ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អ៊ុយក្រែនត្រូវគេសង្ស័យថាបានវាយប្រហារមូលដ្ឋានទ័ពអាកាសរុស្ស៊ីដ៏សំខាន់មួយក្នុងទីប្រជុំជនយេយសក៍ (Yeysk) បន្ទាប់ពីមានការផ្ទុះដ៏ធំនៅកន្លែងនោះ នៅក្នុងការវាយប្រហារមួយទៀតចូលជ្រៅហួសខ្សែត្រៀមជួរមុខរបស់រដ្ឋាភិបាលក្រុងមូស្គូ។
ប៉ុស្តិ៍សង្គ្រាមរុស្ស៊ី Rybarបានសារភាពនៅលើ Telegram ថាមានការវាយលុកពិតមែន ដោយអះអាងថាវាជាដ្រូន Tu-141 Strizh រយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន។
ប្រភពអ៊ុយក្រែនក៏បានអះអាងពីការវាយប្រហារនៅអាកាសយានដ្ឋានយោធាក្នុងតំបន់ក្រាស្នូវដា (Krasnodar) ផងដែរ ហើយរូបភាពមួយបានបង្ហាញពីការផ្ទុះ។ គណនីមួយបាននិយាយថា “អ្នកស្រុកសន្មតថាវាអាចជាមីស៊ីលបាញ់មកលើអាកាសយានដ្ឋាន”។
ក្រុមមន្ត្រីរុស្ស៊ីបានបដិសេធថានេះមិនមែនជាការវាយប្រហារទេ ប៉ុន្តែអ្នកស្រុករាយការណ៍អំពីការផ្ទុះខ្លាំងៗចំនួនពីរ។
បន្ទាប់មកផ្សែងខ្មៅត្រូវបានគេឃើញហុយចេញពីអាកាសយានដ្ឋានដែលជាមូលដ្ឋានសម្រាប់យន្តហោះចម្បាំងដែលប្រើប្រឆាំងនឹងអ៊ុយក្រែនក្នុងសង្គ្រាមរបស់លោក វ្ល៉ាឌីមៀ ពូទីន៕
មូលដ្ឋានទ័ពអាកាសរុស្ស៊ីក្នុងទីប្រជុំជនយេយសក៍រងការវាយប្រហារ