ដោយ: បូកគោ / កំពត: ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ មានក្តីសុខដុម ឬរងផលអាក្រក់ ជះត្រឡប់មកពីបាតុភូតធម្មជាតិ អាស្រ័យដោយទង្វើរបស់មនុស្ស ជាអ្នកប្រព្រឹត្តផ្ទាល់។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំ ក្នុងពិធីបញ្ជ្រាបច្បាប់ ស្តីពីកិច្ចការពារបរិស្ថាន និង ការគ្រប់គ្រងធនធានធម្មជាតិ ជូនដល់មន្ត្រី និងសិស្សានុសិស្ស ប្រមាណជិត ៤០០ នាក់ នៅសាលប្រជុំសាលាស្រុកឈូក នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ខាងលើ លោក ស៊ុំ រុំ រដ្ឋលេខាធិការ ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថាៈ បរិស្ថាន ជាស្ពាន ដ៏សំខាន់ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ របស់មនុស្ស សត្វ រុក្ខជាតិ លើភពផែនដី។ ក្តីសុខសាន្ត ឬផលអាក្រក់ ផ្តើមចេញពីបាតុភូតធម្មជាតិ អាស្រ័យដោយទង្វើនៃកិច្ចថែរក្សា ការពារ ឬសកម្មភាពបំផ្លិចបំផ្លាញបរិយាកាស នៅជុំវិញខ្លួនផ្ទាល់ របស់មនុស្សគ្រប់រូប។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថាៈ តាមរយ:វគ្គបណ្តុះបណ្តាល ស្តីពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នាពេលនេះ នឹងជួយដល់សិក្ខាកាមទាំងអស់ បានយល់ដឹងនូវ ការលើកកម្ពស់គុណភាព វិធីទប់ស្កាត់ យុទ្ធសាស្ត្រកាត់បន្ថយ និងកិច្ចត្រួតពិនិត្យ ការបំពុលបរិស្ថានជាដើម។ វគ្គផ្សព្វផ្សាយនេះ ជាផ្នែកមួយជួយលើក ទឹកចិត្ត ព្រមទាំងផ្តល់លទ្ធភាព ជូនសាធារណជន បានចូលរួមក្នុងកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិទាំងឡាយ។
បញ្ជាក់បន្ថែម ក្នុងសុន្ទរកថាបិទវគ្គបណ្តុះបណ្តាលនេះ លោក សេន សាប៊ីល អភិបាលរង ខេត្តកំពត បានមានប្រសាសន៍ថាៈ ធនធានធម្មជាតិជាទ្រព្យដ៏សំខាន់ ក្នុងការផ្តល់ជា ចំណូល សម្រាប់កិច្ចអភិវឌ្ឃន៍សង្គុម និងសេដ្ឋកិច្ចជាតិ។ ធនធានធម្មជាតិ ជាផ្នែកមួយនៃ បរិស្ថាន ដែលមានតម្លៃ សម្រាប់ជីវិតមនុស្ស សត្វនៅលើភពផែនដី។
លោកអភិបាលរងខេត្ត បានបន្តថាៈ ការបំផ្លាញបរិស្ថាន នឹងធ្វើឱ្យជីវិតមនុស្ស សត្វ រុក្ខជាតិ រងក្តីវិនាសអន្តរាយ នាពេលអនាគត ដោយមិនអាចជៀសផុតឡើយ។ នាពេលបច្ចុប្បន្ន ព្រោះតែមហិច្ឆតា លោភលន់របស់ខ្លួន ជនខិលខូច ក៏ដូចជាប្រទេស មួយចំនួន បានបំពុលបរិស្ថាន ធ្វើឱ្យអ្នកនៅតំបន់ជុំវិញ រងគ្រោះពេលបាតុភូតធម្មជាតិ ជះផលត្រឡប់មកវិញ។ ម្ល៉ោះហើយ ក្រោយទទូលបានការបញ្ជ្រាបនូបច្បាប់នេះ សូមសិក្ខាកាមទាំងអស់ នាំយកចំណេះដឹងទាំងប៉ុន្មាន ទៅបន្តផ្សព្វផ្សាយជូនបងប្អូន ពូមីង និងអ្នកជិតខាង ដើម្បីសហគមន៍ពោរពេញ ដោយបរិស្ថានស្រស់បំព្រង៕ V / N