ដោយៈ សុផល / ភ្នំពេញ កំណាត់ផ្លូវជាតិលេខ៧ ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀលខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជាឡាវ) ប្រវែងសរុប ៩៦,៦៣ គីឡូម៉ែត្រ កំពុងត្រូវបានលើកគម្រោង ដើម្បីស្តារឡើងវិញ។

កាលពីចុងខែកុម្ភៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ លើគម្រោងស្តារ និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៧ (រមាតត្រពាំងគ្រៀល) ជាមួយលោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំកម្ពុជា និងក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd

ក្រុមហ៊ុន បានធ្វើបទបង្ហាញជូនលោក ទេសរដ្ឋមន្ត្រី លើការសិក្សាពីបច្ចុប្បន្នភាព នៃផ្លូវជាតិលេខ៧ និងនីតិវិធីសំខាន់ៗ ក្នុងការស្តារនិងលើកកម្រិតកំណាត់ផ្លូវជាតិ មួយខ្សែនេះ ចាប់ពីភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ រហូតដល់ត្រពាំងគ្រៀល ខេត្តស្ទឹងត្រែង (ព្រំប្រទល់កម្ពុជាឡាវ) ប្រវែងសរុប ៩៦,៦៣ គីឡូម៉ែត្រ។

តាមរយៈការពិនិត្យលើបទបង្ហាញ អង្គប្រជុំ ក៏បានផ្លាស់ប្តូរមតិ និងលើកជាមតិយោបល់ ឱ្យក្រុមហ៊ុនទទួលបន្ទុកពិនិត្យសិក្សា លើការប្រើប្រាស់បច្ចេកទេសផ្លូវថ្នល់ និងការរៀបចំ កំណត់ទទឹងផ្លូវ ឱ្យបានសមរម្យ សម្រាប់ស្ថានភាពភូមិសាស្ត្រផ្លូវជាតិលេខ៧ នេះផងដែរ ដើម្បីរៀបចំនីតិវិធីបន្ត សម្រាប់ឈានដលការអនុវត្តគម្រោងនៅពេលខាងមុខ។ គម្រោងនេះ ជាគម្រោងស្ថិតក្រោមជំនួយឥតសំណង ពីសាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបន្ទុកការសិក្សា ដោយក្រុមហ៊ុន China Railway First Survey & Design Institute Group Co.,Ltd/V-PC