ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកបានអនុម័តការលក់សព្វាវុធថ្មីតំលៃ៦១៩លានដុល្លារដល់កោះតៃវ៉ាន់ រួមមានកាំជ្រួចបំពាក់កងយន្តហោះF-16នៅពេលអាជ្ញាធរក្រុងតៃប៉ិបានរាយការណ៍អំពីវត្តមានយន្តហោះយោធាចិនក៏ច្រើនក្នុងដែនអាកាសក្បែរកោះនេះដល់ថ្ងៃទីពីរកាលពីថ្ងៃព្រហស្បតិ៍។
ក្រសួងយោធាតៃវ៉ាន់បាននិយាយនៅថ្ងៃ២មីនានេះថាយន្តហោះយោធាចិនជាច្រើនបានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនដល់ថ្ងៃទីពីរ គឺនៅ២៤ម៉ោងកន្លងមកខ្លួនបានរាប់ឃើញយន្តហោះចិនចំនួន២១គ្រឿង។វារួមមានយន្តហោះ J-10ចំនួន១៧គ្រឿងនិង J-16ចំនួនបួនគ្រឿងបានហោះចូលជ្រុងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់។
ការលក់អាវុធរបស់សហរដ្ឋអាម៉េរិកលើកនេះនឹងរឹតតែធ្វើអោយទំនាក់ទំនងចិននិងអាម៉េរិកកាន់តែតានតឹងឡើង ដោយចិនតែងតែអំពាវនាវអោយអាម៉េរិកបញ្ឈប់អំពើដូច្នេះ និងចាត់ទុកវាជាការគាំទ្រកងកម្លាំងនិយមឯករាជ្យនៅកោះតៃវ៉ាន់ដែលជាទឹកដីរបស់ខ្លួន តែអាម៉េរិកនិយាយថា ច្បាប់របស់ខ្លួនអនុញ្ញាតអោយខ្លួនផ្តល់មធ្យោបាយសំរាប់តៃវ៉ាន់ការពារខ្លួន។
ក្រសួងការពារជាតិអាម៉េរិកបាននិយាយកាលពីថ្ងៃពុធថាក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់អាវុធនិងគ្រឿងបរិក្ខារដែលរួមមានកាំជ្រួចចម្ងាយមធ្យមបាញ់ពីអាកាសទៅអាកាសសំរាប់ប្រឆាំងយន្តហោះ(AMRAAM)ចំនួន២០០ដើម។
សូមបញ្ជាក់ថា តៃវ៉ាន់បានត្អូញត្អែរអស់បីឆ្នាំមកហើយអំពីវត្តមានយន្តហោះនិងនាវាចម្បាំងចិននៅក្បែរៗខ្លួនក្នុងយុទ្ធនាការរបស់យោធាចិនដើម្បីបំភ័យកោះសេរីនិយមនេះ ជាពិសេសក្រោយអាម៉េរិកលក់អាវុធម្តងៗអោយឬក្រោយដំណើរទស្សនកិច្ចរបស់ប្រតិភូប្រទេសណាមួយមកគាំទ្រលើកទឹកចិត្តកម្លាំងទាមទារឯករាជ្យនៅកោះនេះ។
ចិនតែងអះអាងថា សកម្មភាពយោធាខ្លួននៅក្នុងតំបន់នេះមានភាពត្រឹមត្រូនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួន ដោយសារតែតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួននិងបានព្រមានកុំអោយអាម៉េរិកសមគំនិតជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិ៕
ក្រសួងយោធាតៃវ៉ាន់បាននិយាយថា យន្តហោះចិន J-10ចំនួន១៧គ្រឿងនិង J-16ចំនួនបួនគ្រឿងបានហោះចូលជ្រុងនិរតីនៃតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួន