ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មន្ត្រី​ក្រសួង​ការពារជាតិ​អាម៉េរិក​កំពូល​មួយរូប​បាន​ព្រមាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៨​កុម្ភៈ​ថា​អ៊ីរ៉ង់​អាច​ផលិត​វត្ថុធាតុដើម​គ្រប់គ្រាន់​សម្រាប់​គ្រាប់បែកនុយក្លេអ៊ែ​រ​​មួយ​គ្រាប់​ក្នុង​រយៈពេល​ប្រហែល ១២ ថ្ងៃ ដែល​ជា​ថយចុះ​យ៉ាង​ខ្លាំង​ពី​ការប៉ាន់ប្រមាណ​រយៈពេល​មួយ​ឆ្នាំ​ដែល​ប្រទេស​នេះ​អាច​ផលិត​បាន​មួយ​គ្រាប់ ខណៈ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥​ចូល​​ជា​ធរមាន​។​

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទទួលបន្ទុក​គោលនយោបាយ​លោក ខូលីន កាល់ (Colin Kahl) បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​ទៅកាន់​សវនាការ​របស់​សភាតំណាងរាស្ត្រ​នៅ​ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​រដ្ឋបាល​​របស់​ប្រធានាធិបតី​អាម៉េរិក ចូ បៃ​ដិន ព្យាយាម​ស្តារឡើងវិញ​នូវ​កិច្ចព្រមព្រៀង​ផែនការ​សកម្មភាព​គ្រប់​ជ្រុងជ្រោយ​រួម (JCPOA) ។​

“​ពីព្រោះ​ការរីកចម្រើន​ខាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ចាប់​តាំងពី​យើង​ចាកចេញ​ពី JCPOA គឺ​គួរឱ្យ​កត់សម្គាល់​។ ត្រឡប់​ទៅ​ឆ្នាំ ២០១៨ នៅពេល​រដ្ឋបាល​មុន​បាន​សម្រេចចិត្ត​ចាកចេញ​ពី JCPOA អ៊ីរ៉ង់​​នឹង​ចំណាយ​ពេល​ប្រហែល ១២ ខែ​ដើម្បី​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​មួយ​គ្រាប់​ពី​វត្ថុធាតុដើ​មហ្វី​ស​ស៊ីល (Fissile)”​។​

​សារធាតុ Fissile គឺជា​វត្ថុធាតុដើម​មួយ​មាន​សមត្ថភាព​ទ្រទ្រង់​ប្រតិកម្ម​ខ្សែសង្វាក់​នុយក្លេអ៊ែរ ដូច​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូម​មួយចំនួនដែរ​។ ​លោក​កាល់​ជា​មន្ត្រីជាន់ខ្ពស់​ទី​បី​នៅក្នុង​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​ប្រាប់​សមាជិកសភា​ថា “​ឥឡូវនេះ​អ៊ីរ៉ង់​នឹង​ចំណាយ​ពេល​ប្រហែល ១២ ថ្ងៃ​គឺ​គ្រាប់​គ្រាន់​ដើម្បី​ផលិត​គ្រាប់​”​។​

​លោក​បាន​បន្ថែមថា “​ដូច្នេះហើយ ខ្ញុំ​គិតថា​នៅតែ​មាន​ទស្សនៈ​ថា ប្រសិនបើ​អ្នក​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាមរយៈ​ការទូត​និង​ដាក់ចេញ​ឧបសគ្គ​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួកគេ​វិញ វា​នឹង​ប្រសើរ​ជាង​ជម្រើស​ផ្សេងទៀត​។ ប៉ុន្តែ​ឥឡូវនេះ JCPOA កំពុង​បង្កក​ចោល​”៕

​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទទួលបន្ទុក​គោលនយោបាយ​លោក ខូលីន កាល់