ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ នាយករដ្ឋមន្ត្រីក្រិចបាននិយាយថា គ្រោះមហន្តរាយផ្លូវដែកដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ក្រិច ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤៣ នាក់ គឺ ដោយសារតែ “កំហុសរបស់មនុស្សដ៏សោកនាដកម្ម”។
នាយករដ្ឋមន្ត្រី គីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis)បាននិយាយដូច្នេះបន្ទាប់ពីបានចុះទៅមើលកន្លែងបុកគ្នាកាលពីយប់ថ្ងៃអង្គាររវាងរថភ្លើងដឹកអ្នកដំណើរនិងរថភ្លើងដឹកទំនិញ។
មន្ត្រីទទួលបន្ទុកផ្លូវដែកក្នុងស្រុកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនក្រិចបានលាលែងពីតំណែង ខណៈក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកនៅរស់។
គ្រោះថ្នាក់នេះបានកើតឡើងនៅមុនពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ។ រថភ្លើងដឹកអ្នកដំណើរដែលផ្ទុកមនុស្សប្រហែល ៣៥០ នាក់បានបុកជាមួយរថភ្លើងដឹកទំនិញខណៈវាចេញពីផ្លូវរូងក្រោមដីបន្ទាប់ពីចាកចេញពីទីក្រុងឡារីសសា (Larissa)។
គេនៅមិនទាន់ដឹងទេថាហេតុអ្វីបានជារថភ្លើងទាំងពីរដំណើរការលើផ្លូវដែកតែមួយ។
មន្ត្រីផ្លូវដែក ដែលទទួលបន្ទុកផ្នែកផ្តល់សញ្ញា បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងឡាយ និង ស្តីបន្ទោសគ្រោះថ្នាក់នេះទៅលើកំហុសបច្ចេកទេស។
បន្ទាប់ពីចុះទៅមើលដល់ទីតាំងកើតហេតុ លោកមីតសូតាគីសបាននិយាយថា អ្វីគ្រប់យ៉ាងបានចង្អុលទៅ “កំហុសរបស់មនុស្សដ៏សោកសៅ”។
លោកបាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “យុត្តិធម៌នឹងធ្វើការងាររបស់វា។ មនុស្សនឹងត្រូវចាប់ឱ្យទទួលខុសត្រូវ ចំណែករដ្ឋឈរនៅខាងប្រជាជន”៕
រថភ្លើងដឹកអ្នកដំណើរ ដែលផ្ទុកមនុស្សប្រហែល ៣៥០ នាក់បានបុកជាមួយរថភ្លើងដឹកទំនិញ