២០២២​។​

​លោក​អាន់​វ៉ា​បាន​និយាយថា លោក​ម៉ាកូ​សបាន “​បោះ​ជំហាន​ដ៏​អស្ចារ្យ​” ក្នុង​ការជំរុញ​ដំណើរការ​សន្តិភាព​នៅ​កោះ​មីន​ដា​ណាវ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​ជា​តំបន់​មួយ​ដែល​ត្រូវបាន​ញាំញី​ដោយ​​ភាពក្រីក្រ​និង​អំពើហិង្សា​បំបែក​ខ្លួន​ជា​យូរ​មក​ហើយ​។​

​លោក​បាន​និយាយថា ជោគជ័យ​របស់​ហ្វីលីពីន​នឹង​ផ្តល់​នូវ “​សក្តានុពល​ដ៏​សម្បើម​” ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ហ្វីលីពីន​និង​ម៉ាឡេស៊ី​ផងដែរ​។​

​លោក​អាន់​វ៉ា​បាន​និយាយថា “​ខ្ញុំ​គិតថា​វា​គ្រាន់តែ​ជា​កាតព្វកិច្ច​របស់​យើង​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ​ប៉ុណ្ណោះ​ក្នុង​ការគាំទ្រ​និង​សម្រួល​ដល់​ដំណើរការ​សន្តិភាព​ហើយ​ខ្ញុំ​គាំទ្រ​គ្រប់​កិច្ចការ​ដែល​ត្រូវ​ធ្វើ​​នៅ​កម្រិត​ទ្វេភាគី ពហុភាគី ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​”​។​

​ពី​ឆ្នាំ ២០០១ ដល់​ឆ្នាំ ២០១២ ម៉ាឡេស៊ី​បាន​បម្រើការ​ជា​អ្នក​សម្រុះសម្រួល​ក្នុង​ការចរចា​រវាងរដ្ឋាភិបាល​ហ្វីលីពីន​និង​ក្រុម​ឧទ្ទា​មមូ​ស្លីម​នៃ​រណសិរ្ស​រំដោះ​អ៊ីស្លាម​ម៉ូ​រ៉ូ​។​កិច្ចពិភាក្សា​នេះ​ទីបំផុត​បាន​នាំទៅដល់​​ការបង្កើត​តំបន់​ស្វយ័ត​បាង​សា​ម៉ូ​រ៉ូ (Bangsamoro) ក្នុង​ឆ្នាំ ២០១៩​។​

​លោក​អាន់​វ៉ា ដែល​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២២​បាន​និយាយថា​ម៉ាឡេស៊ី​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រជាជន​នៃ​តំបន់​ស្វយ័ត​បាង​សា​ម៉ូ​រ៉ូ​តាមរយៈ​គម្រោង​ការកសាង​សមត្ថភាព​ផ្សេង​​ៗ​។ ទាំងនេះ​រួម​បញ្ចូល​កម្មវិធី​សហប្រតិបត្តិការ​បច្ចេក​ទេស​ម៉ាឡេស៊ី ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​ចែករំលែក​បទពិសោធន៍​និង​ជំនាញ​អភិវឌ្ឍន៍​របស់​ខ្លួន​ជាមួយ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ហ្វីលីពីន​​ជាដើម​។​

​លោក​ម៉ាកូ​សបាន​ថ្លែងអំណរគុណ​ដល់​ម៉ាឡេស៊ី​សម្រាប់ “​ការរួមចំណែក​ដ៏​អស្ចារ្យ​” របស់​ខ្លួន​នៅក្នុង​ដំណើរការ​សន្តិភាព​នៅ​ភាគ​ខាងត្បូង​ប្រទេស​ហ្វីលីពីន​។​

​លោក​បាន​បន្ថែមថា “​យើង​សង្ឃឹមថា​ការគាំទ្រ ដែល​ពួកគេ​បាន​បង្ហាញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នឹង​បន្ត​រួមចំណែក​ដល់​ភាពជោគជ័យ​នៃ​ដំណើរការ​សន្តិភាព​និង​ការបង្កើត​តំបន់​ស្វយ័ត​បាង​សា​ម៉ូ​រ៉ូ​”៕

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់​វ៉ា អ៊ីប្រាហ៊ីម និង​ប្រធានាធិបតី​ហ្វីលីពីន ម៉ាកូស​ត្រួតពល​កាលពី​ថ្ងៃទី ១ ខែ​មីនា ឆ្នាំ ២០២៣​