ដោយៈ​សុផល​/​កំពត​៖​ក្រុមការងារ​នៃ​អង្គភាព​អនុវត្ត​គម្រោង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​ដោយ លោក ប៉ាល់ ទិ​ត្យ​វិ​រៈ តំណាង​លោក ប៉ាល់ ចន្ទ​តារា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គ្រប់គ្រង​សម្របសម្រួល​គម្រោង (PMU) និង​ថ្នាក់ដឹកនាំ (PIU) បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​បច្ចេកទេស​សាងសង់ និង​វឌ្ឍនភាព​ការងារ​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ពី​ទី​រួម​ខេត្តកំពត ដល់​ច្រក​លក ដោយមាន​ការចូលរួម​ពី អង្គភាព​ពាក់ព័ន្ធ និង​ក្រុមការងារ​បច្ចេកទេសរ​បស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ផងដែរ​។​

​ការចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​នាពេលនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​លើ​ការងារ​បច្ចេកទេស ដើម្បី​ធានា​ឱ្យបាន​ថា​ការសាងសង់ ត្រូវបាន​អនុវត្ត​ទៅតាម​លក្ខណៈ​បទដ្ឋាន​បច្ចេកទេស ប្រកបដោយ​គុណភាព និង​អាច​វាយតម្លៃ​លើ​វឌ្ឍនភាព​ការងារ​របស់​គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ នេះ​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះដែរ លោក​ប៉ាល់ ទិ​ត្យ​វិ​រៈ បាន​ណែនាំ​ដល់​ក្រុមហ៊ុន CRBC ត្រូវ​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់បំផុត​ក្នុងការ​អនុវត្ត​ការងារ​ឱ្យបាន​ត្រឹម​ត្រូ​តាម​លក្ខណៈ​បច្ចេកទេស ជៀសវាង​ការធ្វើ​ខុស​ហើយ​ត្រូវធ្វើ​ឡើងវិញ​ដដែលៗ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន​ត្រូវ​គិតគូរ​ឱ្យបាន​ហ្មត់ចត់​ពី​សុវត្ថិភាព​នៅតាម​ការដ្ឋាន ដោយ​ដាក់​ផ្លាកសញ្ញា​ផ្តល់ដំណឹង ផ្លាកសញ្ញា​បញ្ជៀ​ស​ចរាចរណ៍ និង​ការ​ស្រោច​ទឹក​កាត់បន្ថយ​ដី​ហុយ​ជាដើម ជៀសវាង​ការរំខាន​បងប្អូន​ប្រជាពលរដ្ឋ​។​

​គួរ​រម្លឹក​ផងដែរ​ថា​៖ គម្រោង​ពង្រីក និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣៣ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ គម្រោង​នេះ​មាន​ប្រវែង​ប្រមាណ ៥២,៥៧ គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ខេត្តកំពត (​បំបែក​ពី​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​គ​.​ម​១៤៨+១០០) ទៅកាន់​ច្រក​លក (​ព្រំដែន​កម្ពុជា​-​វៀតណាម​) ឆ្លងកាត់​ភូមិសាស្ត្រ ស្រុក​ទឹកឈូ និង​ស្រុក​កំពង់ត្រាច នៃ​ខេត្តកំពត ហើយ​ឆ្លងកាត់​ភូមិសាស្ត្រ ក្រុងកែប និង​ស្រុក​ដំណាក់​ចង្អើរ នៃ​ខេត្ត​កែប គ្រប់គ្រង​ដោយ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមជាមួយ​នឹង​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ និង​ពន្ធអាករ​ផ្សេងៗ​៕​.mara