ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Cambodian League Cup 2023 ចុងសប្ដាហ៍នេះ គឺជាសប្ដាហ៍ទី៤ ហើយ ដែលមានចំនួន ៦ ប្រកួត ដោយពូល A មាន ៣ ប្រកួត និងពូល B ក៏មាន ៣ ប្រកួតដូចគ្នា។
សម្រាប់ថ្ងៃសៅរ៍ទី៤ មីនា គឺជាការប្រកួត សម្រាប់ពូល B ដោយក្រុមសូលទីឡូអង្គរ ជួបជាមួយក្រុមនគរបាលជាតិ ក្រុមព្រះខ័ន រាជស្វាយរៀង ជួបជាមួយណាហ្គា និង ក្រុមភ្នំពេញក្រោន ជួបជាមួយក្រុមអង្គរថាយហ្គឺរ។
សម្រាប់ពូល B ជំនួប ដែលគួរឲ្យទាក់ចិត្តនោះ គឺការជួបគ្នា រវាងក្រុមព្រះខ័នរាជស្វាយរៀង ជាមួយក្រុមណាហ្គា។ កាលពីសប្ដាហ៍ទី៣ ក្រុមទាំង ២ នេះ សុទ្ធតែបំបាក់គូប្រកួត របស់ខ្លួន យ៉ាងចាស់ដៃ ដោយក្រុមក្រុមព្រះខ័នរាជ ស្វាយរៀង លុតក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ៥ទល់០។ រីឯក្រុមណាហ្គាវិញ ក៏បានផុតក្រុមភ្ញៀវសូលទីឡូអង្គរ លើទឹកដីរបស់ខ្លួន ៦ទល់០។ ជំនួបក្នុងសប្ដាហ៍ទី៤ របស់ក្រុមខ្លាំងទាំង២ មិនដឹងថា ព្រះខ័នរាជ ស្វាយរៀង ឬណាហ្គា ជាអ្នករកបាន ៣ ពិន្ទុនោះឡើយ។
សម្រាប់ពូល A ដែលប្រកួត នៅថ្ងៃទី៥ មីនាវិញនោះ ក្រុមខេត្តព្រៃវែង ជួបជាមួយក្រុម អគ្គិសនីកម្ពុជា ក្រុមបឹងកេត ជួបជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខា ជួបជាមួយក្រុមគីរីវង់ សុខសែនជ័យ។ ជំនួបដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ពូល A ក្រុមបឹងកេត ដែលបើកទ្វារផ្ទះទទួលក្រុមកងយោធពលខេមរភូមិន្ទ ដែលសុទ្ធតែជា ក្រុមខ្លាំងដូចគ្នា៕ V / N