ដោយៈ យោធិន / ភ្នំពេញៈ ក្រសួងការពារជាតិ បានផ្តល់ថវិកា សម្រាប់ពិធីបុណ្យសពយោធាមួកខៀវកម្ពុជាមួយរូប ដែលបានពលីក្នុងតំបន់បេសកកម្ម នៅសាធារណរដ្ឋម៉ាលី(MINUSMA) ដែលបានបញ្ជូនមកដល់កម្ពុជា នៅវេលារំលងអធ្រាត្រ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្លងចូលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ ដោយមានការប្រារព្ធពិធីទទួលសព តាមប្រពៃណី ព្រះពុទ្ធសាសនា និងបែបពិធីការកងទ័ព ក្រោមវត្តមាន នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សា សន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចបន្តដង្ហែឆ្ពោះទៅ កាន់គេហដ្ឋាននៃសព ដើម្បីតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន ទៅតាមប្រៃពណីសាសនានិងតាមបែបពិធីការកងទ័ព ស្ថិតក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ពិធីបុណ្យសពត្រូវបានប្រព្រឹត្តិទៅ នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ក្រោមកិច្ចជ្រោម ជ្រែងរបស់ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដឹកនាំដោយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួការពារជាតិ ។
នាព្រឹកថ្ងៃទី១ មីនា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ និងផ្តល់កិត្តិយស បំពាក់ឋានន្តរសក្តិថ្នាក់វសេនីយ៍ឯក ជាកិច្ចបច្ឆាមរណៈ ដល់វរសេនីយ៍ទោ ភឿក ជីវ័ន្ត ។
នាយឧត្តមសេនីយ៍ អគ្គនាយក NPMEC ក៏បាន សំដែងនូវសមានចិត្ត ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់នូវស្វាមី ជាទីគោរពស្រឡាញ់ ស្មើជីវិត នាពេលនេះ ។
សូមបញ្ជាក់ថាៈ សពលោកវរសសេនីយ៍ឯក ភឿក ជីវ័ន្ត ជាមេបញ្ជាការរងកងអនុសេនាធំ វិស្វកម្ម ព្រលានយន្តហោះ លេខ៧២៩ កងកម្លាំងរក្សាសន្តិភាព នៃមជ្ឈមណ្ឌលជាតិ ដែលបានពលីជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្ម រក្សាសន្តិភាព ក្រោមឆ័ត្រអង្គការ សហប្រជាជាតិ នៅតំបន់តេសសាលីត វេលាម៉ោង ៥:៥០ នាទី ទៀបភ្លឺ កាលថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅមន្ទីរពេទ្យកំរិ២ TOGO ក្នុងជន្មាយុ ៤២ ឆ្នាំ ។
ជាមួយគ្នានេះដែរ សពវរសេនីយ៍ឯក ភឿក ជីវ័ន្ត ត្រូវបានក្រុមការងាររៀបចំបុណ្យសព ថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី កងយោធពលខេមរភូមិន្ទ និងក្រុមការងារមជ្ឈមណ្ឌលជាតិ សហការជាមួយក្រុមគ្រួសារសព បានរៀបចំតំកល់ ធ្វើបុណ្យទក្ខិណានុប្បទាន ទៅតាមប្រពៃណីព្រះពុទ្ធសាសនា និងបែបផែនពិធីការកងទ័ព នៅគេហដ្ឋាននៃក្រុមគ្រួសារសព ស្ថិតក្នុង ភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១ ខែមីនា ម្សិលមិញនេះ ។
នាថ្ងៃដដែលនេះដែរ ប្រតិភូគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ប្រធានអនុគណៈកម្មាធិការៀបចំបុណ្យសព បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធ ព្រមទាំងបាននាំយកថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង ២៩ លានរៀល មកប្រគល់ជូនក្រុម គ្រួសារសព វរសេនីយ៍ឯក ភឿក ជីវ័ន្ត ដើម្បីរៀបចំពិធីបុណ្យ ទៅតាមប្រពៃណី ព្រះពុទ្ធសាសនា និងតាមបែបផែនពិធីការកងទ័ព ឲ្យបានសមរម្យ។
ឧត្តមសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថាៈ នេះជាថវិកាពិសេសសម្រាប់ឧបត្ថម្ភក្នុង ពិធីបុណ្យសពលោក វរសេនីយ៍ឯក ភឿក ជីវ័ន្ត នាពេលនេះ ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ចំពោះសុខទុក្ខយោធិនគ្រប់រូប ក្នុងកងយោធពលខេមរភូមិន្ទ ព្រមទាំងបងប្អូនគ្រួសារអតីតយុទ្ធជន យុទ្ធនារីទាំងអស់ ទោះស្ថិតក្នុងការគ្រប់គ្រង ឬចូលនិវត្តន៍ហើយក៏ដោយ រាជរដ្ឋានភិបាល តាមបីបាច់ថែរក្សាជានិច្ច ដើម្បីជាការលើកទឹកចិត្ត ដល់ញាតិមិត្តនៃក្រុមគ្រួសារសព។
ក្នុងឱកាសប្រារព្ធពិធី ខាងលើនេះដែរ ក៏មានវត្តមានរបស់គ្រប់គណៈប្រតិភូបណ្តាស្ថាប័ន នានារបស់កងយោធពលខេមរភូមិន្ទ តំណាងអង្គការសហប្រជាជាតិ និងបណ្តាអនុព័ន្ធ យោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សាខាកាកបាតក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន ជាច្រើនរូបទៀត បានអញ្ជើញចូលរួមរំលែកទុក្ខ ជាមួយលោកស្រី និងក្រុមគ្រួសារសព វរសេនីយ៍ឯក ភឿក ជីវ័ន្ត យ៉ាងក្រៀមក្រំ និងសោកស្តាយជាទីបំផុត ចំពោះការបាត់បង់នូវ ស្វាមី ជាឳពុក បងប្អូនជាទីស្រឡាញ់ ព្រមទាំងញាតិមិត្តរួមអាជីពរបស់មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម នាពេល នេះ។
វរសេនីយ៍ឯក ភឿក ជីវ័ន្ត គឺជា នាយទាហានជាន់ខ្ពស មួយរូបដែលបានលះបង់អ្វីៗ ទាំងអស់ ដើម្បីបុព្វហេតុជាតិ និងអន្តរជាតិ រហូតទទួលបាននូវសុខសន្តិភាព និងភាពសុខ សាន្តជូនប្រជាជន និងការអភិវឌ្ឍន៍។ សូមឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខ័ន្ធ វរសេនីយ៍ឯក ភឿក ជីវ័ន្ត បានចាប់កំណើតក្នុងឋានសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ផងដែរថាៈ គិតមកដល់ឆ្នាំ២០២៣ នេះ កងទ័ពមួកខៀវកម្ពុជា បានពលី និងស្លាប់ ចំនួន ១១ រូប ក្នុងអំឡុងពេលបំពេញបេសកកម្ម ក្រោមឆត្រអង្គការសហប្រជា ជាតិ នៅតាមតំបន់គោលដៅផ្សេងៗ។
ដោយឡែក ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងទ័ពមួកខៀវចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពជាង ៨ ពាន់នាក់ នៅប្រទេសចំនួន ៩ រួមមានៈ ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន ៕ V / N