ដោយៈ សុផល / ភ្នំពេញ៖ ក្រុមហ៊ុនធំរបស់កូរ៉េ BooYong Group បានចាប់អារម្មណ៍ ក្នុងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងដឹកជញ្ជូន នៅកម្ពុជា។
លោកបណ្ឌិត LEE JOONG KEUN ស្ថាបនិកក្រុមហ៊ុន BooYong Group បានបង្ហាញគោលបំណងវិនិយោគទុននេះ ក្នុងពេលលោកបានជួបពិភាក្សា ការងារជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
សូមជម្រាបថា ដោយមើលឃើញពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ លើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជាជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹក ជញ្ជូន ដែលកំពុងតែមានការរីកចម្រើន ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ជាហេតុនាំឱ្យ វិស័យឯកជនជាច្រើន បានងាកមកចូលរួមវិនិយោគជាមួយ រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនពីសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន និងគម្រោងធំៗផ្សេងទៀត ដែលជាទិសដៅអាទិភាពក្នុងការលើកកម្ពស់វិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន រួមមាន ផ្លូវល្បឿនលឿនភ្នំពេញ–ក្រុងព្រះសីហនុ គម្រោងសិក្សាផ្លូវរថភ្លើងល្បឿនលឿនភាគខាងជើង ភ្នំពេញ–ប៉ោយប៉ែត គម្រោងសាង់សង់ផ្លូវល្បឿនលឿន ភ្នំពេញ–បាវិត និងគម្រោងសិក្សា ប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដែលសុទ្ធសឹងតែជាគម្រោងធំ សំខាន់ៗរបស់ក្រសួង ដែលបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងកំពុងស្ថិត ក្នុងការស្វែងរកដៃគូវិនិយោគ ៕/V-PC