ដោយៈសរិទ្ធ / ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរ បាក់ភ្លៅ និងជង្គង់ ដោយសារខ្មាន់កាំភ្លើង បាញ់ត្រូវបីគ្រាប់ ខណៈជនរងគ្រោះ បើកម៉ូតូសណ្ដោងរ៉ឺម៉ក ត្រឡប់មកពីរើសអេតចាយវិញ។ ហេតុការណ៍នេះ បានកើតឡើង នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ច្រកចូលវត្តកែវមុនី ( ហៅវត្តគោករលួស ) ស្ថិតក្នុងភូមិដំណាក់ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា គេបានមើលឃើញមនុស្សមួយក្រុម មានឯកសណ្ឋានជានគរបាល​ ជាស៊ីវិល ជាច្រើននាក់ ជិះម៉ូតូ និងរថយន្ត ដេញតាមជនរងគ្រោះ រហូតដល់មុខផ្ទះ ហើយបានប្រតាយប្រតប់គ្នា ឈានដល់ផ្ទុះអាវុធ ជាច្រើនគ្រាប់ បណ្ដាលឱ្យត្រូវចំ ជនរងគ្រោះ ចំនួន ៣ គ្រាប់ ភ្លៅស្តាំ ២គ្រាប់ និងជង្គង់ ១គ្រាប់ រងរបួសធ្ងន់ធ្ងរ ហើយក្រុមទាំងនោះ ក៏បាននាំគ្នារត់គេចបាត់ អស់។ ករណីនេះ បានបង្កឲ្យផ្អើលអ្នកភូមិ រាយការណ៍ប្រាប់ សមត្ថកិច្ចមូលដ្ឋាន ចុះអន្តរាគមន៍ ផងដែរ ។

តាមអ្នកភូមិ បានឲ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ មុំ សុខមាន ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរ រើសអេតចាយ មានប្រពន្ធ និងកូនប្រុសស្រី ២ នាក់ រស់នៅកន្លែងកើតហេតុ ខាងលើ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ខណៈដែលសមត្ថកិច្ច បន្តស្រាវជ្រាវរកក្រុមខ្មាន់កាំភ្លើង ដើម្បីមកទទួលខុសត្រូវ នៅចំពោះមុខច្បាប់៕ V / N