​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​អាម៉េរិក​ហៅ​កាត់​ថា FBI​បាន​វាយ​តំលៃ​ថា ការ​លិច​ធ្លាយមេរោគណា​មួយ​ចេញពី​មន្ទីរពិសោធន៍​​នៅ​ទីក្រុង​អ៊ូ​ហាន​នៅ​ភាគ​កណ្តាល​ចិន ទំនងជា​​បាន​បង្ក​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​អះអាង​ពី​នាយក​FBI​លោក គ្រីស្តូហ្វឺ ហ្វ្រេ​(Christopher Wray)​កាលពី​ថ្ងៃ​អង្គារ តែ​កាលពី​ថ្ងៃ​ពុធ​ចិន​បាន​និយាយថា​«​ទោះជាយ៉ាងម៉េច​ក៏​ដោ​​យ​ ការអះអាងនេះ​គ្មាន​ភាព​គួរ​អាច​ជឿ​បាន​សោះ​»​។​

​លោក​ហ្វ្រេ​បាន​ប្រាប់​សារព័ត៌មាន​Fox News​ថា « FBI​បាន​ប្រើ​ពេល​មួយរយៈ​ធំ ហើយ​ឥឡូវ​វាយ​តំលៃថា​ប្រភពដើម​នៃ​ជំងឺឆ្លង​នេះ​ទំនង​បំផុត​ចេញពី​ឧបទ្ទវហេតុ​ក្នុង​កន្លែង​ពិសោធន៍​មួយ​នៅ​ក្រុង​អ៊ូ​​ហាន​»​។​

​ការអះអាង​របស់​លោក​កើតឡើង​បន្ទាប់​ពី​របាយការណ៍​មួយ​ក្នុង​សារព័ត៌មាន​Wall Street Journal​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា ក្រសួង​ថាមពល​អាម៉េរិក​បាន​វាយ​តំលៃ​ជាមួយ​នឹង​ជំនឿ​​ចិត្ត​ទាប​ថា ជំងឺឆ្លង​បណ្តាលកូវីដអាចមកពី​ការ​លិច​ធ្លាយ​មេរោគ​ចេញពី​កន្លែង​ពិសោធន៍​មួយ​នៅ​ចិន​។​

Journal​បាន​បន្តថា ទោះជា​យ៉ាងណា​ទីភ្នាក់ងារ​បួន​ទៀត រួម​មាន​គណៈកម្មាធិកា​រ​ស៊ើបការណ៍​ជាតិ​នៅតែ​វិនិច្ឆ័យ​ថា ជំងឺឆ្លង​នេះ​ទំនង​ជា​ចេញមក​ពី​ការចម្លង​តាម​ធម្មជាតិ​និង​ទីភ្នាក់ងារ​ពីរ​ទៀត​​នៅ​មិនទាន់​សំរេចចិត្ត​នៅឡើយទេ។​

​ចំណែក​អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​សេត​វិមាន​លោក ច​ន ឃឺ​ប៊ី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​អាម៉េរិក​នៅ​មិនទាន់​ឈាន​ដ​ល់​ការ​សន្និដ្ឋាន​ចុង​ក្រោយ​ណាមួយឬ​ក៏​សំរេច​បាន​ការមូល​មតិ​គ្នា​ណា​​មួយ​អំពី​ប្រភព​នៃ​ជំងឺ​កូវី​ដ​នេះ​នៅឡើយ​ទេ​។​

​កាលពី​ថ្ងៃ​ពុធ ចិន​បាន​ថ្កោលទោស​ការអះអាង​របស់​លោក ហ្វ្រេ និង​ប្រឆាំង​ដាច់ខាត​«​ល្បិចកល​នយោបាយ​»​ក្នុង​ទំរង់​ណាមួយ​ពាក់ព័ន្ធ​នឹង​ប្រភព​ជំងឺ​នេះ​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី​​ម៉ៅ និ​ញ បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ប៉េកាំង​ថា «​ផ្អែក​លើ​កំណត់ត្រា​ឆបោក​ដ៏​អន់​និង​ការ​បំភាន់​របស់​សហគមន៍​ស៊ើបការណ៍​អាម៉េរិក ការសន្និដ្ឋាន​នេះ​មិន​ទទួលបាន​ការគួរ​អោយ​ជឿទុកចិត្ត​​ទេ​។​…​យើង​ទទូច​សុំអោយ​ភាគី​អាម៉េរិក​គោរព​វិទ្យាសាស្ត្រ​និង​ការពិត​»​ផង​៕

​នាយក​FBI​បាន​និយាយថា រដ្ឋាភិបាល​ចិន​បាន​ខិតខំ​អស់​ពី​សមត្ថភាព​ខ្លួន​ដើម្បី​រារាំង​និង​បិទបាំង​ដល់​ការងារ​របស់​អាម៉េរិក​និង​អង្គការ​ដទៃៗ​ដើម្បី​យល់ដឹង​អំពី​ប្រភព​ជំងឺ​កូវី​ដ​១៩