ដោយៈ ប.ខុន / ភ្នំពេញៈការងារជួសជុលស្តារឡើងវិញ ទំនប់អាងទឹកភាស ដែលរងការខូចខាត ដោយទឹកជំនន់ ក្នុងរដូវវស្សាកន្លងទៅ សម្រេចបានលទ្ធផល ២០ ភាគរយ និងគម្រោងប្រាសាទប្រាំ សម្រេចបានលទ្ធផល ៤០ ភាគរយ ដែលធ្វើដោយ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកដឹកនាំ កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបច្ចេកទេស របស់ក្រសួង ដោយមាន ការចូលរួមពីតំណាងគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្ម នៅប្រទេសកម្ពុជា ទីភ្នាក់បារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង ចុះពិនិត្យវឌ្ឍនភាព ការងារជួសជុលស្តារឡើងវិញ ទំនប់អាងទឹកភាស ដែលរងការខូចខាត ដោយទឹកជំនន់ កាលពីរដូវវស្សា កន្លងទៅ។ អាងភាស ស្ថិតនៅក្នុង ស្រុកឯកភ្នំ និងស្រុកថ្មគោល ខេត្តបាត់ដំបង ដែលកំពុងស្តារឡើងវិញ សម្រេចបាន លទ្ធផល ២០ ភាគរយ។

នៅរសៀលថ្ងៃដដែល លោក ចាន់ យុត្ថា និងក្រុមការងារ បានបន្តដំណើរចុះពិនិត្យ គម្រោងប្រាសាទប្រាំ ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផល ៤០ ភាគរយ៕ V / N