ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងជំនួបនៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនភីង និងសមភាគីបេឡារូស លោក អាឡេសង់ឌ័រ លូកាសេនកូ បានអំពាវនាវអោយ«មានសន្តិភាពអោយបានឆាប់បំផុតតាមតែអាចធ្វើបាន»សំរាប់អ៊ុយក្រែន។
ជំនួបរបស់លោក ស៊ី និងលោក លូកាសេនកូក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋបេឡារូសBelta។
Beltaបាននិយាយថា មេដឹកនាំនៃប្រទេសទាំងពីបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយសម្តែង«ការព្រួយបារម្ភជាខ្លាំងអំពីដំណើរការវិវត្តន៍សភាពការណ៍នៃជម្លោះប្រដាប់អាវុធនៅតំបន់អឺរ៉ុបនិងមានបំណងខ្លាំងក្នុងការបង្កើតសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនអោយបានឆាប់បំផុតតាមដែលអាចធ្វើបាន»។
វាបានបន្ថែមថា« បេឡារូសនិងចិន ចង់បញ្ចៀសការវិវត្តន៍វិបត្តិនេះកុំអោយវាកាន់តែអាក្រក់ទៅ និងត្រៀមធ្វើការស្តារសន្តិភាពនិងសណ្តាប់ធ្នាប់របស់តំបន់នេះឡើងវិញ»។
សូមបញ្ជាក់ថារដ្ឋាភិបាលទីក្រុងប៉េកាំងកាន់តែបញ្ចេញសម្លេងអំពាវនាវរកសន្តិភាពនៅពេលជម្លោះនៅអ៊ុយក្រែនអូសបន្លាយចូលឆ្នាំទីពីរ និងបានបដិសេធការចោទប្រកាន់របស់អាម៉េរិកដែលថាខ្លួនកំពុងពិចារណាផ្តល់អាវុធដល់រុស្ស៊ី។
កាលពីសប្តាហ៍មុន ចិនបានចេញផែនការសន្តិភាព១២ចំណុច ដោយសុំអោយមានការផ្អាកការប្រយុទ្ធគ្នាពិស្តារមួយនៅអ៊ុយក្រែន ដែលឆ្លុះបញ្ចាំងគោលជំហរតាំងពីមុនរបស់ខ្លួន តែបែរជាជួបការជំទាស់ពីលោកខាងលិចដឹកនាំដោយអាម៉េរិក។
ក្នុងការថ្លែងចាក់ផ្សាយក្នុងទូរទស្សន៍ លោកស៊ីបាននិយាយថា ចិនចង់ពង្រឹងជំនឿចិត្តនិងកិច្ចសហការជាមួយបេឡារូស ខណៈពិភពលោកជួបអស្ថិរភាពនិងភាពវឹកវរនៅក្នុងសភាពការណ៍អន្តរជាតិ។
លោកលូកាសេនកូ បាននិយាយថា ជំនួបនេះកើតឡើងចំ«ពេលស្មុគស្មាញបំផុតខ្លាំង»មួយ និងវាមានភាពចាំបាច់ដើម្បីរារាំង«សភាពការណ៍មិនអាចគ្រប់គ្រងបានមួយអោយធ្លាក់ទៅជាការប្រឈមមុខសកលមួយ ដែលមិនមានអ្នកឈ្នះ»។ក្នុងផែនការសន្តិភាពរបស់ចិន លោកស៊ី «បានប្រកាសជំហរបែបនេះយ៉ាងច្បាស់ និងជាក់លាក់ទៅកាន់សហគមន៍អន្តរជាតិ»។
«ហេតុដូច្នេះហើយបានជាបេឡារូស ដាក់ចេញសំណើសន្តិភាពរបស់ខ្លួននិងគាំទ្រគំនិតផ្តួចផ្តើមដ៏ពិស្តាររបស់ចិនអំពីសន្តិសុខអន្តរជាតិ»។
ជំនួបកំពូលនៃសំរេចបានកិច្ចព្រមព្រៀងជាច្រើន បន្ថែមលើកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិង«គ្រប់អាកាសធាតុ»រវាងប្រទេសទាំងពីរដែលបានសំរេចឡើងកាលពីឆ្នាំមុន។ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បាននិយាយថាភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការជាច្រើនក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សុខាភិបាល ទេសចណ៍ព្រមទាំងកីឡា៕
ប្រធានាធិបតីបេឡារូស លូកាសេនកូ និងសមភាគីចិន ស៊ី ជីនភីង ក្នុងជំនួបនៅក្រងប៉េកាំងកាលពីថ្ងៃពុធទី១មីនា
ប្រធានាធិបតីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយគ្រប់អាកាសធាតុនៅក្នុងយុគសម័យថ្មីក្រោយកិច្ចពិភាក្សានៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ