ដោយៈ ភ្នំសន្ទុក / កំពង់ធំ ៖ លោក អ៊ុន បុត្ត អភិបាល រងខេត្តកំពង់ធំ បានថ្លែង ក្នុងពិធីបើកសន្និបាត បូកសរុបវាយតម្លៃលទ្ធផល ការងារអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ និងទិសដៅការងារ ឆ្នាំសិក្សា ២០២២-២០២៣ នៅថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៣ថាៈ អាជ្ញាធរដែនដី អង្គការដៃគូ និងសហគមន៍ ជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន ក្នុងវិស័យអប់រំ។
លោកសូមកោតសរសើរដោយស្មោះចំពោះមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ បុគ្គលិកអប់រំ ទូទាំងខេត្ត ដែលបាន ខិតខំអនុវត្តន៍ នូវទិសដៅផែនការ សកម្មភាព វិស័យអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២១-២០២២ ព្រមទាំងបានចូលរួមពុះពារនូវគ្រប់ឧបសគ្គទាំង ឡាយ នៃការអនុវត្ត គោលនយោបាយអប់រំ និងកំណែទម្រង់វិស័យអប់រំ ជាអាទិភាពទាំង ១៥ ចំណុច ក្នុងឆ្នាំសិក្សាកន្លងមក ទទួលបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈ និង វាយតម្លៃខ្ពស់ ចំពោះអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ អង្គការ ដៃគូអភិវឌ្ឍ សប្បុរសជន នានា ព្រមទាំង មាតា បិតាសិស្ស ដែលបានចូលរួមយ៉ាងសកម្ម ជាមួយនឹងវិស័យអប់រំ ដោយចូលរួម ឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារនិងថវិកា ធ្វើឱ្យគ្រប់គ្រឹះស្ថានសិក្សា សាធារណៈទូទាំងខេត្ត មានដំណើរ ការល្អ និងមានការអភិវឌ្ឍ រីកចម្រើនជាលំដាប់។ ការចូលរួមរបស់អាជ្ញាធរ ពិតជាមានសារៈសំខាន់ និងជាកត្តាដែលពុំអាចខ្វះបាន សម្រាប់ ការអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តទាំងមូល ស្របតាមគោលនយោបាយជាតិ ” ការអប់រំ សម្រាប់ទាំងអស់គ្នា ទាំងអស់គ្នា សម្រាប់ការអប់រំ ” ។
លោកបានបន្ថែមថាៈ លោកគ្រូអ្នកគ្រូ ត្រូវតែតាមដាន ចំពោះសិស្សមួយចំនួន ដែលយក ម៉ោងសិក្សា ទៅដើរលេងខាងក្រៅ និងរាយការណ៍ ទៅអាណាព្យាបាល ម្យ៉ាងវិញទៀត សិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខផ្សេងៗទៀត ដែលនាំឲ្យខូចអនាគត ជាពិសេសសត្រូវធ្វើអំពើល្អ ឲ្យបានច្រើន ស្តាប់ការណែនាំលោកគ្រូ អ្នកគ្រូ ខិតខំប្រែងសិក្សារៀសូត្រ ដើម្បីក្លាយខ្លួន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ទៅថ្ងៃអានគត។
លោក អ៊ុន បុត្ត បានអំពាវនាវដល់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរ និងការជំរុញការកសាងធនធានមនុស្ស ពីកម្រិតមូលដ្ឋានឡើងទៅ ដើម្បីឈានឆ្ពោះទៅ ទទួលបាននូវ ធនធានមនុស្ស សម្រាប់សង្គមជាតិ ដែលពួកគាត់អាចមានលទ្ធភាព នៅក្នុងការបន្តការសិក្សា ពង្រឹងសមត្ថភាព អាចចូលទៅធ្វើការ ក្នុងវិស័យឯកជន ឬការងាររដ្ឋាភិបាល ជាដើម ដើម្បីនាំមកនូវការអភិវឌ្ឍន៍ និងការរីកចម្រើន ដល់គ្រួសារ និងសង្គមជាតិ ។
លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានបញ្ជាក់ថាៈ គិតត្រឹមឆ្នាំសិក្សា ២០២២-២០២៣ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅ ទាំងសាធារណៈ និងឯកជន មានចំនួន ១.០៧៣ ក្នុងនោះ មត្តេយ្យសិក្សា សហគមន៍ មានចំនួន ១៩៦ កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ៨០៥ និងគ្រឹះស្ថានសិក្សាឯកជន មានចំនួន ៧២ កន្លែង។ សិស្សសរុបមានចំនួន ១៧២.៣៦២ នាក់ សិស្សស្រី ៨៧.៨៤១ នាក់ ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៥.១០៣ នាក់ ស្រី ២,៦២៥ នាក់ សិស្សគ្រឹះស្ថានសិក្សាចំណេះទូទៅ សាធារណៈ ១៦១.៨៨១ នាក់ ស្រី ៨២.១៦៦ នាក់ និងគ្រឹះស្ថានសិក្សាឯកជន ចំនួន ៥.៣៧៨ នាក់ ស្រី ៣.០៥០ នាក់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនសរុបចំនួន ៥.៤៤៥ នាក់ ស្រី ៣.០២៥ នាក់ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ២៦ នាក់ ស្រី ១៦ នាក់ និទ្ទេស B មានចំនួន ២៧៤ នាក់ ស្រី ១៦២ នាក់ និទ្ទេស C មានចំនួន ៨០៣ នាក់ ស្រី ៤៩៣ នាក់ និទ្ទេស D មានចំនួន ១.៤៩៤ នាក់ ស្រី ៩០១ នាក់ និទ្ទេស E មានចំនួន ១.៥៣៩ នាក់ ស្រី ៨៤៧ នាក់ សរុបមានចំនួន ៤.១៣៦ នាក់ ស្មើនឹង ៧៥,៩៦% ស្រី ២.៤១៩ នាក់ ស្មើនឹង ៧៩,៩៧%៕/V.mara